ឆ្នាំចាស់ឆ្លងផុត ! គឺផុតតែឆ្នាំទេ កុំភ្លេចការងារ និងការទទួលខុសត្រូវ
ឆ្នាំចាស់២០២៣កន្លងផុតទៅហើយគឺកន្លងផុតតែពេលវេលាទេ ប៉ុន្តែកុំភ្លេចថាការងារ និងភារកិច្ចនៅក្នុងឆ្នាំថ្មី២០២៤ប្រហែលជាត្រូវបន្តដដែល ដូច្នេះត្រូវយកចិត្តទុកដាក់ការងារនិងលើកកំពស់ស្មារតីទទួលខុសត្រូវដើម្បីឲ្យចាស់តែការងារ តែមានលទ្ធផលនិងទិន្នផលការងារកាន់តែប្រសើរ។
ជាទូទៅយើងទាំងអស់គ្នាដែលជាបុគ្គលិកក្រុមហ៊ុន អង្គការ និង មន្រ្តីរាជការក៏ដូចជា កម្មកររោងចក្រ កងកម្លាំងប្រដាប់អាវុធទាំងអស់ពីមួយឆ្នាំទៅមួយឆ្នាំកម្រមានអ្នកដែលផ្លាស់ប្តូរភារកិច្ច និងការទទួលខុសត្រូវណាស់។ ម្នាក់ៗបានរីករាយតែថ្ងៃចូលឆ្នាំទេ រីឯការងារគឺភាគច្រើន គឺដដែល ភាគច្រើន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវតែរីករាយនិងមោទនភាព នឹងបទពិសោធការងារដែលយើងមាន ហើយបន្តរិះគិត ក៏ដូចជាវិភាជន៍រកមធ្យោបាយនិងនីតិវិធី ថ្មីខ្លះដោយឈរនៅលើមូលដ្ឋាន និងបទពិសោធដែលមានស្រាប់ដើម្បីយើងអាចនឹងលើកកំពស់ទិន្នផលការងាររបស់យើងឲ្យកាន់តែប្រសើរ។
កុំភ្លេចថាពេលវេលាពិតជាដើរលឿនណាស់ ១ឆ្នាំមាន ៣៦៥ថ្ងៃ មែន ប៉ុន្តែធ្មេចបើកៗគឺនឹងដល់ ដូចនេះពីមួយថ្ងៃទៅមួយថ្ងៃ យើងក៏មានវ័យកាន់តែចាស់ផងដែរ នៅក្នុងករណីយើងផ្តេកផ្តួលខ្លួនតាមពេលវេលា ហើយមិនស្វះស្វែងក៏ដូចជាពង្រឹងការងារនិងបទពិសោធថ្មីទេ ប្រហែលជាទិន្នផលការងាររបស់យើងក៏នឹងធ្លាក់ចុះទៅតាមពេលវេលាផងដែរ។
កាលណាយើងនៅវ័យក្មេងយើងមានកម្លាំងយើងអាចប្រឹងយកម៉ាឈ្នះដៃ បាន ប៉ុន្តែនៅពេលដែលយើង កាន់តែចាស់ កម្លាំងក៏កាន់តែទ្រុធទ្រោម ដូច្នេះថាមពលការងារក៏កាន់តែថយ ប្រសិនបើយើង នៅតែប្រឹងប្រែងធ្វើការងារដោយមិនមានការកែច្នៃទេនោះ គឺដាច់ខាតនឹងថមថយ តែផ្ទុយទៅវិញប្រសិនបើយើងចេះច្នៃប្រឌិត កែខៃលៃលកស្ថានភាពឫក៏នីតិវិធី ឬបច្ចេកទេសថ្មីៗនោះ ទោះបីជាកម្លាំងថមថយ ប៉ុន្តែគុណភាពនិងទិន្នផលការងារអាចនៅតែបន្តរឹងមាំ ដូច្នេះយើងនឹងនៅតែមានតួនាទីសំខាន់នៅក្នុងសង្វាក់ការងារ។
ជាធម្មតាទេ កន្លែងណាក៏ដូចជាកន្លែងណាដែរ ក្មេងច្រើនធ្វើការអាងកម្លាំង តែចាស់ធ្វើការអាងបទពិសោធ ដូច្នេះហើយបានជាចាស់ និងក្មេងគឺត្រូវតែធ្វើការជាមួយគ្នា នៅក្នុងគោលដៅ តែមួយគឺខិតខំបំពេញតួនាទីការងារដោយការទទួលខុសត្រូវទើបយើងទាំងអស់គ្នានៅតែជាធនធានមនុស្សដែលសំខាន់។
យើងទាំងអស់គ្នាគឺត្រូវតែបន្តបំពេញភារកិច្ចដោយសកម្ម និងរស់រវើក ដើម្បីបន្តការងារដែលមានស្រាប់ ហើយអាចមានឱកាសចាប់យកឱកាសថ្មីដ៏ប្រសើរទៅមុខទៀតបាន៕