អាជ្ញាធរមីន បន្តស្វែងរកគាំទ្រក្នុងការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញាអូតាវ៉ា
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ លោកស្រី Lenora Qereqeretabua អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីជី ដើម្បីស្វែងរកការគាំទ្រក្នុងការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា)។
ជំនួបនេះធ្វើឡើង នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP នាទីក្រុងបាងកក ប្រទេសថៃ ខណៈពេលដែលកម្ពុជាកំពុងធ្វើប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីគោលដៅអាទិភាពចំនួន៣ របស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ រួមមាន ការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញា កិច្ចការបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន។ នេះបើយោងតាមការប្រកាសឱ្យដឹងពីអាជ្ញាធរមីនកម្ពុជា។
ក្នុងការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញា កម្ពុជា កំពុងស្វែងរកគាំទ្រ និងកៀរគរបណ្ដាប្រទេសដែលពុំទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញា ឱ្យចូលរួមជារដ្ឋភាគី ក្នុងនោះមានប្រទេសចំនួន ៣ រួមមាន៖ តុងហ្កា ម៉ាក្រូណេស៊ី និងកោះម៉ាស្យល ស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក ផងដែរ។
ជាមួយគ្នានេះ កម្ពុជា មានបំណងកៀរគរប្រទេសទាំង ៣ នេះ ក្នុងចំណោមប្រទេសដទៃទៀត ដើម្បីប្រែក្លាយតំបន់ប៉ាស៊ីហ្វិកទាំងមូលជាតំបន់គ្មានមីន ដែលកិច្ចការនេះត្រូវការគាំទ្រពីប្រទេសហ្វីជីក្នុងការបញ្ចុះបញ្ចូល និងកៀរគរប្រទេសទាំងបីឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។
ក្នុងឱកាសនោះ លោក លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសហ្វីជី ដែលបានផ្តល់ការគាំទ្រដល់ការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ដែលជាអនុសញ្ញាមនុស្សធម៌ក្នុងការលប់បំបាត់ទុក្ខវេទនាដោយសារមីនប្រឆាំងមនុស្ស។
តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លោកលី ធុជ ក៏បានអញ្ជើញថ្នាក់ដឹកនាំនៃសាធារណរដ្ឋហ្វីជី ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៅទឹកដីខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
ជាការឆ្លើយតប លោកស្រី Lenora Qereqeretabua បានលើកឡើងថា ប្រទេសហ្វីជី ស្វាគមន៍ចំពោះសំណើរបស់កម្ពុជាដើម្បីធ្វើឱ្យតំបន់ប៉ាស៊ីហ្វិកទាំងមូលគ្មានមីន ព្រមទាំងសម្តែងនូវការគាំទ្រភាពជាប្រធានរបស់កម្ពុជាសម្រាប់អនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ផងដែរ៕