ឥទ្ធិពលជាចង្វាក់នៃការរាំងខ្ទប់ច្រកសមុទ្រអ័រមូស
ការរាំងខ្ទប់ច្រកសមុទ្រអ័រមូសមិនត្រឹមតែបង្កវិបប្លាសដល់តម្លៃប្រេងប៉ុណ្ណោះទេ។ វាក៏ គំរាមកំហែងដល់ការផ្គត់ផ្គង់លើពិភពលោកនូវប្រេងការ៉ូសែន ឬប្រេងយន្តហោះ ជី ឧស្ម័នកាបូនិកសម្រាប់ឧស្សាហកម្ម និងនាហ្វតា ថ្នាំរាវដែលងាយឆេះ ព្រមទាំងជាគន្លឹះហានិភ័យនៃការខ្វះខាត ការហក់ឡើងនូវតម្លៃចំណីអាហារ និងភាពតានតឹងខាងសង្គមនៅគ្រប់ទីកន្លែងនៅ លើពិភពលោក។
ស្ថានភាពហាក់ដូចជាមិនស្ថិតនៅលើផ្លូវនៃការល្អប្រសើរឡើងនោះទេ។ ដោយប្រតិកម្មនឹងការបិទខ្ទប់ច្រកសមុទ្រអ័រមូសដោយអ៊ីរ៉ង់ និងបន្ទាប់ពីការបរាជ័យនៃការចរចាសន្តិភាពនៅ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១៣ ខែមេសា ទាហានអាម៉េរិក បានបង្កើតការរាំងខ្ទប់រាល់ ចរាចរណ៍សមុទ្រទាំងអស់ដែលមកពីទីនោះ ឬមានគោលដៅទៅកាន់កំពង់ផែអ៊ីរ៉ង់ដែរ។
តាំងតែពីថ្ងៃទី១៥ ខែមេសា នាវានានាត្រូវបានរារាំងមិនឲ្យចាកចេញពីកំពង់ផែអ៊ីរ៉ង់ ដែល ៩០% នៃសេដ្ឋកិច្ចអ៊ីរ៉ង់អាស្រ័យលើពាណិជ្ជកម្មសមុទ្រ។ សហរដ្ឋអាម៉េរិក ក៏បានប្រកាសអំពីការពង្រឹងទណ្ឌកម្មប្រឆាំងនឹងវិស័យប្រេងអ៊ីរ៉ង់ផងដែរ។
ជាការឆ្លើយតប ប្រមុខយោធាអ៊ីរ៉ង់ លោកអាលី អាបដុលឡាហ៊ី បានបង្ហាញរូបភាពគំរាម កំហែងរាំងខ្ទប់ច្រកសមុទ្រក្រហម បន្ថែមពីលើច្រកសមុទ្រអ័រមូស។
ចំណែកលើទីផ្សារហិរញ្ញវត្ថុក៏មានប្រតិកម្មភ្លាមៗ។ តម្លៃប្រេងបានហក់ឡើងជាង ១០០ ដុល្លារ ក្នុងមួយបារ៉ែល ហើយតម្លៃឧស្ម័នបានកើនឡើងជាង ១២%។ នៅក្នុងបរិបទដ៏ពុះកញ្ជ្រោល នេះ ការរាំងខ្ទប់នៃច្រកសមុទ្រអ័រមូសលែងកម្រិតនៅត្រឹមវិបត្តិថាមពលទៀតហើយ។ វាក៏បង្ក ទៅជាឥទ្ធិពលជាខ្សែចង្វាក់ ចាប់តាំងពីការខ្វះខាតប្រេងការ៉ូសែន ប្រេងចាកយន្តហោះ រហូតទៅដល់ហានិភ័យនៃវិបត្តិចំណីអាហារ។
សម្រាប់ពេលនេះ អាស៊ីគឺជាទ្វីបដែលរងផលប៉ះពាល់បំផុតដោយការលំបាកពាក់ព័ន្ធនឹងការ កើនឡើងនូវតម្លៃវត្ថុធាតុដើម ហើយបើវិបត្តិនេះបន្តយូរទៅៗ វានឹងពង្រីកយ៉ាងលឿន ពាសពេញពិភពលោក ហើយជាដំបូងទៅដល់អាហ្វ្រិក។
នៅត្រើយម្ខាងនៃមហាសមុទ្រអាត្លង់ទិក ប្រទេសប្រេស៊ីលដែលជាមហាអំណាចកសិកម្មដ៏ធំក៏បានទិញជី២០%របស់ខ្លួនពីតំបន់ឈូងសមុទ្រដែរ។ ការធ្វើគំរូតាងរបស់អង្គការសហប្រជាជាតិវាយតម្លៃថា ផលិតករធញ្ញជាតិអាម៉េរិកឡាទីន អាចនឹងជួបការធ្លាក់ ថយចុះនូវប្រាក់ចំណូលជាង ៧% នៅឆ្នាំ២០២៦។ នេះគឺជាបាតុភូតដែលនឹងមានវិបាកផ្ទាល់ ទៅលើតម្លៃចំណីអាហារពិភពលោក។
លើសពីការធ្វើពាណិជ្ជកម្មជីកសិកម្មដែលមានប្រភពមកពីប្រទេសតំបន់ឈូងសមុទ្រ គឺ ផលិតកម្មជីដោយខ្លួនឯងរបស់ប្រទេសនានាក៏នឹងរងផលប៉ះពាល់ពីវិបត្តិនេះដែរ។ ការកើន ឡើងនូវតម្លៃឧស្ម័នបានបង្កជាការបិទមួយផ្នែក ឬការកាត់បន្ថយផលិតកម្មនៅក្នុងរោងចក្រជីជាច្រើននៅប្រទេសឥណ្ឌា ម៉ាឡេស៊ី និងនៅបង់ក្លាដេស។
លោកស្រីស៊ីលវី ប៊្រូណេល សេដ្ឋកិច្ចវិទូ និងអ្នកភូមិសាស្រ្ត បានផ្តល់សម្ភាសន៍ដល់គេហទំព័រ អាត្លង់ទីកូ បញ្ជាក់ថា ប្រទេសនៅអនុតំបន់សាហារ៉ាពឹងអាស្រ័យលើការនាំចូលចំណីអាហារសម្រាប់ចិញ្ចឹមប្រជាជននៅទីក្រុងនានា ហើយតម្លៃចំណីអាហារគឺជាអ្នកកំណត់លក្ខខណ្ឌនៃសន្តិភាពសង្គម ហើយដែលពួកគេមិនអនុញ្ញាតឲ្យមានការខ្វះខាតនៃមធ្យោបាយផលិតកម្មរបស់ខ្លួនបានទេក្នុងផ្នែកនយោបាយ។ លោកស្រីបានពន្យល់ថា ៖ “រាល់ពេលដែលមានការខ្វះខាត (តួយ៉ាងសម័យ រីករាលដាលនៃជំងឺកូវីដនៅឆ្នាំ២០២០) វាគឺជារយៈពេលនៃការកើនឡើងនៃភាពអត់ឃ្លាន ជាមួយនឹងភាពវឹកវរខាងនយោបាយទាំងឡាយ ដែលតាមក្រោយនាពេលបន្ទាប់មក”។