គួរជួយគ្នាដើម្បីអភិរក្សរបស់ដែលយើងមានស្រាប់កុំអោយបាត់បង់

ដោយសារតែការខ្វះខាតសហគមន៍អភិវឌ្ឍន៍ទេសចរណ៍ប៊ូស្រា ដែលស្ថិតនៅភូមិ​ពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានកំពុងអំពាវនាវរកថវិកាដើម្បីថែរក្សានិងអភិរក្សនូវវប្បធម៌មួយចំនួន នៅក្នុងសហគមន៍ ។

តាមលិខិតអំពាវនាវជាចំហរ សហគមន៍នេះបានលើកឡើងថា សហគមន៍កំពុងតែខ្វះខាត ថវិកាហើយកំពុងតែស្វែងរកដៃគូ​ក៏ដូចជាអ្នកឧបត្ថម្ភ ដើម្បីថែរក្សានូវសិប្បកម្ម និងសិល្បៈបែបប្រពៃណីជនជាតិដើមភាគតិចមួយចំនួន។

ស្នាដៃ និងសំណល់វប្បធម៌ដែលកំពុងតែដង្ហោយរកការគាំទ្រគឺរួមមានដូចជា សិប្បកម្ម​តម្បា​ញ  សាស់ សៀវ ចង្អេរ ឈ្នៀង និងកន្សែង ហើយដោយឡែកកិច្ចការសិប្បកម្ម​ដែក ដែលជាកេរ្តិ៍ដំណែលរបរនិងផលិតផលពីបុរាណកាលបម្រើជីវភាពរបស់សហគមន៍ដូចជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃមាន កាំបិត កាតុហ្ស ដឹង​ ខ្វែងសម្រាប់ជម្រះស្មៅ  រួមទាំងស្នាដៃសិល្បៈ និងវត្ថុបុរាណជនជាតិដើមភាគតិចនានា ក៏កំពុងតែដង្ហោយហៅរកជំនួយផងដែរ ។

ផ្អែកតាមការអំពាវនាវនេះ​យើងទាំងអស់គ្នាគួរតែនាំគ្នាជួយគាំទ្រ តាមរយៈការជំរុញការប្រើប្រាស់ផលិតផលទាំងនេះ ឫក៏ទិញវត្ថុទាំងនេះសម្រាប់កិច្ចការចិញ្ចឹមជីវិតផ្សេងៗ​កុំគិតតែប្រើប្រាស់របស់នាំចូល និង វត្ថុទំនើបៗពេក។ នៅក្នុងករណីយើងមិនប្រើប្រាស់ទេនោះ យើងក៏គួរតែអាចជួយទិញយកទៅដាក់ លំអរក៏បាន។

ក្រៅពីការជួយតាមរបៀបនេះ យើងទាំងអស់គ្នាក៏អាចនឹងជួយសហគមន៍តាមរយៈការចូលរួមនិងនាំគ្នាលេងកំសាន្តនៅសហគមន៍​ហើយប្រើប្រាស់សេវាកម្មដែលបងប្អូនសហគមន៍នៅទីនោះ កំពុងតែប្រើប្រាស់របស់ទាំងនោះ ​ហើយអាចចំណាយថវិកាខ្លះចូលរួមជាការស្នាក់នៅ ហូបចុក និង ថ្លៃសេវាកម្មផ្សេងៗដល់សហគមន៍។

ម្យ៉ាងវិញទៀតយើងក៏អាចជួយជាការធ្វើសកម្មភាពស្វែងរកជំនួយឧបត្ថម្ភជាថវិកាដល់ពួកគេ ប៉ុន្តែតាមមធ្យោបាយនេះមិនមាននិរន្តភាពទេ អ្នកដែលពាក់ព័ន្ធ គួរតែណែនាំ ឬក៏ចុះសិក្សាស្វែងរកមធ្យោបាយធ្វើយ៉ាងណាអោយរបរនិងផលិតកម្មផលិតផលិតផលដែលពួកគេប្រកាសទាំងនេះអោយមានទីផ្សា នោះទើបនិរន្តភាព​។​

សរុបសេចក្តីទៅដើម្បីជួយពួកគេជំហានដំបូងគឺពួកគេពិតជាត្រូវការថវិកាបន្ទាន់មែន ដូច្នេះស្ថាប័នដែលជាម្ចាស់ជំនួយ​​ឫអ្នកដែលពាក់ព័ន្ធសប្បរសធម៌ ក៏ដូចជា​មហាជនដែលមាន ធន​ធានគួរតែចូលរួមជួយគាំទ្រពួកគេ ​ហើយស្ថាប័នដែលពាក់ព័ន្ធគួរតែមានវិធានការរកវិធីជួយពួកគេបន្ថែមធ្វើយ៉ាងណាអោយពួកគេអាចរស់នៅពឹងអាស្រ័យនៅលើផលនៃការអភិរក្សវត្ថុនិងស្នាដៃដែលនៅសេសសល់ទាំងនេះ​៕

 ​

Daily Program

Livesteam thumbnail