តើលោកអ្នកទៅដើរលេង ឬទៅបំពុលបរិយាកាសនៅតាមរមណីដ្ឋាន?
កន្លែងស្អាត បរិយាកាសល្អ ខ្យល់អាកាសបរិសុទ្ធ គឺជាកន្លែងដែលគ្រប់គ្នាប្រាថ្នាចង់បានចង់ឃើញចង់ស្គាល់ចង់ទៅដល់របស់យើងទាំងអស់គ្នាគ្រប់ៗរូប ប៉ុន្តែនៅពេលដែលទៅដល់គ្រប់គ្នាហាក់ ភ្លេចខ្លួនហើយនាំគ្នាសឹងតែបំផ្លាញគ្រប់យ៉ាង។
មិនថាសោភ័ណភាព បរិយាកាស និងខ្យល់អាកាសទេ កំពុងតែបំផ្លាញបន្តិចម្តងៗដោយយើងទាំងអស់គ្នាដោយមិនដឹងខ្លួនដោយសារតែទង្វើនិងសកម្មភាពអាត្មានិយមខ្លះ ដោយអគតិខ្លះ ហើយពេលខ្លះគឺដោយសារតែយើងធ្វេសប្រហែសបន្តិចបន្តូច ឬក៏មិនយកចិត្តទុកដាក់។
មិនថារមណីដ្ឋានណាទេ គឺដូចតែគ្នាទាំងអស់នៅពេលដែលមានការផ្សព្វផ្សាយច្រើន មនុស្សស្គាល់ច្រើន ហើយទៅលេងច្រើនកន្លែងនោះគឺដឹងតែរងគ្រោះគ្រាន់តែយូរនឹងឆាប់ប៉ុណ្ណោះ ដូច្នេះយើងទាំងអស់គ្នាគួរតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នទាំងអស់គ្នា។
សោភ័ណ្ឌភាព និងខ្យល់អាកាសក៏ដូចជាបរិយាកាសនៅតាមរមណីដ្ឋានានាត្រូវបានបំផ្លាញដោយកាកសំណល នានា ដែលយើងទាំងអស់គ្នាយកទៅហូបចុក ផឹកស៊ី ឬក៏ទទួលទាន ដោយគ្មានការទទួលខុសត្រូវ ។ ការហូបចុកឫទទួលទានទាំងនេះ នៅពេលដែលយើងមិនយកចិត្តប្រមូលទុកដាក់ត្រឹមត្រូវ គឺបណ្តាលឲ្យប៉ះទង្គិចមុនគេគឺសោភ័ណ្ឌភាពនេះតែម្តង បន្ទាប់មកក្លិន ដូច្នេះនៅពេលដែលរមណីដ្ឋានទីនោះមានបញ្ហាបែបនេះ រឿងសោភ័ណ្ឌភាព និងគុណភាពខ្យល់អាកាសគឺនឹងធ្លាក់ចុះដោយឯកឯងតែម្តង។
បញ្ហាមួយទៀត គឺបរិយាកាសក៏កំពុងតែបំពុលផងដែរ ជាពិសេសគឺបំពុលដោយឧបករណ៍បំពងសម្លេងដែលនៅពេលនេះវាកាន់តែមានតម្លៃថោក។ នៅពេលនេះមិនថាទីណាដូចជាទីណាទេ អោយតែទៅដើរលេង មិនមែនទៅដើរលេងដោយស្ងប់ស្ងាត់ទេ គឺកំពុងតែនាំគ្នាទៅដើរលេង ដើម្បីទៅប្រឡងប្រណាំងបំពុលបរិយាកាសដោយឧបករណ៍បំពងសម្លេង។
បញ្ហានេះក៏កំពុងតែកើតមានឡើងសឹងតែគ្រប់កន្លែងមិនថារមណីដ្ឋាននៅតាមឆ្នេ នៅតាមព្រៃភ្នំក្រមថ្មអ្វីនោះទេ គឺទីណាមានមនុស្សសឹងតែលែងស្ងប់ស្ងាត់ហើយ។ មិនថានៅផ្ទះ នៅរមណីដ្ឋានទេ។
សរុបមកវិញនៅពេលដែលទៅដើរលេងទីណាក៏ដោយសូមរិះគិតដល់ការបំពុលគ្រប់យ៉ាង ហើយព្យាយាមកាត់បន្ថយការបំពុលនេះឲ្យបានអាអតិប្បរមា ដើម្បូជាប្រយោជន៍របស់យើងទាំងអស់គ្នា។ យើងទៅដើរលេងត្រូវការកន្លែងស្អាត កន្លែងស្ងប់ស្តាត់ កន្លែងមានទេសភាព ល្អ ប្រសិនបើយើងទៅដើរលេងយកសំរាមទៅចោលនៅទីនោះ យកសម្លេងទៅបំពងនៅទីនោះ ដើរយើងទៅធ្វើអ្វី ?