Misereor ស្នើ​ឲ្យ FABC ពង្រឹង «សំឡេងព្យាការី» ដើម្បីអ្នកក្រីក្រ និងយុត្តិធម៌បរិស្ថាន

នៅក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃសហព័ន្ធក្រុមប្រឹក្សាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅសណ្ឋាគារ Mulia ក្រុងហ្សាការតា កាលពីថ្ងៃទី ២៣ ខែកក្កដា លោកបូជាចារ្យ បណ្ឌិត ​អាឌ្រីយ៉ាស ហ្វ្រីក (Andreas Frick) អគ្គនាយកនៃអង្គការ Misereor ជាភ្នាក់ងារអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាលោកអភិបាលកាតូលិកអាល្លឺម៉ង់ បានលើកឡើងថា ព្រះសហគមន៍នៅអាស៊ីត្រូវតែពង្រឹងតួនាទីរបស់ខ្លួនជា សំឡេងព្យាការី ការពារអ្នកក្រីក្រ ជនភៀសខ្លួន និងអ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយសារវិបត្តិរលកធាតុអាកាស ប្រសិនបើចង់ឱ្យព្រះសហគមន៍នៅតែមានភាពគួរឱ្យទុកចិត្តនៅក្នុងពិភពលោកបច្ចុប្បន្ន។

លោកបានបញ្ជាក់ថា បេសកកម្មរបស់ព្រះសហគមន៍មិនមែនត្រឹមតែជាការកែទម្រង់ផ្ទៃក្នុងនោះទេ ប៉ុន្តែត្រូវគ្របដណ្តប់លើការតស៊ូមតិដើម្បីយុត្តិធម៌ សន្តិភាព និងការការពារធម្មជាតិបង្កើតមក។ បច្ចុប្បន្ន Misereor កំពុងគាំទ្រគម្រោងអភិវឌ្ឍន៍ជិត ៣.០០០ គម្រោង ក្នុងប្រទេសចំនួន ៨៣ តាមរយៈកិច្ចសហការជាមួយអង្គការដៃគូជាង ១.៦០០ រួមទាំងភូមិភាគ និងស្ថាប័នព្រះសហគមន៍ជាច្រើននៅទូទាំងទ្វីបអាស៊ីផងដែរ។

ក្នុង​ការកសាងទំនាក់ទំនងរឹងមាំ និងស៊ីជម្រៅ លោក​បូជាចារ្យ​អាឌ្រីយ៉ាស មានប្រសាសន៍ថា Misereor ជាផ្នែកមួយនៃការកសាងស្ពាន គឺការជីករូងក្រោមដី—ពោលគឺការបង្កើតទំនាក់ទំនងចេញពីខាងក្រោម ដោយមានគ្រឹះយ៉ាងរឹងមាំ។

ស្ថាប័ននេះ បាន​ចូលរួម​ជាមួយ​ស្ថាប័ន​ព្រះសហគមន៍​នានា​ដើម្បី​បន្ត​កិច្ចការងារ​របស់​ព្រះសហគមន៍​សម្រាប់អ្នកក្រីក្រ និង​បរិស្ថាន។ លោក​បាន​លើកឡើងថា «យើងរួមគ្នាប្តេជ្ញាធានាថា ព្រះសហគមន៍នៅតែជាសំឡេងទំនាយសម្រាប់អ្នកដែលនៅរស់នៅឯជើងមេឃ/រឹមសង្គម និងជាអ្នកតស៊ូមតិដើម្បីយុត្តិធម៌ សន្តិភាព និងការផ្លាស់ប្តូរចិត្តគំនិតផ្នែកបរិស្ថាន»

លោកបាន​ប្រាប់​ទៀតថា ភាពជាស៊ីណូដាល គឺអាស្រ័យលើសំឡេងរបស់ស្ត្រី យុវជន និងគ្រហស្ថ។ ការធានានូវកិត្តិយស ផ្ដល់ការគោរព និងបង្កើតកន្លែងប្រកបដោយសុវត្ថិភាពសម្រាប់ពួកគេ នៅតែជាទំនួលខុសត្រូវដ៏សំខាន់មួយរបស់យើង។

លោកឪពុក​អាឌ្រីយ៉ាស ហ្វ្រីក បានចង្អុលបង្ហាញថា «យុត្តិធម៌បរិស្ថាន» (climate justice) គឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយនាពេលបច្ចុប្បន្ន។ ការបំផ្លាញបរិស្ថានមិនអាចកាត់ផ្តាច់ចេញពីបញ្ហាភាពក្រីក្រ ជនអន្តោប្រវេសន៍​ ជម្លោះដណ្តើមធនធានធម្មជាតិ និងសមភាពសង្គមនោះឡើយ។ លោកបានកោតសរសើរ FABC ដែលបានលើកយកបញ្ហាបរិស្ថានមកពិភាក្សាតាំងពីឆ្នាំ ២០១១ និងបានជំរុញឱ្យព្រះសហគមន៍នៅអាស៊ីបន្តឆ្លើយតបតាមរបៀបគង្វាលកិច្ចព្រះសហគមន៍​ ដែលមានភាពប្រទាក់ក្រឡាគ្នា។

លោកបានពន្យល់ថា ភាពជាដៃគូពិតប្រាកដទាមទារការបណ្ដាក់ទុនដោយអត់ធ្មត់លើ «ទំនុកចិត្ត និងសាមគ្គីភាព» ពីបាតគ្រឹះ ជំនួសឱ្យការស្វែងរកតែដំណោះស្រាយបណ្តោះអាសន្ន ឬលើផ្ទៃខាងលើ។

ដំណើរការស៊ីណូដាល នឹងមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការចូលរួមយ៉ាងសកម្មពីសំណាក់ស្ត្រី យុវជន និងគ្រហស្ថ។ ព្រះសហគមន៍ត្រូវតែពិនិត្យមើលឡើងវិញនូវរចនាសម្ព័ន្ធ និងការអនុវត្តជាក់ស្តែងរបស់ខ្លួន ដើម្បីធានាថាបានផ្តល់កិត្តិយស និងកន្លែងសុវត្ថិភាពសម្រាប់គ្រប់គ្នាក្នុងការបញ្ចេញមតិ និងចែករំលែកការទទួលខុសត្រូវ។

ការផ្លាស់ប្តូរចិត្តគំនិតបែបស៊ីណូដាល មិនមែនវាស់វែងត្រឹមតែរបៀបដែលព្រះសហគមន៍កែទម្រង់ជីវិតផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាស់វែងលើភាពស្មោះត្រង់របស់ព្រះសហគមន៍ក្នុងការឈរជើងការពារជនងាយរងគ្រោះ និងការធ្វើជាសាក្សីដល់យុត្តិធម៌ សន្តិភាព និងភាពគង់វង្សនៃធម្មជាតិបង្កើតមក៕

 

Daily Program

Livesteam thumbnail