កម្ពុជា និងសាធារណរដ្ឋកូរ៉េ ឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត»
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបជាមួយលោក យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។
ក្នុងជំនួបនាព្រឹកថ្ងៃទី១៦ ខែឧសភា លោកប្រធានាធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការមកបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋកូរ៉េ។
ជាមួយគ្នានេះ លោកប្រធានាធិបតី បានបញ្ជាក់ថា ៖ «ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សាធារណរដ្ឋកូរ៉េ-ព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត»។ នេះបើយោងតាមខ្លឹមសារនៃជំនួបដែលបានផ្សព្វផ្សាយតាមរយៈតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត។
ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ ប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនកូរ៉េ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងយូរអង្វែងនៃប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយគ្របដណ្តប់លើវិស័យសំខាន់ៗរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ និងវិស័យផ្សេងៗទៀត។
ខ្លឹមសារនៃជំនួបនេះបានបញ្ជាក់ថា ៖ «ជាលទ្ធផល ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងដំឡើងកម្រិតទំនាក់ទំនងទៅជា ភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព»។
ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើការខិតខំជំរុញពាណិជ្ជកម្មនិងវិនិយោគឱ្យកាន់តែល្អប្រសើរតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (Cambodia-Korea FTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
ទន្ទឹមនឹងនោះដែរ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាជំរុញឱ្យកាន់តែល្អប្រសើរនៃទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។
ចំណែកវិស័យការពារជាតិនិង សន្តិសុខ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងជិតស្និទ្ធរវាងកម្ពុជា-កូរ៉េ លើការហ្វឹកហាត់ផ្នែកយោធារួមគ្នា លើកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព តាមរយៈភាពជាដៃគូត្រីភាគីរវាងអង្គការសហប្រជាជាតិ-កូរ៉េ-កម្ពុជា (UN-ROK-Cambodia) និងលើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន។ ក្នុងនោះរួមមាន៖ បទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអ៊ិនធឺណិត ជាដើម។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាលើវិស័យកសិកម្ម ការងារ ហេដ្ឋារចនាសម្ព័ន្ធ បរិវត្តកម្មឌីជីថល វប្បធម៌ និងសិល្បៈ។
ថ្នាក់ដឹកនាំទាំងពីរក៏បានបន្តពិភាក្សាគ្នាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលក្នុងនោះ សម្តេចធិបតី បានវាយខ្ពស់ចំពោះកិច្ចសហការរបស់កូរ៉េ ដែលបានចូលរួមជួយចំណែកនៅក្នុងក្របខ័ណ្ឌមេគង្គ និងការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ អាស៊ាន-កូរ៉េ (ASEAN-Korea Comprehensive Strategic Partnership) ជាដើម៕