ម៉េចហើយផែនការរំដោះចិញ្ចើមផ្លូវរបស់សាលារាជធានីភ្នំពេញ?
ផែនការរំដោះចិញ្ចើមផ្លូវនៅតាមមហាវិថីមួយចំនួននៅរាជធានីភ្នំពេញដែលបានប្រកាសកាលពីប៉ុន្មានឆ្នាំមុន មកដល់ពេលនេះហាក់ដូចជាស្ងប់ស្ងាត់ ក្រោយពេលដែលបានធ្វើមួយប្រាវៗ ហើយបានឃើញលទ្ធផលខ្លះៗមកនោះ។
ក្រោយចំណាត់ការរបស់អាជ្ញាធរឃើញថា ស្ថានភាពនេះហាក់ដំណើរការទៅមុខ ប៉ុន្តែនៅពេលនេះហាក់ដូចជាស្ងប់ស្ងាត់ឡើងវិញ ដូច្នេះហើយបានជាទិដ្ឋាភាពសណ្តាប់ធ្នាប់នៅតាមចិ ញ្ចើមផ្លូវហាក់កំពុងតែវិលមករកសកម្មភាពនិងរូបភាពដូចជាពីមុនឡើងវិញ ។
បណ្តាចិញ្ចើមផ្លូវនៅតាមមហាវិថីសំខាន់ដែលជាគោលដៅ នៅពេលនេះបានក្លាយជាកន្លែងចតយានយន្ត កន្លែងចំណតម៉ូតូ កន្លែងធ្វើអាជីវកម្ម និង កន្លែងរកចំណូលផ្សេងៗ ខណៈដែលអ្នកដែលដើរគឺនៅតែបន្តគ្មានផ្លូវដើរស្របតាមសិទ្ធិ និងច្បាប់ចរាចរណ៍។
ដោយសារតែស្ថានភាពមិនអំណោយផងបែបនេះ ទើបបានជាអ្នកដែលត្រូវដើរនៅលើចិញ្ចើមផ្លុវនៅពេលនេះនៅតែបន្តដើរនិងប្រើប្រាស់សាច់ទ្រូងផ្លូវ ដែលគេកសាងឡើងសម្រាប់តែយានជំនិះនោះ ទាំងប្រថុយប្រថាន នឹងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។
ទិដ្ឋភាពអវិជ្ជមានទាំងនេះ កំពុងតែវិលមករករូបភាពដើមបណ្តើរៗឡើងវិញហើយប្រសិនបើនៅតែបន្តទៀតនោះ មិនយូរទេ ស្ថានភាពដើមនឹងវិលមកវិញយ៉ាងឆាប់រហ័ស ទោះបីជាផ្លូវមួយចំនួន ដូចជានៅតាមបណ្តោយមហាវិថីនរោត្តម ដែលនៅតាមចិញ្ចើមអាជ្ញាធរបានរៀបចំអោយមានតាំងពីកន្លែងដើរដែលមានស្នាមសម្រាប់អ្នកពិការភ្នែកដើរបានដែរនោះ ក៏ត្រូវបានគេរំលោភឡើងវិញបណ្តើរៗអស់ហើយ។
សូមលើកកំពស់ និងបន្តយកចិត្តទុកដាក់លើការផែនការដែលបានដាក់ចុះ ពោលគឺបើផែនការនេះមិនទៅមុខទេ សូមអោយបន្តរក្សាសមិទ្ធផលដែលការងារនេះអាចធ្វើបានកន្លងមក ។ នៅក្នុងករណីយើងនៅតែបន្តបន្ថយដៃ មិនត្រឹមតែផែនការនេះមិនទៅមុខទេ គឺវាក៏នឹងអាចដើរថយក្រោយថែមទៀត។
សូមជ្រាបថា ចិញ្ចឹមផ្លូវមិនមែនជាកន្លែងកម្មសិទ្ធិផ្តាច់មុខរបស់នរណាម្នាក់ឡើយ ចិញ្ចឹមផ្លូវជារបស់សាធារណៈ ហើយគ្រប់គ្នាសុទ្ធតែមានសិទ្ធិប្រើប្រាស់បានដូចៗគ្នាអាស្រ័យនៅលើច្បាប់កំណត់ ដូច្នេះសូមលើកកំពស់ការចូលរួមការពារនិងថែមរក្សាចិញ្ចឹមផ្លូវតាមការកំណត់ និងព្រមព្រៀងកន្លងមក ដើម្បីធ្វើយ៉ាងណា ពលរដ្ឋនៅតែអាចរស់បាននឹងការអាស្រ័យផលនឹងចិញ្ចឹមផ្លូវនេះ ហើយអ្នកដំណើរក៏មានចំណែកដើម្បីនឹងប្រើប្រាស់តាមសិទ្ធិដែលពួកគេគួរតែទទួលអំពីបញ្ហានេះ៕