រឿងក្មេងទំនើងគួរចាត់វិធានការទាំងផ្លូវច្បាប់ ផ្លូវអារម្មណ៍ និងការលើកទឹកចិត្ត
ក្មេងទំនើងដើរកាប់ដើរគប់ដើរវៃដើរហិង្សានៅកម្ពុជាកើនឡើងកាន់តែច្រើនហើយក៏កាន់តែ សាហាវហើយត្រូវគេបង្ហោះពេញបណ្តាញសង្គម ដូច្នេះរឿងវិធានការច្បាប់គឺចាំបាច់ត្រូវតែ ពង្រឹងនិងលើកកំពស់ការរិតបន្តឹង។
យើងខ្ញុំគាំទ្រចំណាត់ការក្តៅដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែសូមដោះដោយការទទួលខុសត្រូវមិនមែនដោះហើយអាចក្លាយជារបររកស៊ី ឬរកប្រាក់នាឱកាសនោះឡើយ។ ប្រសិនបើ អនុវត្តច្បាប់ហើយ តែច្បាប់ធូររលុង មានការស៊ីសំណូក នោះពួកគេនឹងកាន់តែបានដៃ កាន់តែផ្គើននិងកាន់តែអាង។
ដើម្បីប្រឆាំងនឹងក្រុមក្មេងទំនើងនេះអោយមានប្រសិទ្ធភាព សូមពង្រឹងយន្តការច្បាប់ហើយស្រាវជ្រាវឲ្យបានច្បាស់លាស់ ហើយអនុវត្តឲ្យដោយតឹងរ៉ឹងគ្មានការលើកលែងប្រសិនបើពួកគេធ្វើខុស។ ច្បាប់គឺត្រូវតែអនុវត្តដោយម៉ឺងម៉ាត់ ប៉ុន្តែគួរតែសិក្សារកឫសគល់នៃបញ្ហា ដើម្បីឲ្យដឹងច្បាស់ថា តើហេតុអ្វីពួកគេយកជម្រើសផ្លូវជីវិតជាក្មេងទំនើងនេះ ។
ពង្រឹងច្បាប់ហើយក៏ត្រូវតែ ធ្វើការរុករកប្រភពដើមនៃបញ្ហាដើម្បីឲ្យដឹងច្បាស់ថា អាអារម្មណ៍និងឥរិយាបទក្មេងទំនើងនេះវាបណ្តាលមកពីមូលហេតុអ្វី។ ក្មេងទំនើងទាំងនេះ ខ្លះពួកគេដឹង ថា ឥរិយាបទបែបនេះសង្គមមិនអោយតម្លៃជាក្រុមមិនល្អ ប៉ុន្តែពួកគេនៅតែធ្វើដោយសារតែចង់ផ្គើនអាណាព្យបាល ឬក៏ឪពុកម្តាយរបស់ពួកគេ ។ ពួកគេអាចមកពីខ្វះភាពកក់ក្តៅក៏បែក ចិត្តគំនិតប្រពឹត្តសកម្មភាពដែលហិង្សាដើម្បីតែបញ្ឈឺឪពុកម្តាយ ឬអាណាព្យាបាលរបស់គេ។
នៅក្នុងករណីដែលយើងប្រើតែច្បាប់តែម្យ៉ាងនៅពេលដែលពួកគេរួចផុតពីការទទួលខុសត្រូវដោយច្បាប់ហើយនោះ ពួកគេនៅតែមានសិទ្ធិសេរីភាពហើយអាចប្រពឹត្តអំពើលាមកនោះជាថ្មីបន្តទៀត។
ប៉ុន្តែប្រសិនបើយើងមានការលើកទឹកចិត្ត ជំរុញការអត់ធ្មត់ ហើយអាណាព្យាបាលកុំបោះបង់ពួកគេ ហើយព្យាយាមតម្រែតម្រង់ ហើយនឹងស្រុះស្រួលគ្នាត្រូវតែព្យាយាមសម្រុះសម្រួល ហើយលួបលោមឲ្យកែខ្លួន ឫកុំប្រឡូកជាថ្មី ពួកគេអាចនឹងស្ងប់ចិត្ត។ សូមផ្តល់ការលើកទឹកចិត្តនិងភាពកក់ក្តៅជាពិសេសគឺកម្លាំងចិត្ត ដល់ពួកគេ។
សរុបមកវិញរឿងក្មេងទំនើងនេះច្បាប់ត្រូវតែរិតបន្តឹង ប៉ុន្តែក៏កុំបោះបង់ពួកគេហើយបំភ្លេចពួក គេគឺត្រូវតែលើកទឹកចិត្តនិងបង្ហាញពីការគាំទ្រ រាប់អានពួកគេដូច្នេះពូកគេនឹងលែងមានអារម្មណ៍ខ្វះភាពកក់ក្តៅ ហើយនឹងលះបង់ជីវិតដែលគ្មានគោលដៅនេះចេញ៕