ការចូលរួមរបស់កុមារ និងយុជននៅក្នុងយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ លើកទី៤សម្រាប់ប្រទេសកម្ពុជា
ការត្រួតពិនិត្យជាសកលតាមកាលកំណត់ (យូ ភី អ) គឺជាយន្តការមួយរបស់អង្គការសហ ប្រជាជាតិ (អ.ស.ប) ដើម្បីពិនិត្យមើលស្ថានភាពសិទ្ធិមនុស្ស តាមរយៈរដ្ឋដែលជាសមាជិក ដទៃទៀតផ្តល់ជា អនុសាសន៍ដើម្បីលើកស្ទួយសិទ្ធិមនុស្ស តាមរយៈការវាយតម្លៃពីស្ថានភាពសិទ្ធិរួមទាំងសិទ្ធិកុមារ ផងដែរ។
ប្រទេសកម្ពុជាបានទទួលនូវអនុសាសន៍ចំនួន២៧៧ ពីប្រទេសចំនួន ១០០ ដែលក្នុង នោះមានអនុសាសន៍ចំនួន៧១ ដែលពាក់ព័ន្ធនឹងកុមារ មានដូចជា ការពន្លឿនការអនុម័តច្បាប់ការពារកុមារជាដើម កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ។
អង្គការសម្ព័ន្ធសិទ្ធិកុមារនៅកម្ពុជា (CRC-Cambodia) ជាអង្គការមួយដែលធ្វើការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់កុមារ គ្រោងរៀបចំសិក្ខាសាលាដែលមានលក្ខណៈបែបការចូលរួម «ការអនុវត្តបន្តរបស់អ្នក ដើម្បីសិទ្ធិរបស់ខ្ញុំ» ជាមួយកុមារ និងយុវជន នៅថ្ងៃទី១៩ និង២០ ខែមិថុនា ឆ្នាំ២០២៤។
តាមរយៈការគាំទ្រពីអង្គការដែនដីមនុស្ស-ហូឡង់ដ៏ (TdH NL) និងអង្គការអាក់ស្យុង និង អ៊ីយូខេសិន (Action and Education) ដែលមានការចូលរួមពីកុមារ និងយុវជនប្រហែល ៤៥នាក់ មកពី ខេត្តសៀមរាបតាកែវ បាត់ដំបង ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ កំពត កំពង់ស្ពឺ ស្វាយរៀង កំពង់ឆ្នាំង និងរាជធានីភ្នំពេញ។
តំណាងកុមារ និងយុវជន ពីក្រុមតំណាងយុវវ័យ និងយុវជន(AYRG) បណ្តាញកុមារអ្នកតស៊ូមតិ(CAN) និងក្រុមចលនាកុមារនិងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ (CCYMCR) ដើម្បីធ្វើការត្រួតពិនិត្យអនុសាសន៍ថ្មីរបស់ យូ ភី អ ជាពិសេសការអប់រំ ការការពារកុមារ សុខភាព និងការចូលរួមរបស់កុមារ និងយុវជន ក្រុមកុមារនិងមានឱកាសក្នុងសម្តែងមតិយោបល់ និងសម្លេងរបស់ពួកគេទៅកាន់តំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាដែលធ្វើការលើវិស័យលើកកម្ពស់សិទ្ធិកុមារ។
នាប៉ុន្មានខែខាងមុខទៀត អង្គការសម្ព័ន្ធសិទ្ធិកុមារនៅកម្ពុជា (CRC-Cambodia) អង្គការ TdH NL អង្គការអាក់ស្យុង និងអ៊ីយូខេសិន និងដៃគូផ្សេងៗទៀត និងយកអនុសាសន៍ពីតំណាងក្រុមកុមារ និងយុវជនដើម្បីធ្វើបទបង្ហាញទៅកាន់រាជរដ្ឋាភិបាលកម្ពុជា មានដូចជាគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា (CHRC)និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ(CNCC) ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់កុមារ។
លោក យាន ឡាយ ប្រធានអង្គការសម្ព័ន្ធសិទ្ធិកុមារនៅកម្ពុជា បានមានប្រសាសន៍ថា ៖ «ដំណើរនៃការ ចូលរួមពិតជាមានសារៈសំខាន់បំផុត ដើម្បីធានាថាការងាររបស់យើងដែលធ្វើជាមួយរាជរដ្ឋាភិបាល កម្ពុជានៅពេលអនាគតបានដាក់បញ្ចូលនូវតម្រូវការរបស់កុមារ»។
លោកស្រី Zoe de Melo ប្រធានគម្រោងប្រចាំអង្គការ TdH NL ក៏បានលើកឡើងផងដែរថា ៖ «ការឆ្លុះបញ្ចាំងនូវអនុសាសន៍ថ្មីដែលពាក់ព័ន្ធនឹងកុមារសម្រាប់ប្រទេសកម្ពុជា ជាជំហានមួយដ៏មានសារៈសំខាន់ដែលយើងត្រូវធ្វើការរួមគ្នាដើម្បីបង្កើនស្ថានភាពសិទ្ធិកុមារនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរនៅពេលខាងមុខ»៕