សម្តេច ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជាគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌ និងគោរពលទ្ធផលនៃការបោះឆ្នោត
ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោហ៊ុនសែនប្រកាសជាឱឡារិកនូវការចូលរួមក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នេះ ដោយគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះតាមរយៈសារលិខិតក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តទី៤ ដែលចាប់ផ្តើមពីថ្ងៃទី១៧ ខែឧសភា នេះ។
សម្តេចបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា និងរូមសម្តេចផ្ទាល់ សូមសម្ដែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរូបសម្តេចនៅគ្រប់កាលៈទេសៈ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ «តាមរយៈការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លារបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ក្នុងការថែរក្សាសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន»។
សម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាន ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងនៅទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំង ប្រាជ្ញា ក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។
សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការអភិវឌ្ឍសង្គមជាតិយើងពិសេស ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
សម្តេចបន្តថា ៖ «គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកនូវការចូលរួមក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នេះ ដោយគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត»។
គណបក្សប្រជាជនកម្ពុជាចូលរួមជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋានចម្រើនជឿនលឿននានាក្នុងសង្គម និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោត ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាព។
ក្នុងស្មារតីនេះ សម្តេចបានអំពាវនាវដល់សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងទាំងអស់នៅទូទាំងប្រទេស ទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាជោគវាសនាដ៏រុងរឿងរបស់ប្រទេសជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់៕