រូបចម្លាក់ខ្មែរ២៧រូប បានវិលត្រឡប់មកមាតុប្រទេស
អនុលោកតាមអនុសស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការដាក់កំរិតហាមប្រាមនូវការនាំចូលលើប្រភេទនៃវត្ថុបុរាណរបស់កម្ពុជា និងយោលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជ ជាមួយការិយាល័យរដ្ឋអាជ្ញានៃសង្កាត់ ម៉ានហាថានក្រុងញូវយ៉ក។ សម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលរឹមអូសបានដោយការិយាល័យរដ្ឋអាជ្ញានៃសង្កាត់ម៉ានហានថានក្រុងញូយ៉ក និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមរិក ត្រូវបានបញ្ជូនមកដល់មាតុភូមិកម្ពុជាវិញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាក្នុងសម័យអង្គរ ដូចជា៖ ព្រះពុទ្ធរូបគង់សមាធិលើនាគធ្វើពីសំរឹទ្ធ រូបព្រះឥសូរ និងរូបនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់។ វត្ថុទាំង២៧រូបនេះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឱ្យក្រុមអ្នកជំនាញធ្វើការពិនិត្យនិងវាយតម្លៃសំអាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពីធីប្រគល់ ទទួលជាផ្លូវការនៅពេលវេលាណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ៖«សម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាព្រលឹងរបស់បុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឱ្យអរិយធម៌ដ៏រុងរឿងនៃប្រវត្តិសាស្ត្ររបស់កម្ពុជា ដេលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំមកហើយនាសម័យសង្គ្រាម និងអសន្តិសុខកន្លងមក។ ដោយសារគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសន្តិសុខសន្តិភាពពេញលេញ ទើបយើងមានឱកាសក្នុងការសហការស្វែងរក និងនាំយកកេរបរតកខ្មែរដែលបានបាត់បង់ទាំងនោះត្រឡប់មកមាតុភូមិកំណើតវិញ»។
ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី បណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ស្ថាប័នពាក់ព័ន្ធនានារបស់សហរដ្ឋអាមេរិក ជាពិសេសការិយាល័យរដ្ឋអាជ្ញានៃសង្កាត់ម៉ានហាថានក្រុងញូវយ៉ក ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមសហរដ្ឋអាមរិក និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រមទាំងក្រសួងស្ថាប័ននានារបស់កម្ពុជា និងក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយលោក Bradley J. Gordon និងលោក Steven Heimberg ដែលបានជួយក្នុងការស្រាវជ្រាវ និងបញ្ជូនរតនសម្បត្តិទាំងនេះត្រឡប់មកកម្ពុជាវិញ។ ឆ្លៀតក្នុងឱកាសនេះ លោកស្រីរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សារមន្ទីរនានា ក៏ដូចជាអ្នកកាន់កាប់សមច្ច័យ ឯកជននៅទូទាំងពិភពលោក សូមចូលរួមសហការ និងប្រគល់សម្បត្តិវប្បធម៌ដែលជាអត្តសញ្ញាណជាតិខ្មែរ ត្រឡប់មកប្រទេសកំណើតវិញ៕