អាវុធអ៊ីនធឺណិតសម្ងាត់បាញ់ឆ្ពោះមកកាន់អឺរ៉ុប ៖ បារាំងចោទប្រកាន់កងឆ្មាំ បដិវត្តន៍អ៊ីរ៉ង់ចំៗជុំវិញការវាយប្រហារលើប្រព័ន្ធទូទឹកកកផ្សារទំនើប
ជិត ៧០០កន្លែង ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតក្នុងទ្រង់ទ្រាយធំមិនធ្លាប់មានបាន វាយ លើបណ្តាញផ្សារទំនើបក្នុងប្រទេសបារាំង ដោយបង្កឱ្យមានអគ្គិភ័យ និងការខូចខាតទ្រព្យ សម្បត្តិយ៉ាងធ្ងន់ធ្ងរ។ អាជ្ញាធរបារាំងបានចេញមុខចោទប្រកាន់ជាផ្លូវការលើអង្គភាពសង្គ្រាម អ៊ីនធឺណិត នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ព្រមទាំងប្រកាសរៀបចំវិធានការដាក់ទណ្ឌកម្ម យ៉ាងម៉ឺងម៉ាត់នៅកម្រិតសហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងទង្វើឈ្លានពានដ៏គ្រោះថ្នាក់នេះ។
សង្គ្រាមស្រមោលលើប្រព័ន្ធត្រជាក់ និងការខូចខាតទ្រង់ទ្រាយធំ
ហេតុការណ៍វាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិតដ៏អាក្រក់នេះ បានកើតឡើងកាលពីថ្ងៃទី១១ និងទី១២ ខែតុលា កន្លងទៅ ដោយបានតម្រង់ទិសដៅផ្ទាល់ទៅលើមជ្ឈមណ្ឌល ចែកចាយទំនិញ និងផ្សារទំនើបជិត ៧០០កន្លែង នៅទូទាំងប្រទេសបារាំង។ ក្រុមហេកឃើ អ៊ីនធឺណិត បានប្រើប្រាស់វិធីសាស្ត្រលួចចូលគ្រប់គ្រងឧបករណ៍ពីចម្ងាយ (Remote Control) តាមរយៈប្រព័ន្ធបណ្តាញអ៊ីនធឺណិត ដោយបញ្ជាឱ្យទូទឹកកកផ្សារទំនើបចាប់ផ្តើម «នៃការរលាយទឹកកកខុសប្រក្រតី» ដោយគ្មានកំណត់។ អ្វីដែលគួរឱ្យភ័យខ្លាចបន្ថែមទៀតនោះ ក្រុមហេកឃ័របានលួចបិទប្រព័ន្ធជូនដំណឹងសុវត្ថិភាពរបស់ឧបករណ៍ចាប់សញ្ញា (Sensors) មិនឱ្យរាយការណ៍នៅពេលសីតុណ្ហភាពកើនឡើងហួសកម្រិត។ ការកើនឡើងកម្តៅខ្លាំងដោយគ្មានការទប់ស្កាត់នេះ បានបណ្តាលឱ្យអាហារ សម្ភារៈ ឬឧបករណ៍បច្ចេកវិទ្យានៅតាមផ្សារទំនើបជាច្រើនជួបប្រទះការខូចខាតយ៉ាងធ្ងន់ធ្ងរ និងថែមទាំងបានបង្កជាអគ្គិភ័យនៅកន្លែងខ្លះទៀតផង។
បារាំងបើកការស៊ើបអង្កេតតុលាការ និងចេញដីកាចាប់ខ្លួនអន្តរជាតិ
ប្រមុខការទូតបារាំង លោកហ្ស៉ង់ ណូអែល បារ៉ូត (Jean-Noël Barrot) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាឱកាសកិច្ចប្រជុំក្រុមប្រទេសជី៧ (G7) ថា តាមរយៈការស្រាវជ្រាវយ៉ាងស៊ីជម្រៅរបស់ស្ថាប័នជំនាញរដ្ឋ ប្រទេសបារាំងអាចបញ្ជាក់បានយ៉ាងច្បាស់ថា កងឆ្មាំបដិវត្តន៍នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ គឺជាអ្នកទទួលខុសត្រូវផ្ទាល់ចំពោះការវាយប្រហារក្នុងទ្រង់ទ្រាយមិនធ្លាប់មាននេះ។ លោកបានបញ្ជាក់បន្ថែមថា នេះជាអំពើឈ្លានពានដ៏ធ្ងន់ធ្ងរបំផុត ហើយក្រសួងការបរទេសបារាំងបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងប៉ារីសដើម្បីធ្វើការតវ៉ាយ៉ាងខ្លាំងក្លាជាផ្លូវការរួចរាល់ហើយ។
ទន្ទឹមនឹងនេះ លោកស្រីឡូរ៉េ បេកគូអូ (Laure Beccuau) អគ្គអយ្យការនៃសាធារណរដ្ឋបារាំងប្រចាំទីក្រុងប៉ារីស បានប្រកាសអំពីការបើកស៊ើបអង្កេតលើសំណុំរឿងតាមផ្លូវតុលាការជាផ្លូវការ។ កម្លាំងជំនាញបានកំណត់គោលដៅចោទប្រកាន់លើ «មេបញ្ជាការក្រុមកងកម្លាំងអ៊ីរ៉ង់ លោក ស្ហ៉ាហ៊ីដ កាវ៉េ (Shahid Kaveh)» ដែលដឹកនាំអង្គភាពប្រតិបត្តិការសង្គ្រាមអ៊ីនធឺណិត នៃកងឆ្មាំបដិវត្តន៍ឥស្លាម (CGRI-CEC) ព្រមទាំងអនុប្រធានពីររូបទៀតរបស់គាត់។
អាជ្ញាធរតុលាការបារាំងក៏បានដាក់សំណើទាមទារឱ្យចេញដីកាចាប់ខ្លួនជាអន្តរជាតិប្រឆាំងនឹងក្រុមជនសង្ស័យទាំងនេះផងដែរ។
អឺរ៉ុបរៀបចំកម្លាំងឆ្លើយតប និងដាក់ទណ្ឌកម្មរួមគ្នា
បញ្ហាវាយប្រហារតាមអ៊ីនធឺណិតនេះ មិនមែនកើតឡើងតែលើប្រទេសបារាំងមួយនោះទេ ប៉ុន្តែបណ្តាប្រទេសផ្សេងទៀតនៅក្នុងទ្វីបអឺរ៉ុប ក៏បានជួបប្រទះនូវហេតុការណ៍ប្រហាក់ប្រហែលគ្នានេះដែរ ដែលវាបង្ហាញពីការគំរាមកំហែងជាប្រព័ន្ធមកលើហេដ្ឋារចនាសម្ព័ន្ធអឺរ៉ុប។
ឆ្លើយតបនឹងសភាពការណ៍ក្តៅគគុកនេះ អ្នកស្រីកាចា កាល់ឡាស (Kaja Kallas) ប្រមុខការទូតសហភាពអឺរ៉ុប បានអះអាងថា ក្រុមប្រឹក្សាកិច្ចការបរទេសអឺរ៉ុប នឹងលើកយកបញ្ហានេះមកពិភាក្សាយ៉ាងម៉ឺងម៉ាត់នៅក្នុងកិច្ចប្រជុំនាថ្ងៃចន្ទខាងមុខ។ អ្នកស្រីបានសង្កត់ធ្ងន់ថានៅពេលដែលអត្តសញ្ញាណរបស់អ្នកប្រព្រឹត្តបទល្មើសត្រូវបានលាតត្រដាងយ៉ាងច្បាស់លាស់បែបនេះ សហភាពអឺរ៉ុបចាំបាច់ត្រូវតែមានវិធានការឆ្លើយតបវិញយ៉ាងរ៉ឹងម៉ាំបំផុត ដោយរាប់បញ្ចូលទាំងការរៀបចំកញ្ចប់ទណ្ឌកម្មកម្រិតទ្វីប ប្រឆាំងនឹងបុគ្គល និងអង្គភាពទាំងឡាយណាដែលពាក់ព័ន្ធនឹងអំពើឈ្លានពានតាមបណ្តាញអ៊ីនធឺណិតនេះ។
