បើគេអស់ចិត្តពីយើងហើយកាត់ចិត្តរកអ្នកថ្មី!
ជីវិតគឺមិនទៀងមានទុក្ខ មានទោស មានសប្បាយរីករាយ មានកើតទុក្ខ មានជួប មានបែកជាដើម មានផ្អែមល្ហែមមាន គ្រោធគ្រាធ ជាដើម ប៉ុន្តែជាទូទៅផលនៃជីវិតនោះគឺមួយភាគធំ បានមកពីអំពើ និងសកម្មភាពរបស់យើង។
នៅក្នុងជីវិតនៅពេលដែលយើងជួបបញ្ហា គឺត្រូវតែប្រឈមដោះស្រាយដោយសតិ ដោយមនសិកា ការអត់អោន និងករុណា។ នៅក្នុងពេលដែលយើងសប្បាយរីករាយ និងកក់ក្តៅនៅក្នុងចិត្ត គឺត្រូវតែថែរក្សាវាឲ្យបានយូរ ហើយនៅពេលដែលជួបបញ្ហាគឺត្រូវតែរួមគ្នាដោះស្រាយ ប្រសិនបើមិនប្រញាប់ដោះស្រាយ ឬដោះវាមិនចេះ កុំបង្ខំចិត្តបន្ត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលជួបទុក្ខលំបាក និងជីវិតនៅក្នុងស្ថានភាពគ្រោធគ្រាធគឺសូមកុំដោះស្រាយដោយកំហឹង ឬដោយហិង្សា។
ជីវិតជាគូ ពិតជាមិនងាយស្រួលឡើយ ហើយសុខនឹងទុក្ខគឺនៅជាមួយនឹងគ្នា ដូច្នេះហើយបានជាមុនពេលដែលត្រូវចាប់ដៃគ្នាជាគូគឺត្រូវតែសិក្សា និងស្វែងយល់ពីចិត្តគំនិត ស្ថានភាពគ្រួសារ ចារឹកលក្ខណៈ ទម្លាប់នៅក្នុងការរស់នៅ ។
ការចាប់យកជីវិតជាគូ គឺមិនអាចដូច១០០ភាគរយនឹងការចង់បានរបស់យើងឡើយ។ មនុស្ស មិនមែនមនុស្សយន្តដែលកំណត់ដោយកម្មវិធីនោះឡើយ។ មនុស្សមានចិត្ត មានសតិ មានទម្លាប់ មានផ្នត់គំនិត និង ចារឹកលក្ខណៈ ដូច្នេះតម្រូវការនៃភាពជាគូគឺមិនអាចរកបានឲ្យដូចប៉ងដល់ ១០០ភាគរយបានឡើយ គឺបានត្រឹមតែ៦០ទៅ ៧០ ភាគរយគឺច្រើនបំផុតហើយ។ ក្រៅពីនោះពី៣០ទៅ៤០ភាគរយនៅសល់គឺត្រូវសម្របសម្រួល អត់អោន អធ្យាស្រ័យ យោគយល់ និងករុណាចំពោះគ្នា។
ប្រសិនបើយើងគោរពទៅតាមវិធីសាស្រ្តនេះបានជីវិតជាគូររវាងបុរសនិងនារី គឺពិតជានៅជាមួយនឹងគ្នាដល់អវសាន្តនៃជីវិតរៀងៗខ្លួន ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការអត់ធ្មត់ និង ការយោគយល់ក៏វាមានព្រំដែនកំណត់ដែរ នៅក្នុងករណីដែលយើងពិបាកដោះស្រាយខ្លាំងពេកទ្រាំមិនបាន បែកក៏បែកចុះ ប៉ុន្តែសុំចិត្តម្យ៉ាងគឺកុំបន្តជេរប្រទិញគ្នា កុំគុំគួនគ្នា កុំតាមលងរំខានគ្នា។
នៅពេលដែលណាដែលគេអស់ចិត្តពីយើងទោះបីជាយើងនៅមានការស្រលាញ់ សូមកុំអោយការស្រលាញ់នោះវាជ្រុល ហូសកំណត់ ហើយបណ្តោយឲ្យចិត្តប្រែប្រួលទៅជាចងគំនុំ ប្រច័ណ្ឌផ្តេសផ្តាស។ នៅពេលនេះមានបុគ្គលមួយចំនួន ដោយសារតែកាត់ចិត្តមិនបាន ដូច្នេះហើយនៅលើបណ្តាញសង្គមគឺឃើញមានជាហូរហែរ ហើយបញ្ហាក៏មានជាបន្តបន្ទាប់ ។
សរុបមកវិញប្រសិនបើចង់ថែរក្សាចំណងជីវិតជាគូឲ្យគង់វង្សគឺត្រូវអត់អោន យោគយល់ អធ្យាស្រ័យ ប៉ុន្តែប្រសិនបើវាដាច់ហើយនោះ កាត់ចិត្តទៅ ហើយគួរតែរៀនរស់នៅជីវិតជាជនដែលពឹងលើខ្លួនឯង ដោយឯករាជ្យ។ កុំបារម្ភជីវិតរបស់យើងទោះជាមានទុក្ខលំបាកប៉ុណ្ណាក៏មិនអាចមធ្យោបាយដើម្បីបន្តជីវិតដែរ គឺត្រូវតស៊ូអត់ធ្នត់រស់នៅក្នុងក្តីសង្ឃឹម៕