អ៊ុយក្រែនត្រៀមខ្លួនសម្រាប់កិច្ចចរចាជាមួយរុស្ស៊ី ប៉ុន្តែទាមទារដឹងនូវលក្ខខណ្ឌមុន

កាលពីថ្ងៃពុធ ទី២៨ ខែឧសភា ប្រទេសរុស្ស៊ីបានស្នើទៅអ៊ុយក្រែនសម្រាប់ការចរចាជុំទី២ ផ្ទាល់ដើម្បីបញ្ជូនសេចក្តីកត់ចំណាំរបស់ខ្លួន ដែលបង្ហាញនូវលក្ខខណ្ឌរបស់រុស្ស៊ីសម្រាប់កិច្ចព្រមព្រៀងសន្តិភាពដែលមានចីរភាព។
នៅក្នុងសេចក្តីប្រកាសមួយ រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោកសឺហ្គេ ឡាវ្ល្រ៉ូវ បានថ្លែងថា ៖ “ប្រតិភូរបស់យើងដែលដឹកនាំដោយលោកវ្លាឌីមៀ មេឌីនស្គី បានត្រៀមខ្លួននឹងបង្ហាញ សេចក្តីកត់ចំណាំរបស់រុស្ស៊ីសម្រាប់ប្រតិភូអ៊ុយក្រែន និងផ្តល់ការពន្យល់ចាំបាច់នៅអំឡុងជុំទី២ នៃកិច្ចចរចាផ្ទាល់ដែលធ្វើនៅទីក្រុងអ៊ីស្តង់ប៊ូ នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ ថ្ងៃទី២ ខែមិថុនា”។
ចំណែកខាងភាគីអ៊ុយក្រែនបាននិយាយថា ត្រៀមខ្លួនសម្រាប់កិច្ចពិភាក្សាឲ្យកាន់តែផ្ទាល់ ប៉ុន្តែក្នុងលក្ខខណ្ឌថា ទីក្រុងមូស្គូត្រូវផ្តល់ឲ្យមុននូវការទាមទាររបស់ខ្លួនដើម្បីឲ្យជំនួបផ្តល់នូវលទ្ធផល។
នៅក្នុងសារមួយលើបណ្តាញសង្គម X លោករូស្តេម អ៊ូម៉េរ៉ូវ រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ុយក្រែន បានថ្លែងថា ៖ ”យើងមិនប្រឆាំងនឹងកិច្ចប្រជុំថ្មីជាមួយប្រទេសរុស្ស៊ី និងរង់ចាំសេចក្តីកត់ចំណាំរបស់ពួកគេ”។ “ភាគីរុស្ស៊ីនៅមានយ៉ាងហោចណាស់ ៤ថ្ងៃ មុនពេលការចេញដំណើរទៅកាន់ទីក្រុង អ៊ីស្តង់ប៊ូល ដើម្បីផ្តល់ឯកសារឲ្យយើងធ្វើការពិនិត្យមើល”។
ចំណែកឯរុស្ស៊ី លោកវ្លាឌីមៀ មេឌីនស្គី ធ្លាប់បានដឹកនាំគណប្រតិភូនៅអំឡុងកិច្ចសន្ទនាកាលពីថ្ងៃទី១៦ ខែឧសភា នៅរដ្ឋធានីអ៊ីស្តង់ប៊ូ។ នោះគឺជាកិច្ចពិភាក្សាសន្តិភាពដំបូងៗ ផ្ទាល់រវាងទីក្រុងគៀវ និងទីក្រុងមូស្គ ចាប់តាំងពីដើមឆ្នាំ២០២២ នៃការចាប់ផ្តើមការវាយប្រហាររបស់រុស្ស៊ីក្នុងទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ុយក្រែន។
ការផ្លាស់ប្តូរយោបល់ នៅថ្ងៃទី១៦ នៅរដ្ឋធានីអ៊ីស្តង់ប៊ូ មិនបានឈានទៅដល់ការទម្លុះទម្លាយបញ្ហាសំខាន់សម្រាប់ស្វែងរកដំណោះស្រាយខាងការទូតសម្រាប់វិបត្តិនោះទេ។ ប៉ុន្តែភាគីទាំងពីរ បានសន្យានឹងផ្លាស់ប្តូរឈ្លើយសឹកក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន គឺ ១០០០ នាក់សម្រាប់ភាគីម្ខាងៗ ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន។
កាលពីថ្ងៃពុធ លោកសឺហ្គេ ឡាវ្ល្រ៉ូវ បានប្រកាសឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសរុស្ស៊ីក៏បានពន្យល់ទៅកាន់សមភាគីអាម៉េរិក លោកម៉ាកកូ រូប៊ីយ៉ូ អំពីរបៀបដែលទីក្រុងមូស្គូរំពឹងចាប់ផ្តើមការពិភាក្សាផ្ទាល់។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទ លោកសឺហ្គេ ឡាវ្ល្រ៉ូវ បាននិយាយទៅកាន់ លោកម៉ាកកូ រូប៊ីយ៉ូ អំពីការរៀបចំពីភាគីរុស្ស៊ីសម្រាប់សំណើរពិសេសសម្រាប់ជុំខាងមុខនៃការពិភាក្សាផ្ទាល់រវាងរុស្ស៊ី អ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ូ។
យោងតាមសេចក្តីប្រកាសអាម៉េរិកមួយ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកម៉ាកូ រូប៊ីយ៉ូ បានអំពាវនាវទីក្រុងមូស្គូ ឲ្យមានការសន្ទនាដែលស្ថាបនា និងប្រកបដោយសុឆន្ទៈល្អសម្រាប់អ៊ុយក្រែន។ នេះគឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្រ្គាមនេះ។
ភ្លាមៗ កាលពីថ្ងៃពុធ វិមានក្រឹមឡាំង បានទាត់ចោលសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី អំពីជំនួបកំពូលត្រីភាគី ជាមួយសមភាគីលោកវ្លាឌីមៀ ពូទីន និងលោកដូណាល់ ត្រាំ ដើម្បីធ្វើឲ្យឈានទៅមុខនូវកិច្ចពិភាក្សាសន្តិភាព។
លោកឌីមីទ្រី ប៉េស្កូវ អ្នកនាំពាក្យវិមានក្រឹមឡាំង បានសង្កត់ធ្ងន់ថា ជំនួបបែបនេះត្រូវតែជាលទ្ធផលនៃកិច្ចព្រមព្រៀងជាក់ស្តែងរវាងគណប្រតិភូទាំងពីររុស្ស៊ី និងអ៊ុយក្រែន។
ក្នុងដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៊ែរឡាំង សម្រាប់ជំនួបថ្មីជាមួយលោកអធិការបតីអាឡឺម៉ង លោកហ្វ្រ៊ីឌ្រីដ មឺហ្ស ប្រធានាធិបតីអ៊ុយក្រែនក៏បានចោទប្រកាន់រុស្ស៊ីរាំងស្ទះដល់កិច្ចសន្ទនាសន្តិភាពដោយស្វែងរកហេតុផលកុំឲ្យសង្រ្គាមចប់។
Daily Program
