អ្នកការទូតសិង្ហបុរីម្នាក់ឈ្នះពានរង្វាន់ Ramon Magsaysay ឆ្នាំ២០២៦ សម្រាប់ការទូត និងយុត្តិធម៌

អ្នកការទូត និងជាសាស្រ្តាចារ្យផ្នែកច្បាប់សិង្ហបុរី  ថមមី កូហ្វ (Tommy Koh ) ដែល បានជួយបង្កើតក្របខ័ណ្ឌច្បាប់អន្តរជាតិដែលគ្រប់គ្រងមហាសមុទ្រនៅលើពិភពលោក ត្រូវបានតែងតាំងជាអ្នកទទួលពានរង្វាន់ Ramon Magsaysay ឆ្នាំ២០២៦ សម្រាប់ភាពជាអ្នកដឹកនាំរបស់គាត់ក្នុងការទូត និងការតស៊ូមតិដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។

មូលនិធិពានរង្វាន់ Ramon Magsaysay បានទទួលស្គាល់ លោក ចំពោះ "ភាពជាអ្នកដឹកនាំដ៏គំរូរបស់លោកក្នុងការទូតអន្តរជាតិ" និងតួនាទីរបស់លោកក្នុងការបង្កើតអ្នកតស៊ូមតិជំនាន់ថ្មីដែលប្តេជ្ញាចិត្តក្នុងការជំរុញយុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។

ពានរង្វាន់នេះទទួលស្គាល់អាជីពការទូតដែលមានរយៈពេលជិត៦ទសវត្សរ៍ ចាប់ពីការបម្រើការងារបរទេសរបស់សិង្ហបុរីរហូតដល់ការចរចាអន្តរជាតិសំខាន់ៗ។

លោកជាមេធាវី និងជាសាស្ត្រាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យជាតិសិង្ហបុរី ហើយបានចូលបម្រើការងារបរទេសរបស់សិង្ហបុរីក្នុងឆ្នាំ១៩៦៨ ។ ក្រោយមកបានក្លាយជាឯកអគ្គរដ្ឋទូតក្មេងបំផុតរបស់ប្រទេសប្រចាំអង្គការសហប្រជាជាតិ។

ការចូលរួមចំណែកដ៏សំខាន់បំផុតរបស់លោកចំពោះការទូតអន្តរជាតិបានមកតាមរយៈការងាររបស់លោកលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

នៅឆ្នាំ ១៩៧៨ លោក កូហ្វ បានធ្វើជាប្រធានគណៈកម្មាធិការចរចានៃសន្និសីទអង្គការសហប្រជាជាតិលើកទីបីស្តីពីច្បាប់សមុទ្រ។ ក្នុងនាមជាប្រធានសន្និសីទ៤ឆ្នាំក្រោយមក លោកបានជួយណែនាំប្រទេសជាង ១៥០ ឆ្ពោះទៅរកការអនុម័តអនុសញ្ញានេះ ដែលបានបង្កើតក្របខ័ណ្ឌដ៏ទូលំទូលាយមួយដែលគ្រប់គ្រងសិទ្ធិ និងការទទួលខុសត្រូវផ្នែកសមុទ្រ និងការដោះស្រាយជម្លោះដោយសន្តិវិធី។

អនុសញ្ញា UNCLOS នៅតែមានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសអាស៊ីដែលសេដ្ឋកិច្ច សន្តិសុខ និងជីវភាពរស់នៅរបស់ពួកគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមុទ្រ រួមទាំងប្រទេសកម្ពុជា ហ្វីលីពីន និងប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត។

លោក កូហ្វ បានបន្តតស៊ូមតិសម្រាប់ការទូត ការសន្ទនា និងសមត្ថភាពរបស់ប្រទេសតូចៗក្នុងការរក្សាសំឡេងឯករាជ្យក្នុងចំណោមការប្រកួតប្រជែងរវាងប្រទេសមហាអំណាច។

Daily Program

Livesteam thumbnail
khmer popup image