អ្នកជំនាញ១៥០០នាក់ជួបជុំគ្នានៅទីក្រុងមួយនៅអ៊ីតាលីជជែកអំពីបញ្ហាគុណភាពដី
អ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រខាងធរណីវិទ្យាប្រមាណជា ១.៥០០ នាក់បាន ប្រមូលផ្តុំគ្នានៅទីក្រុង ហ្លរ៉េន (Florence ) ប្រទេសអ៊ីតាលីដើម្បីពិភាក្សាគ្នាសង្កត់ធ្ងន់បញ្ហាធរណីវិទ្យា។
វ៉ាទីកង់ញូវបានរាយការណ៍ថា អ្នកជំនាញនិងអ្នកវិទ្យាសាស្រ្តទាំងអស់នោះបានប្រមូលផ្តុំគ្នារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែ ឧសភា ឆ្នាំ ២០២៣ ដើម្បីជជែកគ្នា លើតួនាទីសំខាន់នៃដីក្នុងការផលិតអាហារ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងជីវចម្រុះ ហើយនឹងផលប៉ះពាល់ដ៏អាក្រក់នៃការផ្លាស់ប្តូរបាតុភូតធម្មជាតិ និងផលប៉ះពាល់ខាងសីលធម៌នៃបញ្ញាសិប្បនិម្មិត ។
អ្នកវិទ្យាសាស្ត្រទាំងអស់នោះក៏ កំពុងស្វែងរក នូវប្រភពដើម និងការថែរក្សានាពេលអនាគតនៃដី ដែលជាធាតុផ្សំដ៏សំខាន់នៃបរិស្ថានរបស់មនុស្សជាតិ ផលិតភាពនៃកសិកម្ម និងជាប្រភពនៃជីវិតមនុស្ស។
លោក អេឡិច ម៉ាប្រេតនី ( Alex McBratney) អ្នកវិទ្យាសាស្ត្រដី និងជាសាស្រ្តាចារ្យផ្នែកកសិកម្មនៅសាកលវិទ្យាល័យស៊ីដនី ប្រទេសអូស្រ្តាលីបានលើកឡើងពីតួនាទីសំខាន់នៃដីក្នុងការផលិតអាហារ ដោយព្រមានថាការផ្លាស់ប្តូរដំណាំ ធម្មជាតិសម្រាប់គោលបំណងកសិកម្មអាចមានឥទ្ធិពលអាក្រក់ដល់ដី។
លោក បានពន្យល់ ថា "យើងអាចបាត់បង់ដីតាមរយៈសំណឹក ដែលទឹក ឬខ្យល់បោកបក់មកយកដីចេញ ពីព្រោះយើងបានកម្ចាត់គម្របរុក្ខជាតិទាំងអស់ ។ ដំណើរការនេះអាចនាំឱ្យដីមានជាតិអាស៊ីត និងប្រៃច្រើន ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការលូតលាស់របស់រុក្ខជាតិ។
លោក បាននិយាយលម្អិតអំពីបញ្ហានៃការធ្វើឱ្យដីប្រៃដោយពន្យល់ថា សកម្មភាពកសិកម្មកាត់បន្ថយបរិមាណជីវម៉ាសដែលត្រលប់ទៅដីដែលនាំឱ្យមានការថយចុះនៃកាបូននៅក្នុងដី។ ការបាត់បង់កាបូននេះរួមចំណែកដល់ការបង្កើនកម្រិត CO2 ដែលធ្វើឲ្យការឡើងកំដៅផែនដីកាន់តែធ្ងន់ធ្ងរ។
លោកបានសង្កត់ធ្ងន់ថា "បញ្ហាប្រឈមដ៏ធំមួយនៅក្នុងវិទ្យាសាស្ត្រដីនៅពេលនេះ គឺការព្យាយាមរកវិធីដាក់កាបូនទៅក្នុងដី និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ"៕