តើយើងរស់ជាមួយចំណីអាហារពុលដល់ពេលណា?

បញ្ហានិងការរកឃើញសារធាតុដែលពុលនៅក្នុងចំណីអាហារនៅស្រុកយើងត្រូវបានគេកំណត់រកឃើញពីមួយទៅមួយជាបន្តបន្ទាប់ ដូច្នេះមិនដឹងថា​ តើពេលនេះបានពលរដ្ឋកម្ពុជាលែងរស់នៅក្នុងភាពភ័យខ្លាចនៃបញ្ហានេះឡើយ ។

ពីមុនៗមកជំនាញបានរកឃើញសារធាតុបំពុលនៅលើគ្រឿងសមុទ្រ ក្រោយមកបន្លែ ហើយក៏មាននៅលើសាច់ គ្រឿងបន្លាក់ គុយទាវ​ ក្រោយមកទៀតនៅលើខ្ញី ប៉ុន្តែថ្មីៗនេះជំនាញគឺបានរកឃើញនៅលើពពុះសណ្តែកថែមទៀត ។​

ហ៊ឺតើនៅពេលណាទើបសង្គមកម្ពុជាយើងអាចរំដោះខ្លួនចេញពីការភ័យខ្លាចនៃការបំពុលចំណីអាហារទាំងនេះអស់ទៅ ?

តាមសេចក្តីរាយការណ៍របស់ជំនាញ​កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤ មន្រ្តីសាខា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្រ្កាបការក្លែងបន្លំ ខេត្តត្បូងឃ្មុំ កំពង់ស្ពឺ ព្រះសីហនុ និងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលទំនិញនៅតាមបណ្តាផ្ទះលក់ទំនិញ និងទីផ្សារនានា ដោយបានធ្វើតេស្តបឋមលើទំនិញហូបចុក និងត្រួតពិនិត្យយ៉ាងហ្មត់ច៉ត់លើទំនិញចម្រុះគ្រប់ប្រភេទ។

ជាលទ្ធផល តាមរយៈការធ្វើតេស្តបឋម មន្ត្រីជំនាញបានរកឃើញ ពពុះសណ្តែក ផ្ទុកសារធាតុគីមីបូរ៉ាក់ (Borax) ចំនួន ៩គីឡូក្រាម ទំនិញចម្រុះរួមមាន គ្រាប់ពូជចំរុះ ឡេ យិនសិន ហួសអាយុកាលប្រើប្រាស់និងពុំអនុលោមតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ចំនួន ៣២,៤៥គីឡូក្រាម និង ទំនិញរំលោភបំពានសិទ្ធិផ្តាច់មុខចំនួន ២០៨,២២គីឡូគ្រាម។ ទំនិញដែលពុំមានមិនអនុលោមភាព ត្រូវបានមន្ត្រីយើងដកហូត យកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីបន្តនីតិវិធី។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្រ្តីមិនបានលំអិតថា ពពុះសណ្តែក ដែលផ្ទុកសារធាតុគីមីបូរ៉ាក់នេះគឺរកឃើញនៅខេត្តណានោះទេ ប៉ុន្តែគេដឹងថា ម្សៅនេះជាសារធាតុគីមីដែលគ្រោះថ្នាក់ចំពោះសុខភាព ហើយក៏អាចសម្លាប់មនុស្សបានដែរប្រសិនបើដាក់នៅក្នុងកម្រិតហូសបរិមាណដែលរាងកាយទ្រទ្រង់បាន ។

បូរ៉ាក់នេះ ត្រូវបានគេហៅម្យ៉ាងទៀតថា ជាទឹកបន្សារ ដែលមាន​សណ្ឋាន​ជាក្រាម​​ម្សៅ​សៗ ហើយគេប្រើប្រាស់វាធ្វើជាថ្នាំសំលាប់សត្វល្អិត​ គ្រឿង​សំអាង ហើយក៏ត្រូវបានគេធ្លាប់ប្រើនៅក្នុង ​ផលិតកម្មចំណីអាហារ ដើម្បី​ជា​ជំនួយ​អាហារ​ឱ្យមាន​សភាព​​ស្វិត និង​រឹង​ល្អ ដូច​ជា​ប្រើ​ក្នុង​ល្បាយសាច់​បាត់តេ ប្រហិត ឬ​ល្បាយ​ម្សៅ​ គុយទាវ មី ហើយ​ លើសពីនេះទៅទៀត​ បូរ៉ាក់ក៏ជួយឲ្យជាតិម្សៅឡើងស្រួយល្អពេលគេយកនំ​និងចំណីទៅបំពង​ ក្នុងនោះមាន សាច់មាន់​ បង្គារ​ ឆៃយ៉​ ជាដើម ក្រៅពីនេះ វាក៏ជាសារធាតុដែលអាច ប្រឆាំងនឹងពពួកបាក់តេរី​ និងពពួកផ្សិត ដែលអាចអោយអាហាររក្សាទុកបានយូ តែវាគ្រោះថ្នាក់ប្រសិនបើប្រាស់ខុសបច្ចេកទេស ។

ការ​ប្រើ​បរ៉ាក់ ហួសកំរិត​នឹង​បង្ក​​ឱ្យ​មាន​បញ្ហា​ តំរងនោម​ ឈឺក្បាល រលាក​ប្រព័ន្ធ​រំលាយ​អាហារ ក្រពះ​ ពោះវៀន​ ថ្លើម​ ​រមាស់​ស្បែក និងអាចដល់អាយុជីវិតក៏មាន។  អង្គការ​សុខភាព​ពិភពបានកំណត់ស្តង់ដារនៃការប្រើប្រាស់សារធាតុនេះ ក្នុង​កំរិត​ ០,១៦​មីល្លីក្រាម​ក្នុង​មួយ​គីឡូក្រាម​នៃ​ម៉ាសមាឌ​មនុស្ស​។ ​មនុស្ស​ធំ​ពេញ​វ័យ​ អាច​នឹង​ស្លាប់​បាន ប្រសិន​បើ​ទទួល​ទាន​អាហារដែលមានសារធាតុបូរ៉ាក់​ចូល​ក្នុង​ខ្លួន​​ក្នុង​កំរិត​៧​ទៅ​៣៥​ក្រាម ប៉ុន្តែកុមារគឺគ្រោះថ្នាក់ភ្លាមប្រសិនបើពួកគេទទួលទានអាហារដែលមានសារធាតនេះត្រឹម​តែ​៥ក្រាម ដោយពូកគេ អាច​បង្ក​ឱ្យ​ជួយ​គ្រោះ​ក្អួត​ធ្លាក់​ឈាម និង​ស្លាប់​បាន​។

សរុបសេចក្តីទៅ សូមលើកកំពស់និងនាំគ្នាចូលរួមលុបបំបាត់ករណីនេះ ហើយបើចង់ឲ្យជាក់ស្តែងជនល្មើសគឺគួរតែត្រូវផ្តន្ទាទោសដោយច្បាប់ ខណៈដែលមកដល់ពេលនេះដូចជានៅមិនទាន់ឃើញករណីផ្តន្ទាទោសណាមួយកើតឡើងនៅឡើយទេទាក់ទងនឹងបញ្ហានេះ ។​

 

Daily Program

Livesteam thumbnail