ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្លាយជា គំនូរខ្មៅគេប្រឹងលាបពណ៌យើងទៀតហើយ !

រឿងដែលគេបានប្រឹងប្រែងផាតពណ៌ថ្មីដល់កម្ពុជា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រហែលជាត្រូវធ្វើឲ្យកម្ពុជាប្រឡាក់ប្រឡូសយូរទៀតហើយ ដូច្នេះយើងទាំងអស់គ្នាគួរតែប្រឹងប្រែងលាងជម្រះវា ទាំងអស់គ្នា។
នៅមុនពេលប៉ះទង្គិចគ្នានៅព្រំដែននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសជិតខាងយើងបានប្រឹងប្រែងលាបពណ៌ដាក់យើងសម្បើមណាស់រឿងឧក្រិដ្ឋកម្មនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ហើយក្រោយការប៉ះទង្គិចគេរាងបន្ធូដៃបន្តិច ប៉ុន្តែដល់ពេលដែលយើងលេចករណីនិស្សិតកូរ៉េនៅបូកគោ ផ្អើលដល់សារព័ត៌មានកូរ៉េ ហើយរហូតដល់ប្រធានាធិបតីកូរ៉េលាតត្រដាងគេក៏បានប្រឹងប្រែងលាបពណ៌ដាក់កម្ពុជាជាថ្មីទៀត។
ដើម្បីប្រឈមមុខនឹងការលាបពណ៌នេះ គឺមានតែយើងទាំងអស់គ្នាប្រែងប្រែងលាងជម្រះ ដោយសមត្ថកិច្ចត្រូវប្រឹងបង្រ្កាប ហើយលុបបំបាត់។ត្រូវខំស្រាវជ្រាវជួយជនរងគ្រោះ ត្រូវទប់ស្កាត់បទល្មើសកុំអោយកើតមានឡើងថ្មី ហើយស្រាវជ្រាវបង្រ្កាបករណីដែលនៅសេសសល់អោយអស់ ។ អ្នកនៅពីក្រោយ គួរតែបោសសំអាត បើមិនដូច្នេះទេ គេនៅតែបន្តលាបពណ៌យើងទៀតមិនខាន ។
ក្រៅពីនោះសមត្ថកិច្ចនៅក្នុងនាមយើងជាពលរដ្ឋគឺត្រូវតែចូលរួមនិយាយផ្សព្វផ្សាយ និង លើកកំពស់ អ្វីដែលជាមោទនភាពជាតិ ដើម្បីបង្ហាញនូវអ្វីដែលយើងមានអ្វីដែលយើងធ្វើបាន ដើម្បីលើកកំពស់កិត្យានុភាពជាតិរបស់យើង។
រឿងឧក្រិដ្ឋកម្មនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះតាមពិតទៅយើងបានធ្វើច្រើនដែរ ប៉ុន្តែហាក់មិនសូវមានការផ្សព្វផ្សាយទូលំទូលាយ។ ជាក់ស្តែងក្រោយមានបញ្ហារឿងនិស្សិតកូរ៉េនេះ កម្ពុជាបានសហការជាមួយនឹងអាជ្ញាធរកូរ៉េ ហើយបានបញ្ជូន ជនជាតិកូរ៉េសរុបចំនួន ៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ ដើម្បីឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចាត់វិធានការ និងអនុវត្តនីតិវិធីបន្ត។
ការបញ្ជូននេះមិនមែនជាលើកទី១នោះទេ កន្លងមក កម្ពុជាបានបញ្ជូនជនជាតិកូរ៉េចំនួន ១៨០នាក់ ឱ្យត្រឡប់ទៅ សាធារណរដ្ឋកូរ៉េវិញរួចមកហើយ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែ បានស្នើការសហការពីអាជ្ញាធរសមត្ថកិច្ចនៃរដ្ឋាភិបាលកូរ៉េ ដើម្បីមកទទួល ជនជាតិរបស់ខ្លួនដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីបន្តចាត់វិធានការ។
ក្រៅពីនោះក្នុងរយៈពេល៤ខែចុងក្រោយ ឆ្នាំ២០២៥ កម្ពុជាបានបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមគោលដៅចំនួន ៩២ទីតាំង ក្នុង ១៨រាជធានីខេត្ត។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ប្រមាណ ៣.៤៥៥ នាក់ មានចំនួន២០សញ្ជាតិ។ ជាមួយគ្នានេះ សមត្ថកិច្ច ជំនាញបានបន្តនីតិវិធីចំពោះ ១០សំណុំរឿងធំៗក្នុងចំណោមសំណុំរឿង ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកអនឡាញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងខេត្តកំពត ដោយបានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួកសរុប ចំនួន៧៥នាក់ ទៅតុលាការ ដើម្បី អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ ទន្ទឹមនេះ ជនបរទេសចំនួន ២.៨២៥នាក់ ក្នុងនោះស្ត្រីចំនួន ៤៧៦នាក់ ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា ខណៈសមត្ថកិច្ចក៏បានជួយសង្រ្គោះជនរងគ្រោះឱ្យរួចផុតពីអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញដូរ មនុស្សផងដែរ។
សរុបទៅយើងទាំងអស់គ្នាគួរតែប្រឹងប្រែងទាំងអស់គ្នា ដើម្បីលាងជម្រះពណ៌ខ្មៅដែលគេកំពុងតែលាបមកលើយើង។ នៅក្នុងករណីគេលាបហើយយើងនៅតែមិនលាងជម្រះទេ វាអាចប្រឡាក់យើងកាន់តែច្រើន ហើយបើសិនជាអាចយើងក៏គួរតែលាបគេវិញដែរ ដើម្បីកុំអោយចេះតែលាបយើងផ្តេសផ្តាសពេក៕
Daily Program
