ការជះទឹក ឬចាក់ទឹក ក្នុងពិធីបុណ្យចូលឆ្នាំប្រពណៃណីខ្មែរ ជាការខុសដែរទេ?
នៅសល់ប្រមាណជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ ដែលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនោះដែរ នៅតាមបណ្តាខេត្ត ឬទីតាំងមួយចំនួន ប្រជាពលរដ្ឋបាននាំគ្នាលេងជះទឹក ឬចាក់ទឹកទៅគ្នាទៅវិញទៅមក។ តើការលេងជះទឹក ឬចាក់ទឹកនៅថ្ងៃបុណ្យចូលឆ្នាំថ្មីនោះជា ការខុសឬទេ?
លោក សឹង គា ម្ចាស់ផ្ទះជ័យភូមិ និងជាអ្នកជំនាញផ្នែកអរិយធម៌ខ្មែរ បានប្រាប់ឱ្យដឹងថា នៅក្នុងពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងរដូវសង្ក្រាន្តនេះ មានការចែកពេលាច្បាស់លាស់ ដោយក្នុងនោះ រួមមានព្រះមហាក្សត្រក៏ត្រូវស្រង់ទឹក ហើយព្រះសង្ឃក៏ត្រូវស្រង់ទឹកដែរ។
លោក សឹង គា បានបន្តថា ៖ «នៅរដូវចូលឆ្នាំថ្មីនេះ ក៏ឃើញមានការស្រង់ទឹកព្រះសង្ឃដែរ ខ្ញុំមិនលំអិតច្រើនទេ។ ការស្រង់ព្រះពុទ្ធរូបផង ការបាចសាចទឹកដាក់គ្នាផង ក៏កើតជាការត្រជាក់ចិត្ត ព្រោះចំរដូវក្តៅផងនោះ ក៏មានការចម្លងវប្បធម៌ យកមកចែកចាយ បាចទឹក សាចទឹកដាក់គ្នា ក្រោយមកក៏ច្នៃប្រឌិត ដែលមានទុយោ កាំភ្លើងបាញ់ទឹកអីណឹង ដែលសកម្មភាពនេះមិនមានជាការខុសឆ្គងនោះទេ»។
លោកបានបន្ថែមទៀតថា ការបាចសាចទឹកនេះ មានការវិវត្តន៍តាមសម័យកាល ដែលកាលពីអតីតកាលមានការដាក់ទឹកក្នុងពាង ប្រើសម្រាប់ដងស្រោចកម្សាន្តជាមួយគ្នា តែសម័យកាលវិវត្តន៍ជឿនលឿន ក៏មានទុយោទឹកសម្រាប់ប្រើប្រាស់ តរៀងៗមកដល់បច្ចុប្បន្ននេះ។
អ្នកជំនាញផ្នែកអរិយធម៌ខ្មែរ ក៏បានបន្តទៀតថា ៖ «ការដែលខុសនោះ គឺកាំភ្លើងបាញ់ទឹក ដែលបាញ់ខ្លាំងទៅចំភ្នែកគេ ធ្វើអោយគ្រោះថ្នាក់ ពេលកំពុងជិះម៉ូតូ ដែលធ្វើឱ្យប្រឡាក់ខោអាវ ឬប៉ះអ្នកដែលត្រូវធ្វើដំណើរទៅវត្តជាដើម។ អ្នកបាញ់ទឹក អ្នកបាចទឹក ត្រូវមានឥរិយាបថរបស់ខ្លួន ប្រជាពលរដ្ឋទៅវត្តមានចង្ហាន់ មានអាវហូលផាមួងត្រូវទឹកមិនបានទេ អាចគាត់មានទូរសព្ទ មានកាបូប យើងកុំជះទឹកដាក់គាត់»។
ការលេងទឹកទាំងនេះ គួរតែលេងនៅក្នុងវត្តអារ៉ាម កន្លែងស្រង់ព្រះ ឬការងូតទឹកជូនឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ នៅក្នុងគ្រួសារ ដើម្បីការកម្សាន្តសប្បាយរីករាយនៅក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឬការដឹងគុណចំពោះអ្នកមានគុណ។
សូមបញ្ជាក់ដែរថាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ នឹងប្រារព្ធឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ដែលរដ្ឋបាលរាជធានីខេត្តនឹងរៀបចំសង្រ្កាន្តឆ្នាំថ្មីផងដែរ។
រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹង ស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ «សៀមរាបសង្ក្រាន្ត» រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប និងនៅសងខាងដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ខេត្ត រហូតដល់ស្ពានវត្តដំណាក់។
នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានកម្មវិធី កម្សាន្តសប្បាយជាច្រើន រួមមាន៖ ការលេងល្បែងប្រជាប្រិយខ្មែរ ការជិះទូកលេងតាមដងស្ទឹង ការវាយកូន ហ្គោលសៀមរាបសង្ក្រាន្ត ការពិព័រណ៍ម្ហូបអាហារ ការទស្សនាផ្សារបណ្តែតទឹក និងការប្រគំតន្ត្រីនាពេលរាត្រី។
ចំណែករដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងរៀបចំ «សង្ក្រាន្ដវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៤ថ្ងៃផងដែរ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២០:០០យប់ ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងសង្ក្រាន្តនេះមានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើនដូចជា៖ កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និង វត្ថុសិល្បៈវប្បធម៌។
រដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអញ្ជើញមកចូលរួមកម្សាន្តសប្បាយនៅសង្គ្រាន្តវត្តភ្នំឱ្យបានច្រើនកុះករក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ៕