នំខ្មែរគួរតែយកមកស្វាគមន៍ និងជូនភ្ញៀវទេសចរបរទេសឱ្យបានស្គាល់
ព្រឹត្តិការណ៍នៃការស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណជា ២ ០០០ នាក់ដែលបានមកដល់កម្ពុជាជាថ្មីនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ អាជ្ញាធរកម្ពុជាបានយកនំប្រពៃណីខ្មែរមួយចំនួនយកមកស្វាគមន៍ពួកគេ។
នំខ្មែរដែលបានលេចមុខស្វាគមន៍ភ្ញៀវទេសចរបរទេសតាមនាវា វេស្ទើតាម ដែលមានប្រមាណជា ៥០ សញ្ជាតិនៅពេលនេះ មានដូចជា នំគម នំបត់ និងនំក្រូច ដូច្នេះសង្ឃឹមថា ពួកគេនឹងស្គាល់នំរបស់ខ្មែរ ហើយនៅក្នុងព្រឹត្តិការណ៍ស្វាគមន៍បរទេសក្រុមផ្សេងៗទៀត អ្នកដែលពាក់ព័ន្ធគួរតែយកនំដែលជារបស់ខ្មែរស្វាគមន៍ពួកគេបន្តទៀត។
នំដែលជារបស់ខ្មែរ គឺមានច្រើនប្រភេទណាស់ ហើយរស់ជាតិក៏ប្លែកច្រើនបែបច្រើនយ៉ាងដែរ ដូច្នេះយើងទាំងអស់គ្នាគួរតែលើកកំពស់ ហើយការដែលយើងធ្វើបែបនេះ វាមិនមែនត្រឹមតែ អោយបរទេសបានភ្លក់នូវរសជាតិនំរបស់ខ្មែរយើងទេ នេះក៏ជាឱកាសដែលអាចអោយភ្ញៀវទេសចរបរទេសស្គាល់នូវទំនៀមទម្លាប់ប្រពៃណីខ្មែរផងដែរ ។
ក្រៅពីនំចំណីស្វាគមន៍ហើយ អាហារខ្មែរផ្សេងទៀតក៏គួរតែរៀបចំនិងលើកស្វាគមន៍ភ្ញៀវទេសចរ ដូចដែលកន្លងមក រាជរដ្ឋាភិបាលបានណែនាំបរទេសអោយស្គាល់សម្លរកកូខ្មែរ អាម៉ុកខ្មែរ ជាពិសេសគឺនំបញ្ចុកខ្មែរនៅព្រឹត្តិការណ៍នៅក្នុងស្រុកនិងបរទេសមួយចំនូន ។
ការដែលភ្ញៀវទេសចរមកលេងស្រុកយើង ហើយយើងសម្រិតសម្រាំងនិងចេះរៀបចំអាហារដែលមានគុណភាព រសជាតិ និងអនាម័យ ព្រមទាំងសោភ័ណ្ឌភាពស្វាគមន៍ពួកគេ នេះ អាចនឹងចំណាយអស់តិចផង ប៉ុន្តែតម្លៃដែលបានមកវិញគឺខ្ពស់ ។
ការចំណាយរបស់យើងអាចអោយភ្ញៀវទេសចរបរទេសដឹង ស្គាល់ យល់ និងភ្លក់នូវអ្វីដែលជារស់ជាតិខ្មែរក្រៅពីធ្វើទីផ្សារអោយអាហាររបស់យើងហើយនោះ ក៏ជាការលើកកំពស់និងជំរុញអោយពលរដ្ឋយើងមានទឹកចិត្ត ហើយក៏ជាការគាំទ្រនិងលើកទឹកចិត្តពលរដ្ឋយើងអោយបន្តចំអិននំដែលជាវប្បធម៌នៃការហូបចុកដែលខ្មែរយើងបន្សល់ទុកមករាប់សម័យកាល ។
ខ្មែរយើងមិនមែនមានតែប្រាសាទអង្គរ ភាសា ប្រវត្តិសាស្រ្ត ដើម្បីបង្អួតនិងទាក់ទាញភ្ញៀវទេសចរបរទេសតែមួយមុខទេ តែខ្មែរយើងក៏មានអាហារដែលមានឱជារស ថែមមួយមុខទៀតសម្រាប់រួមផ្សំទាក់ទាញភ្ញៀវទេសចរបរទេស។ សូមបន្តលើកកំពស់និងអោយតម្លៃលើនំចំណីខ្មែរបន្តថែមទៀត៕