កុំទុទិដ្ឋិនិយមពេកអំពីកម្ពុជា!
សង្គមមួយគ្មានអ្វីដែលវាត្រឹមត្រូវ១០០ភាគរយបានទេ ប៉ុន្តែនៅក្នុងករណីដែលសង្គមមួយមានស្ថានភាពវិជ្ជមានចាប់ពី៦០ ភាគរយឡើងទៅចាត់ទុកថា សង្គមយើងនោះវាមានស្ថានភាពប្រសើរ និងគួរជាទីរីករាយទៅហើយ ។
មកដល់ពេលនេះបើនិយាយអំពីស្ថានភាពនៃការអភិវឌ្ឍន៍ជារួម ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្តដូចជាផ្លូវថ្នល់និងស្ពាន សំណង់នៅក្នុងរាជធានីនិងទីប្រជុំជននានា គឺបានរីកដុះដាលព្រោងព្រាត។
ក្រៅពីចំណុចវិជ្ជមានទាំងនេះ កម្ពុជាក៏នៅមានសមិទ្ធផលជាច្រើនទៀត ដូចជាវិស័យអប់រំ ដែលមកដល់ពេលនេះកម្ពុជាមិនត្រឹមតែមានសមត្ថភាពបណ្តុះបណ្តាលពលរដ្ឋនៅក្នុងស្រុក ប៉ុណ្ណោះទេ ពលរដ្ឋក៏មានសមត្ថភាពទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេសតាមរយៈកម្មវិធីអាហារូបករណ៍ពីប្រទេសជាមិត្ត ជាច្រើនរាប់តាំងពីអាមេរិក ជប៉ុន អូស្រ្តាលី អង់គ្លេស បារាំង រុស្ស៊ី វៀតណាម ឡាវ ថៃ ឥណ្ឌូនេស៊ី ជាដើម ហើយក៏មានអ្នកដែលមានជីវភាពធូរធារខ្លះ ដែលទទួលបានផ្លែផ្កាពីការរីកចម្រើនៃសង្គមសេដ្ឋកិច្ច អាចមានលទ្ធភាពបណ្តាក់ទុននៅលើ ការការកសាងមូលធនធនធានមនុស្សនេះទៅប្រទេស ទាំងនោះដោយថវិកាផ្ទាល់ខ្លួនជាច្រើនរយនាក់ផងដែរ ។
ផ្អែកតាមគោលនយោបាយនេះ កម្ពុជានៅតែអាចរក្សាបាននូវចលករនៃសង្គម និងដំណើរប្រពឹត្តិទៅជាប្រក្រតីនៃសកម្មភាពសង្គមនានា សូម្បីតែនៅក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគកូវីដ ១៩ ក៏កម្ពុជានៅតែអាចមានជំហរមួយរឹងប៉ឹង ហើយបានធានាការចាក់វ៉ាក់សាំង និង បញ្ហាសុខមាលភាពសង្គមបានយ៉ាងសមរម្យ ។
ក្រៅពីនោះបើនិយាយអំពីបញ្ហាកំណើនសេដ្ឋកិច្ចវិញ ថ្វីត្បិតតែមិនខ្លាំងក្លាដល់កម្រិត ៧ ភាគរយ ដូចកាលពីមុនវិបត្តិកូវីដ ១៩ រីករាលដាលក៏ពិតមែន ប៉ុន្តែនៅក្នុងឆ្នាំ២០២៣ នេះ កំណើនសេដ្ឋកិច្ចកម្ពុជាគឺនៅតែប្រសើរនៅក្នុងកំណើន ដែលស្ថាប័ននានាបានព្យាករណ៍ពី ៥ ទៅ៦ ភាគរយ។
មកដល់ពេលនេះកម្ពុជានៅតែបន្តរីកចម្រើនគ្រប់វិស័យ ដូច្នេះហើយ ទស្សនៈទុទិដ្ឋិនិយមជ្រុលដែលបានលើកឡើងនៅលើបណ្តាញសង្គមដោយជនអគតិខ្លះក៏មិនត្រឹមត្រូវទាំងស្រុងដែរ។ សង្គមកម្ពុជាថ្វីត្បិតតែមិនល្អឥតខ្ចោះ ប៉ុន្តែយ៉ាងហោចណាស់ក៏ ម្នាក់ៗនៅតែបន្តរស់នៅក្នុងស្ថានភាពមួយប្រសើរនៅក្នុងជំហរនិងលក្ខខណ្ឌដែលអាចប្រសើរជាប្រទេសជាច្រើននៅលើពិភពលោក៕