កុំភ្លេចគាំទ្រទស្សនីយភាពល្ខោននិយាយរឿងផ្កាស្រពោល!
សាធារណជនសូមកុំភ្លេចទៅដកស្រង់បទពិសោធស្នាដៃសិល្បៈរបស់សិល្បករ និងសិល្បការិនីកម្ពុជាយើងតាមរយៈស្នាដៃនៃការសំដែងល្ខោននិយាយរឿងផ្កាស្រពោន ដែលជាស្នាដៃប្រលោមលោកមួយ មាននៅក្នុងកម្មវិធីសិក្សាសាលាចំណេះទូទៅមួយ។
ការសំដែងនេះមិនមែនជាការសំដែងបើកចូលទស្សនាដោយសេរីនោះទេ ប៉ុន្តែគឺជាស្នាដៃនៃការសំដែងរកប្រាក់ចំណូលតាមរយៈការលក់សំបុត្រដោយតម្លៃសំបុត្រគឺមាន២ម៉ឺនរៀល និង ៤ម៉ឺនរៀន ហើយកម្មវិធីសំដែងនូវទស្សនីយភាពខ្មែរតាមទម្រង់សិល្បៈល្ខោននិយាយនេះ គឺគ្រោងនឹងសំដែងពីថ្ងៃទី២ ដល់ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុមុខ នៅម៉ោង ៥ និង៣០នាទីល្ងាច។
សូមសាធារណជនគាំទ្រទោះបីជាយើងត្រូវចំណាយប្រាក់ក៏ដោយ ពីព្រោះការចំណាយនេះគឺជាផ្នែកមួយនៃការជួយគ្នា ជាពិសេសគឺជួយសមាជិកក្រុមការងារនេះតែម្តង ពីព្រោះថាប្រសិនបើពួកគេគ្មានការគាំទ្រទេនោះ សិល្បៈដែលជាស្នូលមួយនៃវប្បធម៌ខ្មែរក៏នឹងអាច បាត់បង់ផងដែរ ពីព្រោះថា ក្រុមការងាររួមទាំងសិល្បករ និងសិល្បៈការិនីគឺសុទ្ធសឹងតែ ត្រូវការថវិកាខ្លះដើម្បីទ្រទ្រង់ជីវភាព។
ថ្លៃសំបុត្រនេះ ថ្វីត្បិតែមិនថោក ប៉ុន្តែវាក៏មិនជាថ្លៃពេកដែរ វាសមស្របនឹងយើងទាំងអស់គ្នាគួរចំណាយដើម្បីជាប្រយោជន៍គឺយើងបានស្គាល់តម្លៃនិងស្នាដៃរបស់ក្រុមការងារសិល្បៈរបស់ជាតិយើង ហើយយើងក៏អាចនឹងទទួលបាននូវចំណេះ និងការចងចាំនូវសាច់រឿងនេះ ពីព្រោះរឿងផ្កាស្រពោននេះ គឺជាស្នាដៃអក្សរសីល្ប៍ខ្មែរដែលបញ្ចូលនៅក្នុងកម្មវិធីសិក្សា។ នៅក្នុងករណីដែលលោកអ្នកបានអញ្ជើញទៅ ហើយអាចនាំយកនូវបុត្រធីតារបស់លោកអ្នកដែលកំពុងតែសិក្សារឿងនេះថែមទៀតផងនោះ គឺពិតជាអាចជំនួយដល់ការចងចាំ សម្រាប់ជាទុននៅក្នុងការសិក្សាមុខវិជ្ជាអក្សរសាស្រ្តខ្មែរ។
ការចំណាយបន្តិចបន្តួច ប៉ុន្តែបានចំណេះ បានបទពិសោធបានស្គាល់ បានដឹង វាពិតជាមានអត្ថន័យ ហើយសម្រាប់ប្អូនៗដែលកំពុងតែសិក្សា ក៏យើងអាចមានទុននៅក្នុងការវិភាគទៅលើអកប្បកិរិយារបស់តួអង្គ ខ្លឹមសារនៃសាច់រឿង ពីព្រោះការអានតាមស្នាដៃអក្សសីល្ប៍នៅក្នុងមេរៀន គឺអាចនឹងមិនងាយស្រួលនៅក្នុងការចងចាំដូចជាបានទស្សនានូវទស្សនីយភាពនេះដោយផ្ទាល់ៗភ្នែក អមដោយឈុតឆាកជាក់ស្តែងបាននោះទេ។
សរុបមកវិញសូមនាំគ្នាគោរព និងលើកកំពស់ហើយគាំទ្រស្នាដៃសិល្បករ និងសិល្បការិនីរបស់យើងទាំងអស់គ្នា។ ការគាំទ្ររបស់អស់លោកអ្នកមានគុណតម្លៃនៅក្នុងការធានានិរន្តរភាពនិងអភិរក្សនូវស្នាដៃទាំងនេះទុក ហើយក៏អាចអោយក្រុមអ្នកសិល្បករ និងសិល្បការិនីបន្តច្នៃប្រឌិតនិតរិះរករឿងក៏ដូចជាឈុតឆាកដែលបង្កប់ការអប់រំ និងផ្តល់សារល្អៗដល់យុវជនយើងបន្តទៀត៕