​រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នឹង​បំពេញទស្សនកិច្ច​ផ្លូវ​ការ​នៅប្រទេសចំនួន​៣ ចាប់ពីថ្ងៃស្អែកនេះ រហូតដល់​ចុងខែ​

លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ នឹងអញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន និងសា​ធារណរដ្ឋតួកគី ព្រមទាំងចូលរួមកិច្ចប្រជុំសហគ្រិនហ្វង់កូហ្វូន នៅប្រទេសម៉ារ៉ុក។

យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស បានឱ្យដឹងថា​ សុខ ចិន្តាសោភា នឹង​អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ ប្រជាមានិតចិន និងសាធារណរដ្ឋតួកគី ពីថ្ងៃទី ២៤ ដល់ ២៩ ខែឧសភា។

ការបំពេញទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់ លោក វ៉ាង យី សមាជិកការិយាល័យន​យោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ច ការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណ រដ្ឋប្រជាមានិតចិន និងលោក ហាកាន់ ហ្វីដាន់ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋតួកគី។

ក្រសួងបានបន្តទៀតថា បន្ទាប់ពីការបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួកគី លោកឧប​នាយ​ក​រដ្ឋមន្រ្តី នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន លើកទី៤ ពីថ្ងៃទី៣០ ដល់ទី​៣១ ខែឧសភា នៅទីក្រុងម៉ារ៉ាកិក ប្រទេសម៉ារ៉ុក តបតាមការអញ្ជើញរបស់ លោក ចាគីប អាល ប្រ​ធា​នសហព័ន្ធទូទៅនៃសហគ្រាស ម៉ារ៉ុក និង លោក ហ្សេហ្វយ រូ ដឺ បេស្សី ប្រធានសម្ព័ន្ធនិយោ​ជកហ្វ្រង់កូហ្វូន។

ក្នុងពេលស្នាក់នៅប្រទេសចិន ពីថ្ងៃទី ២៤ ដល់ ២៥ ខែឧសភា ​លោក សុខ ចិន្តាសោភា និង លោក វ៉ាង យី នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីមធ្យោបាយនានា ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញនូវមិត្តភាពដែកថែបដ៏រឹងមាំដែលមានស្រាប់ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេស ទាំងពីរ ដើម្បីអបអរសាទរឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។

លោកឧបនាយករដ្ឋមន្ត្រី គ្រោងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហាន ចឹង អនុប្រ​ធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងជួបជាមួយលោក ចាង ជៀនហ័រ សមាជិកក្រុមដឹកនាំនៃ បក្សកុម្មុយនីស្តចិនប្រចាំគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ ប្រធានរដ្ឋបាលថា​មពលជាតិ ហើយនឹងមានជំនួបសំណេះសំណាល ជាមួយ សហគមន៍ខ្មែរ រួមទាំងនិស្សិតដែលកំពុងសិក្សា និងស្នាក់នៅទីនោះផងដែរ។

នៅប្រទេសតួកគីនៅថ្ងៃទី២៧ ខែឧសភា លោកឧបនាយករដ្ឋមន្រ្តី នឹងចូលរួមពិសារ​អា​ហារថ្ងៃត្រង់ធុរកិច្ច ដែលឯកឧត្តមនឹងពិភាក្សាអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសកម្ពុជា និងតួកគី។ នៅថ្ងៃទី២៨ ខែឧសភា លោកនឹងចូលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយឥស្សរជនតួកគីទាំងផ្នែកនីតិប្រតិបត្តិ និងនី​តិបញ្ញត្តិផងដែរ។

នៅថ្ងៃទី២៩ ខែឧសភា លោក សុខ ចិន្តាសោភា និង សមភាគីតួកគី ឯកឧត្តម ហាកាន់ ហ្វីដាន់ នឹ​ងមានកិច្ចប្រជុំទ្វេភាគី ដើម្បីស្វែងរកមធ្យោបាយថ្មីៗ ក្នុងការពង្រឹងយន្តការដែលមានស្រាប់លើ​គ្រប់វិស័យ និងរិះរកបន្ថែមទៀតនូវសក្តានុពល ថ្មីៗ លើ គ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។

រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏នឹងផ្លាស់ប្ដូរទស្សនៈគ្នាលើការវិវឌ្ឍថ្មីៗ នៅក្នុងតំបន់ និងអន្តរជាតិ។ លើលពីនេះ ឯកសារនៃកិច្ចសហប្រតិបត្តិ ការមួយចំនួនត្រូវបានរំពឹងថានឹងត្រូវបានចុះហត្ថលេខា ក្នុងអំឡុងកិច្ចប្រជុំនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសតួកគី ​ឧបនាយករដ្ឋមន្រ្តី ក៏នឹងមានជំនួបសំណេះសំណាលជា​មួយសហគមន៍ខ្មែរ និងនិស្សិត ផងដែរ។ ដំណើរទស្សនកិច្ចនេះនឹងផ្តល់ជា សក្ខីភាពយ៉ាងច្បា​ស់នៃចំណងមិត្តភាពដ៏រឹងមាំ និងប្រកបដោយភាពស្និទ្ធស្នាល ព្រមទាំងលើក កម្ពស់ទំនាក់ទំនងរីកចម្រើនរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា និងតួកគីកំពុងប្រារព្ធខួបលើក ទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៤ នេះ។

ចំណែក នៅប្រទេសម៉ារ៉ុកពីថ្ងៃទី៣០ ដល់ ៣១ ខែឧសភា លោកនឹងធ្វើបទអន្តរាគមន៍ ក្នុងពិធីបើកសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន លើកទី៤ ក្រោមមូលបទ «ការពង្រឹងសមត្ថភាពប្រកួតប្រជែង និងភាពធន់នៃសហគ្រាសហ្វ្រង់កូហ្វូន៖ តើគេរំពឹងចង់បានការ គាំទ្រអ្វីខ្លះពីរដ្ឋាភិបាល?» ដោយមានការចូលរួមពីឥស្សរជនក្នុងវិស័យសាធារណៈ និងឯកជន។ លោកក៏​នឹងមានជំនួបជាមួយ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គ លេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-អង្គការ OIF ជាពិសេស បេក្ខភាពកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦៕

Daily Program

Livesteam thumbnail