អ៊ុយក្រែន បញ្ចាក់ថាបានវាយប្រហារ​យន្តហោះរុស្ស៊ី​នៅទីបញ្ជាការ ព្រលាន យន្តហោះតំបន់អាហ្ស៉ូវ

ទាហាននៃកងកម្លាំងអាកាសអ៊ុយក្រែនបានបញ្ជាក់កាលពីថ្ងៃចន្ទថាបានវាយប្រហារ យន្តហោះពីរគ្រឿងនៃទីបញ្ជាការ​ព្រលានយ​ន្តហោះរុស្ស៊ីនៅពីលើសមុទ្រ អាស្ស៉ូវ។ នេះជាការ វាយប្រហារដ៏ខ្លាំងលើរុស្ស៊ី នៅក្នុងតំបន់​ដែលរុស្ស៊ីគឺជាអ្នកគ្រប់គ្រង។

បន្ទាប់ពីការប្រកាសអំពីការបំផ្លាញយន្តហោះ A-50 យន្តហោះឧបករណ៍ស៊ើបការណ៍ និង​ទី​បញ្ជាការ​ដ្ឋានព្រលានយន្តហោះ II-22 ដែលជាយន្តហោះ និងត្រូវបានប្រើប្រាស់ផងដែរ ជាប៉ុស្ត​បញ្ជាការរបស់រុស្ស៊ី អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោកវ៉ាឡឺរី ហ្សាលូនី បាន​មាន​ប្រតិកម្ម​ថា លោក​អរគុណ​​កងទ័ពអាកាស​សម្រាប់ប្រតិបត្តិការនេះ ដែលបានរៀបចំផែនការ​យ៉ាង​​ល្អ​ឥតខ្ចោះ និង​ប្រតិបត្តិ​ការនៅក្នុងតំបន់សមុទ្រ អាហ្ស៉ូវ។

ទីប្រឹក្សាសម្រាប់សន្តិសុខជាតិ​នៃ ៨៣រដ្ឋ បានចូលរួមកាលពីថ្ងៃអាទិត្យ ទី១៤ ខែមករា នៅ​ទីក្រុង​ដាវ៉ូស សម្រាប់​ជុំទី៤ នៃការពិភាក្សាអំពីមូលដ្ឋាននៃសំណើរ ១០ចំនុច នៃប្រមុខរដ្ឋ​អ៊ុយក្រែន​​សម្រាប់​​សន្តិភាព ប្រកបដោយយុត្តិធម៌ និងចីរភាព នៅអ៊ុយក្រែន បន្ទាប់ពី ២ឆ្នាំ នៃការវាយ​ប្រហារ​យោធាដោយរុស្ស៊ីក្នុងទ្រង់ទ្រាយធំ។

លោកអ៊ីញ៉ាហ្ស៊ីយ៉ូ កាស៊ី ទីប្រឹក្សាសហព័ន្ធនៅទីក្រុងដាវ៉ូស នៅអំឡុងសន្និសីទកាសែត បាន​ថ្លែង​ថា ៖ ”គោលដៅគឺយើងរៀបចំដើម្បីយើងត្រៀមខ្លួន និងរឹងមាំ​ដើម្បីបង្កើតដំណើរ​ការ​ចរចារ​ជាមួយរុស្ស៊ី នៅពេលវេលាមកដល់”។ ប៉ុន្តែរដ្ឋមន្ត្រីស្វីសរូបនេះ បាននិយាយថា រហូត​មក​ទល់ពេលនេះ ទាំងទីក្រុងគៀវ និងទីក្រុងមូស្គ មិនបានត្រៀមខ្លួន​ដើម្បីបោះ​ជំហានទៅមុខ​ទេ។ ប្រមុខរដ្ឋបាលនៃប្រធានាធិបតីអ៊ុយក្រែន លោកអេនឌ្រីអ៊ី ឡឺម៉ាក បានវាយតម្លៃថា កិច្ច​ពិភាក្សា មានការបើកចំហរ មានការស្ថាបនា និងលំអិត លើគោលការណ៍គន្លឹះ​ដើម្បីឈាន​ទៅ​ដល់​សន្តិភាពសកល យុត្តិធម៌ និងចីរភាពសម្រាប់អ៊ុយក្រែន។ ទោះបីជាយ៉ាងណា ការខ្វែង​គំនិត​គ្នាអំពីរបៀបដើម្បីបានដូច្នេះ នៅមាននៅឡើយ។

លោកអ៊ីញ៉ាហ្ស៊ីយ៉ូ កាស៊ី បានបញ្ជាក់អំពីសារសំខាន់នៃការចូលរួម​សម្រាប់ការចរចារបស់​ប្រេស៊ីល ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ដែលស្ថិតនៅខាងរុស្ស៊ី នៅក្នុងអង្គការ Brics ហើយ​ដែល​មានកម្រិតនៃទំនុកចិត្តពិតប្រាកដសម្រាប់រុស្ស៊ី។ មន្រ្តីអ៊ុយក្រែនបាននិយាយថា ប្រទេស​រ​បស់លោកសន្យា​រៀបចំកិច្ចប្រជុំកំពូលមួយចំនួន​ជាមួយរដ្ឋនានានៅអាហ្វ្រិក និង​អាម៉េរិក​ខាង​ត្បូង ដើម្បីពន្យល់អំពីជំហររបស់អ៊ុយក្រែន។

កាលពីថ្ងៃអាទិត្យ មន្រ្តីអ៊ុយក្រែនបានអះអាងថា ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេស្គី នឹងធ្វើទស្សនកិច្ច​នៅស្វីស ចាប់តាំងពីថ្ងៃ​ចន្ទទី១៥ ខែមករា។ ការប្រកាសនេះ កើត​មានឡើងនៅខណៈដែលអ៊ុយក្រែនព្យាយាមអះអាងនូវការគាំទ្រដ៏មានទំនុកចិត្តពីសម្ព័ន្ធ​មិត្ត នៅ​ពេលជិតដល់​ខួប ២ឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែននឹងត្រូវចូលជួបប្រមុខសភាស្វីសទាំងពីរ មេដឹកនាំគណបក្ស ព្រមទាំង​ប្រធានាធិបតីស្វីស និងចូលរួមសន្និសីទ​សេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសផងដែរ។

ប្រមុខ​ការទូតថ្មីរបស់បារាំង លោកស្តេហ្វាន សេហ្ស៊ូណេ និងសមាភាគីរបស់លោក អាឡឺម៉ង លោកស្រី អាណាឡឺណា ប៊ែរបូក ទាំងពីរបានអះអាងកាលពីថ្ងៃអាទិត្យអំពីឆន្ទៈរបស់​ប្រទេស​បារាំង និងអាឡឺម៉ងគាំទ្រអ៊ុយក្រែន ឲ្យបានយូរ តាមចាំបាច់ប្រឈមនឹង​ការវាយ​ប្រហារ​របស់​រុស្ស៊ី។ លោករដ្ឋមន្រ្តីការបរទេសបារាំង បានបន្ថែមថា ៖ “នេះមានន័យថា យើងត្រូវរៀបចំ​នៅ​កម្រិត​​អឺរ៉ុបអំពីធាតុដំបូងៗ ដែលប្រាស្រ័យទាក់ទងគ្នាអំពីការការពារតម្លៃរបស់យើង និង​ប្រយោជន៍របស់យើង”។

កាលពីថ្ងៃចន្ទ អង្គការសហប្រជាជាតិ បានប្រកាសអំពីតម្រូវការ ៤,២ ពាន់លានដុល្លារ ដើម្បី​ជា​ជំនួយមនុស្សធម៌សម្រាប់អ៊ុយក្រែន​នៅឆ្នាំ២០២៤ និងដើម្បីជួយដល់ជនភៀស​ខ្លួន​រាប់​លាន​នាក់ ដែលបានចាកចេញពីប្រទេសចាប់តាំងពី​ការឈ្លានពានរបស់រុស្ស៊ី ជិត ២ឆ្នាំ។

 

 

Daily Program

Livesteam thumbnail