ឯកអគ្គរដ្ឋទូតរុស្ស៊ីបរិហារអំពី ការពាក់ព័ន្ធ របស់បារាំង ក្នុងជម្លោះរុស្ស៊ីនិងអ៊ុយក្រែន
ឯកអគ្គរដ្ឋទូតរុស្ស៊ីនៅបារាំងត្រូវបានកោះហៅ កាលពីថ្ងៃចន្ទ នៅក្រសួងការបរទេសបារាំងនៅទីក្រុងប៉ារីស បន្ទាប់ពីការស្លាប់របស់បុគ្គលិកមនុស្សធម៌បារាំងពីរនាក់នៅក្នុងការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន។ ចំណែកឯកអគ្គរដ្ឋទូតរុស្ស៊ី បានបរិហារអំពីការពាក់ព័ន្ធដែលកាន់តែកើនឡើងរបស់ទីក្រុងប៉ារីសនៅក្នុងជម្លោះនៅអំឡុងពេលសន្ទនា។
ស្ថានទូតរុស្ស៊ីនៅអំឡុងសេចក្តីប្រកាសដែលផ្សព្វផ្សាយនៅលើតេឡេក្រាម បានបញ្ជាក់ថា ៖ “ឯកអគ្គរដ្ឋទូតរុស្ស៊ីបានបញ្ជាក់អំពីទង្វើគ្មានទំនួលខុសត្រូវ និងគ្រោះថ្នាក់នៃការពាក់ព័ន្ធដែលកាន់តែច្រើនឡើងរបស់ទីក្រុងប៉ារីសនៅក្នុងជម្លោះនៅអ៊ុយក្រែន”។
យោងតាមប្រភពការទូតមួយ បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតរុស្ស៊ីនៅប្រទេសបារាំង លោកអាឡិចហ្ស៉ី មេស្កូវ ត្រូវបានកោះហៅកាលពីថ្ងៃចន្ទ ទៅកាន់ក្រសួងការបរទេសបារាំង ដើម្បីបញ្ជាក់អំពីការថ្កោលទោសនៃការវាយប្រហាររបស់រុស្ស៊ីដែលបានសម្លាប់បុគ្គលិកមនុស្សធម៌បារាំងចំនួន ២នាក់ នៅអ៊ុយក្រែន កាលពីសប្តាហ៍មុន។
ទីក្រុងប៉ារីសក៏បានបរិហារអំពីការកើនឡើងនូវព័ត៌មានក្លែងដែលដាក់គោលដៅគឺបាញ់ចំប្រទេសបារាំង ក្រោយប៉ុន្មានថ្ងៃ ដែលក្រសួងការពារជាតិបារាំងបានកំណត់អត្តសញ្ញាណនូវក្រុមមួយដែលសម្របសម្រួលដោយប្រទេសរុស្ស៊ីដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលពាក់ព័ន្ធនឹងប្រទេសបារាំង។ ភាពតានតឹងរវាងប្រទេសបារាំង និងរុស្ស៊ី បានលេចឡើងថ្មីៗ លើប្រធានបទអ៊ុយក្រែន។ ទីក្រុងមូស្គូ បានស្តីបន្ទោសការជំរុញទឹកចិត្តខាងយោធាខ្លាំងក្លារបស់បារាំងឲ្យអ៊ុយក្រែន បន្ទាប់ពីការប្រកាសអំពីការផ្គត់ផ្គង់អាវុធថ្មីៗ ទៅឲ្យទីក្រុងគៀវ។
ចំណែកនៅសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៤ ខែកុម្ភៈ ព្រឹទ្ធសភាអាម៉េរិកបានរកឃើញនូវកិច្ចព្រមព្រៀងរវាងអ្នកប្រជាធិបតេយ្យ និងអ្នកសាធារណរដ្ឋ ដើម្បីបញ្ចេញជំនួយថ្មីសម្រាប់អ៊ុយក្រែន លើអត្ថបទច្បាប់ដែលប្រធានាធិបតីអាម៉េរិក លោកចូ បាយឌិន បានអំពាវនាវឲ្យអនុម័តឲ្យលឿន តែត្រូវប៉ះទង្គិចនឹងការប្រឆាំងរបស់ក្រុមសាធារណរដ្ឋនៅសភាតំណាងរាស្រ្ត។
លោកដូណាល់ត្រាំ បានអំពាវនាវឲ្យសមាជិកគណបក្សសាធារណរដ្ឋនៅព្រឹទ្ធសភាប្រឆាំងនឹងកិច្ចព្រមព្រៀងដែលត្រៀមសម្រាប់កញ្ចប់ថវិកា ៦០ពាន់លានដុល្លារឲ្យដល់ទីក្រុងគៀវ។ នៅលើបណ្តាញសង្គម Truth Social របស់លោក លោកបានវាយតម្លៃថា ៖ “មានតែមនុស្សឆ្កួត និងអ្នកប្រជាធិបតេយ្យនៃក្រុមឆ្វេងជ្រុលនិយម នឹងបោះឆ្នោតគាំទ្រពង្រាងច្បាប់ដ៏អាក្រក់អាក្រីនេះ”។
កាលពីល្ងាចថ្ងៃអាទិត្យ ព្រឹទ្ធសភាអាម៉េរិកបានបង្ហាញអត្ថបទច្បាប់មួយជាលទ្ធផលនៃការរៀបចំរយៈពេលជាច្រើនខែដែលត្រៀមសម្រាប់ជំនួយដល់អ៊ុយក្រែន ១៤ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល និងការកែទម្រង់ប្រព័ន្ធអន្តោប្រវេសន៍អាម៉េរិក។
អតីតប្រធានាធិបតីអាម៉េរិក និងជាបេក្ខភាពប្រធានាធិបតីអាម៉េរិកនៅខែវិច្ឆិកាខាងមុខ បានសង្កត់ធ្ងន់ថា ៖ “យើងត្រូវការពង្រាងច្បាប់ដាច់ឡែកសម្រាប់បញ្ហាអន្តោប្រវេសន៍។ វាមិនត្រូវពាក់ព័ន្ធនឹងជំនួយសម្រាប់បរទេសមិនថាបែបណាក៏ដោយ”។
ដើម្បីត្រូវបានអនុម័ត កញ្ចប់ថវិកានេះ ត្រូវតែមានការយល់ព្រមនៅព្រឹទ្ធសភា បន្ទាប់មកនៅសភាតំណាងរាស្រ្ត នេះហើយដែលធ្វើឲ្យសំណុំរឿងនេះមានលក្ខណៈស្មុគស្មាញ។
នៅលើសមរភូមិអ៊ុយក្រែន ប្រធានាធិបតី លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានទៅធ្វើទស្សនកិច្ចទាហាននៅក្នុងភូមិ រ៉ូបូទីណេ នៅភាគខាងត្បូងប្រទេស។ លោកហ្សេឡេនស្គី បានថ្លែងថា លោកនិយាយជាមួយអ្នកការពារជាតិ។ លោកអរគុណពួកគាត់ ហើយលោកក៏បានរៀបចំកម្មវិធីផ្តល់រង្វាន់ដល់ពួកគាត់ផងដែរ។