បើបំណុលកើន សង្គមចម្រើនឡើងជារឿងល្អ កុំឱ្យតែបំណុលកើន សង្គមជាតិមិនកម្រើក

បំណុលសាធារណៈរបស់កម្ពុជានៅត្រីមាសទី២នៃឆ្នាំ២០២៤​កើនឡើងដល់ចំនួន ១១,២៧ពាន់លានដុល្លារ ហើយបើធៀបនឹងរយៈពេល៣ខែត្រីមាសទី១ ឃើញថាមានការកើនឡើងប្រមាណជា ១,៦២ភាគរយ ប៉ុន្តែទោះបីជាយ៉ាងណាក៏យើងបានឃើញសមិទ្ធផលថ្មីៗជាច្រើនដែរ ។​

យោងតាមរបាយការណ៍របស់ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មីៗនេះ បានបង្ហាញថាបំណុលទាំងនេះ ៩៩ ភាគរយ​ជាបំណុលជំពាក់បរទេស ហើយបំណុលនៅក្នុងស្រុកគឺមានតែ​១ភាគរយ​ប៉ុណ្ណោះ ដោយនៅក្នុងនោះ ចិនគឺមានប្រមាណជា ៣៦ភាគរយ ធនាគារអភិវឌ្ឈន៍អាស៊ីប្រមាណជា ២២ភាគរយ កូរ៉េខាងត្បូង មាន ១២ភាគរយ ជប៉ុន ១១ភាគរយ ក្រៅពីនេះមាន​បារាំង ធនាគារពិភពលោក និង ស្ថាប័នពហុភាគីមួយចំនួន ។

តាមឯកសារនោះ ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកម្ចីសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍ចំនួន ៣១៣លានដុល្លារ ស្មើនឹង ១៤ ភាគរយនៃពិដានដែលអនុញ្ញាតដោយច្បាប់ ដោយគោលបំណងនៃប្រាក់កម្ចីទាំងនេះគឺដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងវិនិយោគសាធារណៈនៅក្នុងវិស័យអាទិភាពដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរយៈពេលវែង និងផលិតភាពសេដ្ឋកិច្ចរបស់ប្រទេស។

មកដល់ពេលនេះនៅក្នុងចំណោមបំណុលដែលយើងទាំងអស់គ្នាជំពាក់គេនោះ ត្រូវបានឯកសារខាងលើបញ្ជាក់ថា គឺដើម្បីអភិវឌ្ឈន៍វិស័យដឹកជញ្ជូន ធារាសាស្រ្ត ថាមពល ផ្គត់ផ្គង់ទឹកស្អាត សុខាភិបាល កសិកម្ម អប់រំ​ជាដើម​។​

តាមគោលដៅនៃការខ្ចីបំណុលបរទេសនេះ យើងឃើញថា បើទោះបីជាស្តង់ដានៃការធ្វើផ្លូវមួយចំនួននៅមានបញ្ហាក៏ពិតមែន ប៉ុន្តែលើវិស័យដឹកជញ្ជូននេះ យើងឃើញមានគម្រោងថ្មី ជាបន្តបន្ទាប់ ដែលបានធ្វើឲ្យវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាមានកាន់តែច្រើននិងខ្វាត់ខ្វែង​ពេញផ្ទៃប្រទេស ។​ សម្រាប់ធារាសាស្រ្តក៏មានច្រើនដែរ ហើយថ្មីនេះ គឺរាជរដ្ឋាភិបាលបានប្រកាសកញ្ចប់ថវិកាប្រមាណអភិវឌ្ឈន៍គម្រោងបង្ការនិងការពារទឹកជំនន់ពន្លិចរាជធានីភ្នំពេញ ។ នៅលើវិស័យថាមពលនិងការផ្គត់ផ្គង់ទឹកស្អាតក៏ជារឿងមួយ  ដែលយើងបានឃើញសមិទ្ធផលថ្មីៗ ដោយវិសាលភាពនៃប្រជាពលរដ្ឋបានទទួលផលគឺកាន់តែមានច្រើន ជាងពីមុន ។

ដោយឡែកវិស័យសុខាភិបាលក៏កាន់តែប្រសើរ ដោយនៅពេលនេះកម្ពុជាមានមន្ទីពេទ្យទំនើបៗនិងស្តង់ដា កាន់តែច្រើនកាន់តែប្រសើរ ហើយអាយុកាលជាមធ្យមរបស់ពលរដ្ឋទៅទៅក៏ខ្ពស់ ពោលគឺចូលដល់ខ្ទង់៧០ ឆ្នាំហើយ ស្របពេលដែលវិស័យកសិកម្មកាន់តែមានអំណោយផល ហើយទីផ្សារក៏ទូលំទូលាយ ស្របពេលដែលការផ្គត់ផ្គង់នៅក្នុងស្រុកកាន់តែមានស្ថេរភាព ។

សរុបមកវិញប្រសិនបើរដ្ឋាភិបាលខ្ចីលុយគេយកមកធ្វើដូចជាសព្វថ្ងៃឫកាន់តែប្រសើរជាងសព្វថ្ងៃ​ប្រហែលជាមិនអីទេ ប៉ុន្តែប្រសិនបើយកមកចាយអត់សកម្មភាពអត់សមិទ្ធផលចាយខុសខ្ទង់​គម្រោងរយីករយាក វាគឺជាបញ្ហាមួយផ្សេងទៀត ។ ទៅថ្ងៃមុខដើម្បីឲ្យកម្ចីសាធារណៈដែលយើងទាំងអស់គ្នាបានរួមចំណែកដោយមិនដឹងខ្លួននេះ​កាន់តែមានប្រសិទ្ធភាពសង្ឃឹមថា គម្រោងនានានិងកាន់តែមានតម្លាភាព  និង បើកជំហរទាំងអស់គ្នា​ នោះសង្កមយើងនឹងរីកចម្រើនទៅមុខទៀត ប៉ុន្តែក៏មិនមែនចេះតែខ្ចីគេដោយគ្មានមូល ដ្ឋានដែរ។​

 

Daily Program

Livesteam thumbnail