Missio Munich លើកឡើងក្នុងមហាសន្និបាត FABC ថា ការជួបប្រាស្រ័យទាក់ទងគ្នានាំឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ

នៅក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃសហព័ន្ធក្រុមប្រឹក្សាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅសណ្ឋាគារ Mulia ក្រុងហ្សាការតា កាលពីថ្ងៃទី ២៣ ខែកក្កដា លោកស្រី ប្រេងកា បេជីក(Branka Begic) អ្នកគ្រប់គ្រងកម្មវិធីតំបន់អាស៊ីនៃអង្គការមីស្យូ មូនីក (Missio Munich) បានលើកឡើងថា កិច្ចសហប្រតិបត្តិការអន្តរជាតិជោគជ័យទៅបាន មិនមែនសំខាន់លើថវិកា ឬគម្រោងរួមគ្នានោះទេ ប៉ុន្តែគឺកើតចេញពីការជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ការស្តាប់ ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការរួមដំណើរជាមួយគ្នាក្នុងនាមជាព្រះសហគមន៍សកលតែមួយ។

ថ្វីបើនេះជាលើកទីមួយដែលលោកស្រីបានចូលរួមមហាសន្និបាត FABC ក៏ដោយ លោកស្រីបានមើលឃើញពីភាពរស់រវើក ការជិតស្និទ្ធជាមួយសហគមន៍ និងការប្តេជ្ញាចិត្តលើកម្ពស់កិច្ចសន្ទនារបស់ព្រះសហគមន៍កាតូលិកនៅអាស៊ីអស់រយៈពេលជិត ៣ ទសវត្សរ៍មកហើយ។

អ្នកស្រី​បាន​លើកឡើងអំពីការមើលឃើញសមិទ្ធផលរបស់ព្រះសហគមន៍នៅអាស៊ី ហើយ​និយាយ​ថា ​ «ជាច្រើនឆ្នាំមកនេះ យើងបានឃើញព្រះសហគមន៍នៅអាស៊ីកសាងស្ពាន បង្កើនកិច្ចសន្ទនាដែលមានន័យ និងនាំយកសេចក្តីសង្ឃឹមពិតប្រាកដជូនដល់ប្រជាជនជាច្រើន។ យើងបានឃើញ 'រឿងរ៉ាវដ៏អស្ចារ្យ' ទាំងនេះក្លាយជាការពិត តាមរយៈភាពជាអ្នកដឹកនាំ និងការលះបង់របស់ព្រះសហគមន៍ក្នុងស្រុក»។

ជាមួយគ្នានេះដែរ អ្នកស្រី​ប្រេងកា បាន​លើកសរសើរ​អំពី​​សារៈសំខាន់នៃទំនាក់ទំនងផ្ទាល់ខ្លួន និងការស្តាប់គ្នា​ទៅវិញទៅ​មក​ក្នុង​ព្រះសហគមន៍​អាស៊ី​ ជាមួយ​ស្ថាប័ន​លោកស្រី​ជា​ចំណុច​ល្អប្រសើរ​។ អ្នកស្រី​លើកឡើងថា «សម្រាប់យើងនៅ Missio Munich ទំនាក់ទំនងផ្ទាល់ខ្លួនគឺមានសារៈសំខាន់ណាស់។ យើងមិនគ្រាន់តែចង់បង្ហាញពីសាមគ្គីភាពនោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺយើងចង់ស្តាប់ និងរៀនសូត្រពីអស់លោក»

ការកត់សម្គាល់​អ្នកស្រី​ឲ្យដឹងដែរថា ក្នុង​ភាពជាដៃគូនៅក្នុងព្រះសហគមន៍សកល គឺជាទំនាក់ទំនងដែលភាគីទាំងសងខាងមានអ្វីមួយត្រូវផ្តល់ឱ្យ និងមានអ្វីមួយត្រូវទទួលយក ក្នុងនាមជាបងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ត

លោកស្រីប្រេងកា បេជីក បានសង្កត់ធ្ងន់ថា ព្រះសហគមន៍ក្នុងស្រុកនីមួយៗសុទ្ធតែមានអំណោយទាន បទពិសោធន៍ និងប្រពៃណីជំនឿរៀងៗខ្លួន ដែលអាចជួយបំពេញ និងធ្វើឱ្យព្រះសហគមន៍កាតូលិកពិភពលោកកាន់តែសម្បូរបែប។

Missio Munich មិនត្រឹមតែគាំទ្រសកម្មភាពគង្វាលកិច្ចនៅអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំយកបទពិសោធន៍ រឿងរ៉ាវ និងសក្ខីភាព​នៃជំនឿរបស់ព្រះសហគមន៍អាស៊ីទៅចែករំលែកដល់គ្រីស្តបរិស័ទ​​កាតូលិកនៅអាល្លឺម៉ង់ថែមទៀត ដើម្បីឱ្យពួកគេបានយល់ដឹងកាន់តែច្រើន​​ពីភាពរស់រវើក និងប្រឈមមុខនានានៅអាស៊ី។

ទោះបីជា Missio Munich មិនមែនជាអង្គការធំដុំក៏ដោយ ប៉ុន្តែទំនាក់ទំនងដែលកសាងលើ «ទំនុកចិត្ត និងការរាប់អានផ្ទាល់ខ្លួន» ផ្តល់ផលវិជ្ជមាន និងភាពស្ថិតស្ថេរយូរអង្វែងជាងធ្វើការងារតាមរចនាសម្ព័ន្ធស្ថាប័នតែប៉ុណ្ណោះ។

Missio Munich មានសារមួយ​ស្របគ្នាយ៉ាងខ្លាំងជាមួយនឹងប្រធានបទធំនៃមហាសន្និបាត FABC ដែលថា ភាពជាស៊ីណូដាលត្រូវតែស្តែងចេញតាមរយៈ «ទំនាក់ទំនង» ដែលមានកិច្ចសន្ទនា ការចូលរួម និងការគោរពគ្នាទៅវិញទៅមកឆ្លងកាត់វប្បធម៌ និងទ្វីប៕

 

Daily Program

Livesteam thumbnail