អ្នករៀបចំ WYD នៅទីក្រុងសេអ៊ូល អំពាវនាវដល់បេសកជនកាតូលិកឌីជីថលអាស៊ី ឱ្យជួយផ្សព្វផ្សាយទៅកាន់យុវជនឱ្យបានកាន់តែច្រើន

គណៈកម្មាធិការរៀបចំទិវាយុវជនពិភពលោក (WYD) ទីក្រុងសេអ៊ូល ឆ្នាំ២០២៧ បានអំពាវនាវយ៉ាងទទូចដល់បេសកជនកាតូលិកឌីជីថលក្នុងតំបន់អាស៊ី ឱ្យជួយផ្សព្វផ្សាយសារ និងនាំយករសជាតិនៃព្រឹត្តិការណ៍នេះទៅកាន់យុវជនរាប់លាននាក់ ដែលមិនអាចធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងបាន ដោយសារបញ្ហាចម្ងាយផ្លូវ និងថវិកា។
កញ្ញា Stephanie Sun ប្រធានផ្នែកទំនាក់ទំនងសកលសម្រាប់ទិវាយុវជនពិភពលោក WYD ទីក្រុងសេអ៊ូល ឆ្នាំ២០២៧ បានថ្លែងក្នុងអំឡុងកិច្ចប្រជុំបេសកជនកាតូលិកឌីជីថលអាស៊ីលើកទី១ ក្នុងក្រុង Quezon កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

គណៈកម្មាធិការរៀបចំទិវាយុវជនពិភពលោក (WYD) ទីក្រុងសេអ៊ូល ឆ្នាំ២០២៧ បានអំពាវនាវយ៉ាងទទូចដល់បេសកជនកាតូលិក​ឌីជីថល​ក្នុងតំបន់អាស៊ី ឱ្យជួយផ្សព្វផ្សាយសារ និងនាំយករសជាតិនៃព្រឹត្តិការណ៍នេះទៅកាន់យុវជនរាប់លាននាក់ ដែលមិនអាចធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងបាន ដោយសារបញ្ហាចម្ងាយផ្លូវ និងថវិកា។

នៅក្នុងកិច្ចប្រជុំបេសកជនកាតូលិកឌីជីថលអាស៊ីលើកទី១ នៅទីក្រុង Quezon កាលពីថ្ងៃទី១២ ខែកញ្ញា កញ្ញា Stephanie Sun ប្រធានផ្នែកទំនាក់ទំនងសកល បានលើកឡើងថា បេសកជនឌីជីថលមិនមែនគ្រាន់តែជាទស្សនិកជនដែលត្រូវទទួលព័ត៌មាននោះទេ ប៉ុន្តែជា «សាក្សី» ដែលអាចចូលរួមជាមួយយុវជនដោយផ្ទាល់តាមរយៈភាសា វប្បធម៌ និងការយល់ដឹងពីតថភាពសហគមន៍ក្នុងស្រុក ដែលការផ្សាយផ្ទាល់ (Livestream) ធម្មតាពុំអាចធ្វើជំនួសបានឡើយ។

ព្រឹត្តិការណ៍ WYD Seoul 2027 ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៧ នឹងត្រូវប្រារព្ធឡើងក្រោមប្រធានបទ «ចូរមានចិត្តក្លាហានឡើង ត្បិតខ្ញុំបានយកឈ្នះពិភពលោកហើយ» (យ៉ូហាន ១៦:៣៣)។ សម្រាប់ប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសនៅបន្តបែងចែកទឹកដី និងបញ្ចប់សង្គ្រាមត្រឹមការឈប់បាញ់ឆ្នាំ១៩៥៣ ភាពក្លាហានត្រូវបានបកស្រាយតាមរយៈការស្វែងរកសច្ចធម៌ ការអនុវត្តសេចក្តីស្រឡាញ់ និងការកសាងសន្តិភាព។ ព្រឹត្តិការណ៍នេះក៏មានលក្ខណៈពិសេសផងដែរ ដោយសារវាជាទិវាយុវជនពិភពលោកលើកដំបូងដែលរៀបចំឡើងក្នុងសង្គមដែលសាសនាកាតូលិកមិនមែនជាសាសនាភាគច្រើន និងជាលើកទីពីរនៅក្នុងទ្វីបអាស៊ី បន្ទាប់ពីរដ្ឋធានីម៉ានីលធ្លាប់ធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ១៩៩៥។

ដើម្បីធានាថាបទពិសោធន៍នេះបានទៅដល់អ្នកដែលនៅស្នាក់នៅផ្ទះ អ្នករៀបចំបានត្រៀមលក្ខណៈសម្របសម្រួលជាមួយបេសកជនក្នុងស្រុក ដើម្បីរួមគ្នាតាក់តែងមាតិកា និងយុទ្ធសាស្ត្រទំនាក់ទំនង ដោយមិនគ្រាន់តែរង់ចាំទទួលសម្ភារពីទីក្រុងសេអ៊ូលនោះទេ។ លើសពីនេះ ព្រឹត្តិការណ៍នេះនឹងមានរៀបចំមហោស្រព និងកិច្ចជួបជុំពិសេសសម្រាប់បេសកជនឌីជីថល ដោយការចុះឈ្មោះរំពឹងថានឹងបើកនៅខែតុលា ឆ្នាំ២០២៦ នេះ និងមានកិច្ចប្រជុំអនឡាញបន្តបន្ទាប់នៅដើមឆ្នាំ២០២៧ ដើម្បីពង្រឹងកិច្ចសហការស្របតាមស្មារតីគម្ពីរកិច្ចការ៤:២០ ដែលថា «យើងមិនអាចមិននិយាយអំពីអ្វីដែលយើងបានឃើញ និងបានឮនោះទេ»៕

khmer popup image