អ្នកដឹកនាំគ្រីស្តសាសនានៅម៉ាឡេស៊ីទាមទារឱ្យមានការសុំទោសចំពោះរឿងកំប្លែងពាក់ព័ន្ធនឹងបូជាចារ្យ និងដូនជី
មេដឹកនាំព្រះវិហាគ្រីស្តសាសនា នៅម៉ាឡេស៊ីបានទាមទារឱ្យមានការសុំទោសជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ចំពោះរឿងកំប្លែងមួយដែលពាក់ព័ន្ធនឹងការយកបូជាចារ្យកាតូលិក និងដូនជី ដែលត្រូវបានលើកឡើងដោយអ្នកនយោបាយមកពីគណបក្ស UMNO ក្នុងអំឡុងពេលមហាសន្និបាតរបស់គណបក្សនេះ។
លោក ដាទុក ដូណាល់ ជូតេ (Datuk Danald Jute ) អភិបាលនៃព្រះសហគមន៍ អង់គ្លីខេន (Anglican) និងជាប្រធានសមាគមព្រះវិហារគ្រីស្តសាសនានៅតំបន់សារ៉ាវ៉ាក់( Sarawak) បានមានប្រសាសន៍ថា គម្ពីរដ៏ពិសិដ្ឋ និងបុគ្គលសំខាន់ៗក្នុងសាសនា មិនគួរត្រូវបានយកមកធ្វើជាប្រធានបទសម្រាប់រឿងកំប្លែងផ្នែកនយោបាយឡើយ។
លោក បានអំពាវនាវឱ្យគណបក្ស នេះនិងអ្នកនយោបាយរូបនោះ ដកពាក្យសម្តីទាំងនោះមកវិញជាសាធារណៈ ហើយសុំទោសដល់សហគមន៍គ្រិស្តសាសនិក និងសន្យាថានឹងមិនធ្វើបែបនេះទៀតទេ។
លោក បានមានប្រសាសន៍ ថា ព្រះគម្ពីរដ៏ពិសិដ្ឋ និងបុគ្គលសាសនាដែលត្រូវបានគោរពបូជានៃគ្រប់សាសនា មិនមែនជាកម្មវត្ថុសម្រាប់យកមកធ្វើជាកំប្លែងនយោបាយថោកទាបនោះទេ ហើយក៏មិនគួរត្រូវបានគេយកមកប្រើប្រាស់ដើម្បីស្វែងរកប្រជាប្រិយភាពនយោបាយក្នុងរយៈពេលខ្លីដែរ។
លោកបានជំរុញឱ្យអ្នកនយោបាយមកពីគ្រប់គណបក្សទាំងអស់ជៀសវាងការប្រើប្រាស់ពាក្យសម្តីដែលមើលងាយជំនឿសាសនាណាមួយ ដោយលើកឡើងថាប្រទេសម៉ាឡេស៊ីត្រូវការ សន្តិភាព ការផ្សះផ្សា ការយោគយល់គ្នា និងសាមគ្គីភាពពិតប្រាកដ ជាជាងការបែកបាក់ដោយសារបញ្ហាសាសនា។
លោក ក៏បានជំរុញឱ្យគ្រិស្តសាសនិកឆ្លើយតបទៅនឹងបញ្ហាចម្រូងចម្រាសនេះដោយគ្មានការស្អប់ខ្ពើម ឬចេតនាអាក្រក់ឡើយ។
លោកបានមានប្រសាសន៍ថា សូមកុំឱ្យយើងឆ្លើយតបដោយការស្អប់ខ្ពើម ឬចេតនាអាក្រក់ឡើយ ប៉ុន្តែត្រូវឆ្លើយតបដោយក្តីស្រឡាញ់ និងសច្ចភាពវិញ។
