អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយកាតូលិកហ្វីលីពីនថា បណ្តាញសង្គមត្រូវតែនាំមនុស្សឱ្យឈានហួសពីអេក្រង់
អ្នកស្រី ភី ម៉ាបានតា ហ្វេណូមីណូ (Pie Mabanta-Fenomeno) អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងជាអ្នកផលិតភាពយន្តជនជាតិហ្វីលីពីន បានលើកឡើងថា បណ្តាញសង្គមគួរតែដើរតួជាចំណុចចាប់ផ្តើមសម្រាប់ការជួបជុំគ្នារវាងមនុស្សប្រកបដោយភាពស៊ីជម្រៅ ជាជាងក្លាយជាគោលដៅចុងក្រោយសម្រាប់ការផ្សព្វផ្សាយដំណឹងល្អ។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ RVA មុនចូលរួមកិច្ចប្រជុំអ្នកផ្សព្វផ្សាយសាសនាកាតូលិកតាមប្រព័ន្ធឌីជីថលនៅអាស៊ី អ្នកស្រីបាននិយាយថា វេទិកាឌីជីថលបានបើកផ្លូវទំនាក់ទំនងសម្រាប់មនុស្សទូទៅ ដោយអនុញ្ញាតឱ្យពួកគេមិនត្រឹមតែអាចទទួលយកខ្លឹមសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើត អាចចូលរួម និងអាចសន្ទនាគ្នាទៅវិញទៅមកទៀតផង ប៉ុន្តែអ្នកស្រីបានសង្កត់ធ្ងន់ថា ការទំនាក់ទំនងតាមប្រព័ន្ធឌីជីថលនឹងមានអត្ថន័យ លុះត្រាតែវាលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្ស យុត្តិធម៌ក្នុងពិភពឌីជីថល និងគោរពផលប្រយោជន៍រួម។
អ្នកស្រីបានលើកឡើងថា “បណ្តាញសង្គមត្រូវតែនៅត្រឹមជាចំណុចចាប់ផ្តើមប៉ុណ្ណោះ មិនមែនជាគោលដៅចុងក្រោយឡើយ”។ អ្នកស្រីបានប្រៀបធៀបខ្លឹមសារឌីជីថលខ្លីៗទៅនឹងអាហារសម្រន់ (appetizer) ដែលគួរតែជំរុញទឹកចិត្តមនុស្សឱ្យស្វែងរកការតភ្ជាប់ទំនាក់ទំនងដែលមានអត្ថន័យ និងស៊ីជម្រៅ។
អ្នកស្រីបានព្រមានថា ការពឹងផ្អែកតែលើខ្លឹមសារឌីជីថលខ្លីៗ និងមានល្បឿនលឿន អាចរួមចំណែកដល់វប្បធម៌ដែលអាចនិយាយបានថា វារាក់កម្ភែល ខ្វះការអត់ធ្មត់ និងងាយជឿតាមគេ។ អ្នកស្រីបានលើកទឹកចិត្តទាំងអ្នកបង្កើតខ្លឹមសារ និងទស្សនិកជនឱ្យឈានហួសពីអេក្រង់ ដើម្បីឆ្ពោះទៅរកការសន្ទនាដែលមានខ្លឹមសារ និងការជួបជុំគ្នាជាក់ស្តែងក្នុងជីវិតពិត។
ចំពោះបុគ្គលិកផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ព្រះសហគមន៍កាតូលិក និងយុវជន អ្នកស្រីបានលើកឡើងថា ការធ្វើជាសាក្សីតាមប្រព័ន្ធឌីជីថលប្រកបដោយភាពស្មោះត្រង់ ទាមទារឱ្យមានការអនុវត្តការទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ ជាជាងគ្រាន់តែស្វែងរកការចុចចូលចិត្ត (likes) អ្នកតាមដាន (followers) ឬខ្លឹមសារដែលល្បីល្បាញឆាប់រហ័ស។
អ្នកស្រីបានលើកទឹកចិត្តអ្នកផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលឱ្យក្លាយជា សំឡេងសម្រាប់អ្នកដែលគ្មានសំឡេង ជាអ្នកតស៊ូមតិដើម្បីការផ្លាស់ប្តូរ និងជាអ្នកនិទានរឿងដែលមានគោលបំណងច្បាស់លាស់ ដោយប្រើប្រាស់វេទិការបស់ពួកគេដើម្បីលើកកម្ពស់ស្មារតីសហគមន៍ដែលត្រូវបានគេមើលរំលង ប្រឆាំងនឹងអយុត្តិធម៌ និងការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស។
