កាលណាតម្រូវការកើនឡើង អំពើល្មើសក៏នឹងកើនឡើងផងដែរ !

សូមយកចិត្តទុកដាក់ កាលណាតម្រូវការកើនឡើងហើយធនធាន និងទំនិញផ្គត់ផ្គង់មានដែន កំណត់នោះ អំពើល្មើសនានានឹងកើនឡើងដោយឯកឯង ដែលនេះគឺជាកត្តាសត្យានុម័ត ដែលនឹ​ងកើតឡើងគ្រប់វិស័យ។​

អំពើល្មើសជាទូទៅគឺវាកើតមានឡើងដោយសារតែតម្រូវការនេះឯងដូច្នេះនៅពេលដែលទីផ្សា​រលើកឡើងពីតម្រូវការកើនឡើងជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្រៅពីការជំរុញនិងលើកទឹក​ចិត្តឲ្យ​ប្រជាពលរដ្ឋបង្កើនផលិតភាពលើផលិតកម្មផ្គត់ផ្គង់ទំនិញចូលទៅផ្សារហើយនោះ ក៏ត្រូវតែត្រៀ​មខ្លួនលើកកំពស់វិធានការផ្លូវច្បាប់និងបង្កាសកម្មភាពខុសច្បាប់នានា ដើម្បីការពារអំពើខុ​សច្បាប់ពាក់ព័ន្ធ។

ជាក់ស្តែងមើលតែបញ្ហាតម្រូវការសាច់បង្កកទៅឃើញហើយ ខណៈដែលវាកំពុងតែក្លាយជា ប​ញ្ហា​ក្តៅរហូតដល់រាជរដ្ឋាភិបាលចេញបម្រាមលើការនាំចូលសាច់បង្កកមួយចំនួន រយៈពេលដ​ល់ទៅ៦ខែកាលពីពេលថ្មីៗនេះ។

ដោយសារតែតម្រូវការនិងកំណើនការប្រើប្រាស់ខ្លាំងជាពិសេសគឺនៅតាមបណ្តាភោជនីយ   ដ្ឋាន និង​អាហារដ្ឋានានា ដែលពេញនិយមនឹងចំណិតសាច់បង្កកនេះ ឈ្មួញបានសម្រុកនាំចូល ជាបន្តបន្ទាប់រហូតដល់មានករណីលួចលាក់នាំចូលដោយខុសច្បាប់រហូតជននៅលើ ទីផ្សារបង្ករហានិភ័យដល់តម្លៃសាច់នៅក្នុងស្រុក ប៉ះពាល់ដល់អនុវិស័យចិញ្ចឹមសត្វនៅក្នុងស្រុក រហូតដល់មានប្រតិកម្មកើតឡើង។

នៅពេលនេះការហាមឃាត់ការនាំចូលសាច់បង្កកមួយចំនួនដែលរាជរដ្ឋាភិបាលបានកំណត់ អាចនឹងនៅតែបន្តមាន ដោយក្រុមឈ្មួញខិលខូចលួចនាំចូល ហើយតម្លៃរបស់វារិតតែល្អ ដូច្នេះ​ជំនាញត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត ។

សក្ខីភាពនៃអំពើអសកម្មមួយទៀតដែលកំពុងកើតមានបណ្តាលមកពីកំណើននៃតម្រូវការនេះ គឺទាក់ទងនឹងសកម្មភាពរុករកទន្ទ្រានប្រមូលផលនិងការធ្វើវារីវប្បកម្មជលផល ដែលសមត្ថកិ​ច្ច ជំនាញខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទើបតែបង្ហាញ គឺករណីល្មើសមុជទឹកសមុទ្រចាប់ខ្យង។

ករណីនេះកើតមានក្រោយពេលដែលតម្រូវការខ្យងសមុទ្រកាន់តែត្រូវការនៅក្នុងប្រទេសនិង ក្រៅប្រទេស ដើម្បីបំពេញការហូបចុក របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស និងនៅក្រៅប្រទេស។ ករណីនេះកើតឡើងនិងបង្ក្រាបដោយ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកែប បានឃាត់ចាប់ទូកនេសាទល្មើស១គ្រឿង និងជនសង្ស័យ ៣នាក់ ដែលប្រើឧបករណ៍ទុយោខ្យល់រួមផ្សំ មុជចាប់ខ្យងនៅខាងលិចកោះទន្សាយ ចម្ងាយប្រមាណ៥គីឡូម៉ែត្រ។

ការឃាត់ចាប់នេះ កើតឡើងនៅវេលាម៉ោង ១១:១៥នាទីព្រឹក ក្នុងភូមិសាស្ត្រភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ក្រៅពីឃាត់ចាប់ទូកនេសាទ និងជនសង្ស័យ សមត្ថកិច្ចជលផលក៏បា​នរឹបអូសវត្ថុតាងមួយចំនួនរួមមាន ទូកយន្តបណ្តោយ១៤ម៉ែត្រ ទទឹង៣ម៉ែត្រ ជម្រៅ១ម៉ែត្រ ម៉ា​ស៊ីនម៉ាកISUZU93 កម្លាំង៤០សេះ ០១គ្រឿង ម៉ាស៊ីនខ្យល់កម្លាំង២៤សេះ ០១គ្រឿង និង ឧបករណ៍មួយចំនួន ទៀត ។

ផ្អែកតាមតម្រូវការពួកគេប្រហែលមិនមែនជាជនសង្ស័យតែមួយក្រុមនោះទេ វាអាចនៅមាន ក្រុមផ្សេងៗទៀត ហើយក៏មានទីតាំងរុករកនៅកន្លែងផ្សេងៗទៀតដែរ ដែលអាជ្ញាធរនិងជំនា​ញត្រូវយកចិត្តទកដាក់។

សរុបមកវិញនៅពេលដែលតម្រូវការមានការកើនឡើងយើងកុំសប្បាយចិត្តតែម្យ៉ាងគឺត្រូវតែយកចិត្តទុកដាក់វិធានការបង្ការនិងការពារបទល្មើសដែលពាក់ព័ន្ធផងដែរ ពីព្រោះតម្រូវការ និង បទល្មើសវាអាចកើតមានឡើងព្រមៗគ្នានេះឯង​៕

Daily Program

Livesteam thumbnail