ឧបទ្ទហេតុនៃការលេចផ្លាយសារធាតុគីមីចូលក្នុងស្ទឹងណាម ខាន់ ដៃទន្លេមេគង្គ ពុំមានផលប៉ះពាល់ដល់គុណភាពនៃស្ទឹង និង​ទន្លេមេគង្គទេ

ក្រសួងធនធានទឹក និងឧតុនិយមបាន​ជូនដំណឹង​ឱ្យដឹងថា ឧបទ្ទហេតុនៃការលេចផ្លាយសារធាតុគីមី ចូលក្នុងស្ទឹងណាម ខាន់ ដៃទន្លេមេគង្គ ក្នុងប្រទេសឡាវ កាលពីថ្ងៃទី​៣ ខែមេសាកន្លងទៅនេះ ពុំមានផលប៉ះពាល់ដល់គុណភាពនៃស្ទឹងណាម ខាន់ និងទន្លេមេគង្គឡើយ។

យោងតាមសេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក កាលពីថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៤ បានឱ្យដឹងថា កម្ពុជាបានទទួលនូវព័ត៌មានបឋមពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ជម្រាបមកប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ អំពីឧបទ្ទហេតុនៃការលេចធ្លាយចូលក្នុងស្ទឹងណាម ខាន់ (Nam Khan River) ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ។

ក្រសួង​បានបន្តថា ការលេចធ្លាយនេះ ​បណ្តាលមកពីឧបទ្ទហេតុនៃការក្រឡាប់ រថយន្តដឹកសារធាតុគីមី នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ស្ទឹងណាម ខាន់ ជាដៃទន្លេមេគង្គ ហូរចាក់ចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួ​ងប្រាបាង ហើយមានចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវ ដល់ទីនោះ ប្រមាណ ១ ៣៧០គម ខាងលើ​ក្រុងប៉ាក់សេ ប្រមាណ ១ ២២០គម និងខាងលើរដ្ឋធានីវៀងចន្ទន៍ ប្រមាណ ៥០០គម។ នៅខាងក្រោមទីក្រុងហ្លួងប្រាបាង ចម្ងាយប្រមាណ ១២០គម មានទំនប់វារីអគ្គិសនី សាយ៉ាបូរី នៅ​លើដងទន្លេមេគង្គ។

តាមការជូនដំណឹងពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សារធាតុគីមីដែលកំពប់នោះ គឺអាស៊ីដស៊ុលផួរិច ដែលមានបរិមាណសរុបប្រហែល ៣០តោន តែហូរចូលក្នុងទឹកមិនទាំងអស់ទេ។ ករណីនេះ នាយកដ្ឋានបរិស្ថានឡាវ បាន សហការជាមួយការិយាល័យក្រុងហ្លួងប្រាបាង អ​នុវត្តវិធានការត្រួតពិនិត្យដើម្បីឆ្លើយតបទៅនឹងស្ថានភាពខាងលើនេះ។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា ដោយសារការចាត់វិធានការរបស់អាជ្ញាធរ និងផ្នែកជំនាញពា​ក់ព័ន្ធរបស់ឡាវ និងដោយផ្អែកលើលទ្ធផលនៃការចុះ ពិនិត្យអង្កេតជាក់ស្តែងដោយលេខាធិការដ្ឋា​នគណៈកម្មការទន្លេមេគង្គ និងស្ថាប័នជំនាញពាក់ព័ន្ធរបស់ឡាវ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២​០​២៤ បង្ហាញថា ពុំមានផលប៉ះពាល់ដល់គុណភាពនៃស្ទឹងណាម ខាន់ និងទន្លេមេគង្គ ដែលបង្កឡើងដោយឧបទ្ទហេតុ នៃការក្រឡាប់រថយន្តដឹកសារធាតុគីមីនោះទេ។

លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បាននិងកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីពិនិត្យតាមដានវាយតម្លៃជាបន្ត ដើម្បីធានាដល់កិច្ចការពារបរិស្ថាន និងសុខភាពសាធារណៈរបស់ប្រ​ជាពលរដ្ឋរស់នៅតាមដងទន្លេ។

ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ អំពីផលប៉ះពាល់ដែលអាចកើតមានពីករណីឧបទ្ទហេតុខាងលើ មកលើគុណភាពទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា និងធ្វើការជូនដំណឹងបន្ថែម ក្នុងករណីចំាបាច់៕

Daily Program

Livesteam thumbnail