ក្រុមហ៊ុនភេសជ្ជៈ និងអ្នកលក់ គួរពិចារណាអំពីអនាគតកុមារ!
ក្រុមហ៊ុនដែលផលិតនិងចែកចាយភេសជ្ជៈប៉ូវកម្លាំងនិងទឹកផ្អែមៗ ក៏ដូចជាអាជីវករគួរតែអាណិត កុមារាកុមារីផង ពីព្រោះអត្រាកុមារានិងកុមារីដែលកំពុងតែរស់នៅដោយសារជំងឺទឹកនោមផ្អែម គឺកំពុងតែមានកំណើនកើនឡើង។
ជាទូទៅជំងឺទឹកនោមផ្អែមច្រើនកើតចំពោះមនុស្សពេញវ័យចាប់ពី៣៥ឆ្នាំឡើង ប៉ុន្តែនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ក៏មានកុមារានិងកុមារីកើតជំងឺនេះជាច្រើននាក់ផងដែរ រហូតដល់អ្នកខ្លះត្រូវខូចតម្រង់នោម ដែលភាសាសាមញ្ញហៅថា ក្រលៀន ហើយតម្រូវឲ្យលាងឈាមជាប្រចាំផងដែរ រង់ចាំតែសេចក្តីស្លាប់ក៏មាន។
កុមារតូចៗទាំងនោះ ប្រសិនបើពួកគេកើតជំងឺនេះ ត្រូវវេចសំពាយថ្នាំតាមខ្លួនមួយជីវិត។ ជីវិតពួកគេនឹងលែងមានសេចក្តីសុខ គឺរស់នៅតែជាមួយនឹងថ្នាំមួយជីវិត រីឯកម្លាំងកំហែងនិងសុខភាពគឺទ្រុឌទ្រោម បណ្ដាលឲ្យបាត់បង់សក្តានុពលការងារនៅពេលដែលពួកគេពេញវ័យ ហើយមានខ្លះអាចនឹងស្លាប់តាំងពីមិនទាន់ចម្រើនវ័យក៏អាចមាន។
ដើម្បីកាត់បន្ថយផលប៉ះពាល់ ប្រសិនបើអាចក្រុមហ៊ុននានាគួរបញ្ឈប់ការឃោសនាផ្សព្វផ្សាយពីគ្រឿងកំប៉ុងនិងភេសជ្ជៈ ជាពិសេសការផ្តល់រង្វាន់។ ការផ្សព្វផ្សាយរបស់ក្រុមហ៊ុននានាបានកំពុងតែផ្តល់រូបភាពនិងព័ត៌មានបំភាន់សេចក្តីពិតអំពីផលិតផលភេសជ្ជៈរបស់ខ្លួនទៅដល់កុមារ ដែលគ្នាមិនបានដឹងអី គឺដឹងតែឃ្លានទារទទួលទានប៉ុណ្ណោះ។
ចំពោះអ្នកលក់វិញនៅក្នុងករណីឃើញ កុមារចូលទិញភេសជ្ជៈ គួរណែនាំជម្រើសភេសជ្ជៈជាទឹកផ្លែឈើស្រស់ជំនួសវិញ។ សម្រាប់អ្នកលក់ភេសជ្ជៈតាមផ្លូវ ដូចជាពពួកតែជ្រក់ ផាសិនក្រឡុកគួរ ណែនាំពួកគេឲ្យបន្ថយជាតិស្ករ ឬអ្នកលក់គួរបន្ថយស្ករនៅក្នុងភេសជ្ជៈទាំងនេះ ដោយពន្យល់ឲ្យពួកគេយល់ដឹងអំពីគ្រោះថ្នាក់នៃពពួកជំងឺទឹកនោមផ្អែម។
តាមស្ថិតិដែលសារព័ត៌មាននានាបានផ្សព្វផ្សាយមកដល់ត្រឹមខែកក្កដាឆ្នាំ២០២៤ នៅកម្ពុជាបានរកឃើញកុមារកើតជំងឺទឹកនោមផ្អែមប្រភេទ១ប្រមាណជា ៧០០ នាក់ឯណោះ។ ពួកគេទាំងនោះភាគច្រើនមានអាយុ ពី ៤ទៅ១៤ ឆ្នាំ ដែលជាវ័យហូប ដូច្នេះឪពុកម្តាយគប្បីយកចិត្តទុកដាក់និងអប់រំពួកគេឲ្យល្អ អំពីព័ត៌មានដែលប៉ះពាល់ដល់សុខភាព។
សរុបទៅដើម្បីឲ្យកុមាររបស់យើងមានសុខភាពល្អ យើងទាំងអស់គ្នាមានតួនាទីជួយគ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់ពពួកភេសជ្ជៈផ្អែមនិងភេសជ្ជៈប៉ូវកម្លាំងនេះ៕