កូនរៀនមិនចេះជាកំហុសរបស់អ្នកណា? គ្រូបង្រៀនមែនទេ?
ពាក្យថារៀន គឺនិយាយស្រួលណាស់ ប៉ុន្តែប្រសិនបើសួរថាតើត្រូវធ្វើយ៉ាងណារៀនឲ្យពូកែទើបបានវាពិបាកទាំងនិយាយ និងពិបាកទាំងការអនុវត្ត។
បច្ចុប្បន្ននេះបញ្ហានៃការរៀន និងការបង្រៀនបានកំពុងតែលេចឡើងជាថ្មីនៅកម្ពុជា ខណៈដែលអាណាព្យាបាលសិស្សានុសិស្សមួយចំនួនបានកំពុងតែលើកឡើងពីបញ្ហានេះជាបន្តបន្ទាប់។
ជាការពិតមនុស្សកើតមានមានខួរក្បាលប្រហាក់ប្រហែលគ្នាទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយធម្មជាតិដែលមនុស្សបានបង្កើត គឺវាពាក់ព័ន្ធនឹងកត្តាជីវសាស្រ្តអាហារ ការទំនុកបម្រុង នៅពេលបង្កកំណើត ដូច្នេះហើយបានជានៅពេលដែលកើតមកមានមនុស្សខ្លះមានខួរក្បាលដែលគេវាស់កម្រិត IQ ខុសគ្នា ប៉ុន្តែទាំងនេះគ្រាន់តែជាទស្សនៈមួយផ្នែកប៉ុណ្ណោះ។
មកដល់ពេលនេះការរៀនពូកែ ឬមិនពូកែគឺវាអាស្រ័យនៅលើការខិតខំសំភីរបស់សិស្ស នៅក្នុងករណីសិស្សមានការខំប្រឹងប្រែង ភ្ញាក់រលឹក និងមានបំណងខំរៀន ពោលគឺស្រលាញ់ការសិក្សា គឺជាទូទៅសិស្សនោះនឹងរៀនពូកែ ប៉ុន្តែផ្ទុយទៅវិញប្រសិនបើសិស្សនោះមិនចង់រៀនទោះជាខួក្បាលមានIQខ្ពស់ម្រិតណាក៏ដោយក៏នៅតែរៀនខ្សោយដែរ។
ម្យ៉ាងវិញទៀតការៀនខ្សោយ ឬពូកែនេះវាក៏មានទំនាក់ទំនងគ្នាដែររវាងអាណាព្យាបាលនិងគ្រូបង្រៀន។ មកដល់ពេលនេះ មានកុមារខ្លះរៀនពូកែ និងខ្សោយទៅតាមគ្រូ ដោយសារអ្វីគឺដោយសារតែគាត់ចូលចិត្តឥរិយាបទរបស់គ្រូណាម្នាក់។ ដូច្នេះនៅពេលដែលគេចូលចិត្តគ្រូនោះគឺខំរៀន តែគ្រូខ្លះដែលមិនមានឧបនិស្ស័យនឹងគេពេលដែលរៀនទោះជាគាត់យកចិត្តទុកដាក់ប៉ុណ្ណាក៏ការបង្រៀននោះគឺពិបាកទទួលដោយកូនសិស្សដែលមានអារម្មណ៍ផ្ទុយនេះក៏ជាចំណុចមួយដែរ។
នៅក្នុងករណីបែបនេះ ប្រសិនបើអាណាព្យាបាលជំរុញនិងយកចិត្តទុកដាក់បន្ថែមអប់រំណែនាំពន្យល់ លើកទឹកចិត្តដោយហេតុ និងផល សិស្សអាចនឹងយល់ហើយខំរៀនវិញទោះជាលទ្ធផល វាមិនដូចពីការដែលពួកគេមានឆន្ទះ និងភាពរីករាយចេញពីខ្លួនរបស់ពួកគេនោះទេ។
ម្យ៉ាងវិញទៀតមកដល់ពេលនេះរវាងអាណាព្យាបាល និងគ្រូក៏មានទំនាស់គ្នាមួយទៀតគឺលើបញ្ហារៀនបំប៉ន ឬហៅថារៀនគួ។ រៀនគួនេះជាបច្ច័យមួយ ដែលមិនគួរលើកទឹកចិត្តមែន ប៉ុន្តែក៏សូមកុំបន្ទោសលោកគ្រូអ្នកគ្រូដែរ។
រៀននៅសាលាអាចម៉ោងមិនគ្រប់ ដូច្នេះហើយដើម្បីជាជំនួយលោកគ្រួអ្នកគ្រូក៏ឆ្លៀតពេលជួយបង្រៀនបន្ថែម តែនៅក្នុងករណីអាណាព្យាបាលមិនចង់ក៏មិនអី ប៉ុន្តែគួរតែចំណាយពេលវេលាជួយបង្រៀនជួយណែនាំកូនៗឲ្យខំរៀន ខំអនុវត្តតាមលំហាត់ ឬតាមមេរៀនដែលពួកគេរៀន នោះគឺជាការជួយគ្នាមួយ។
សរុបសេចក្តីទៅរវាងគ្រូ អាណាព្យាបាល និងសិស្សគឺជាអន្តរទំនាក់ទំនងដែលភាគីទាំងបីគួរតែយោគយល់គ្នា ហើយនាំគ្នាខំអត់ធ្មត់លះបង់ តស៊ូទាំងអស់គ្នាដើម្បីអនាគតសិស្ស និងធនធានមនុស្សនៅកម្ពុជាយើង៕