បើចង់បានសុខភាពល្អកុំទិញឱសថតាមបណ្តាញសង្គម
បណ្តាញសង្គមនៅពេលនេះកំពុងតែក្លាយជាទីផ្សារដ៏សំបូរបែបរហើយនៅពេលនេះសូម្បីតែ ឱសថក៏មានអ្នកដែលផ្សព្វផ្សាយ និងធ្វើការផ្សាយបន្តបន្ទាល់ផងដែរ ទោះបីជាពួកគេមិនមែន ជាវេជ្ជបណ្ឌិតក៏ដោយចុះ។
សាធារណៈជនជាទីគោរព ឱសថមិនមែនជាផលិតផលដែលយើងចេះតែមើលគេផ្សព្វផ្សាយ ហើយបញ្ជាទិញយកមកលាប រហូតដល់លេប និងចាក់ដោយខ្លួនឯងបាននោះទេ។ ការដែល លោកអ្នកបន្តធ្វើបែបនេះគឺវាគ្រោះថ្នាក់ខ្លាំងណាស់ចំពោះខ្លួន។
ឱសថមួយប្រភេទៗមិនមែនជាផលិតផលដែលអាចទិញទៅប្រើប្រាស់ដូចជាខោអាវ របស់ប្រើប្រាស់ផ្សេងៗនោះឡើយ ហើយវាក៏មិនមែនជាអាហារដែរ។ ឱសថនីមួយៗគឺសុទ្ធតែឆ្លងកាត់ មន្ទីរពិសោធន៍ និងប្រតិកម្មគីមីជាច្រើនដំណាក់កាល។
ឱសថវាគឺជាផលិតផលសម្រាប់យើងប្រើប្រាស់លេប លាប ចាក់ ដើម្បីព្យាបាលជំងឺប៉ុន្តែមុនពេលលេប លាប ឬចាក់គឺទាល់តែចេញពីវេជ្ជបណ្ឌិតជំនាញ ឬឯកទេស ទើបអាចយកទៅប្រើប្រាស់បានមានសុវត្ថិភាព។
ឱសថប្រភេទខ្លះអ្នកខ្លះអាចប្រើប្រាស់បាន អ្នកខ្លះមិនអាចប្រើប្រាស់បានទេ ហើយការប្រើប្រាស់គឺវាក៏អាចមានប្រតិកម្មនៅក្នុងខ្លួនយើងផងដែរ។ ដូច្នេះកុំឃើញគេផ្សព្វផ្សាយ ចេះតែទៅទិញមកប្រើប្រាស់។
ឧទាហរណ៍ត្រឹមតែអាការៈឈឺចង្កេះតែមួយ គឺវាមានមូលហេតុច្រើនយ៉ាង ដោយរាប់តាំងពីឫសដួងបាត គៀបសរសៃ ស្រុតឆ្អឹង គ្រិចចង្កេះ និង បុព្វហេតុផ្សេងៗ ប៉ុន្តែស្រាប់តែយើងឮសូរគេផ្សព្វផ្សាយពីថ្នាំ ព្យាបាលចង្កេះ មួយប្រភេទស្រាប់តែយើងយកមកប្រើប្រាស់ ប្រសិនបើ អាការត្រូវគ្នាមិនអីនោះទេ ប៉ុន្តែប្រសិនបើមិនមែន វាអាចបណ្តាលឲ្យយើងចេញនិងឈឺជំងឺ ផ្សេងបន្ថែមទៀត។
ជាទូទៅការប្រើប្រាស់ថ្នាំគឺត្រូវឆ្លងកាត់ការពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិតជំនាញ ដែលបានមកពីការធ្វើរោគវិនិយច្ឆ័យតាមការពិនិត្យតាំងពីឈាម ទឹកនោម លាមក និង រហូតដល់អាចថត និងឆ្លុះមើលសរីរាង្គក្នុងខ្លួនថែមទៀត ទើបអាចសម្រេចបាន។
សាធារណៈជនសូមលើកកំពស់ការប្រុងប្រយ័ត្ន រោគសញ្ញាសំដែងចេញមកនៃអាការៈដែល យើងឈឺគឺអាចដូចគ្នា ប៉ុន្តែមូលហេតុបង្កអាចផ្សេងគ្នា ប៉ុន្តែប្រសិនបើយើងទិញថ្នាំដែលគេចេះ តែផ្សាយនោះ គឺពិតជាគ្រោះថ្នាក់ណាស់ ដោយសារតែពពួកថ្នាំទាំងនេះវាគឺជាអាវុធមុខពីរ ដែលអាចព្យាបាលយើងផង និង សម្លាប់យើងផង ដូច្នេះគួរតែបញ្ឈប់សកម្មភាពទាំងអស់នេះ៕