អ.វ.ត.ក.រៀបចំវគ្គបណ្តុះបណ្តាលពី ការបង្រួបបង្រួមជាតិ និងការកសាងសន្តិភាព
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានសហការរៀបចំវគ្គបណ្តុះបណ្តាលគោលស្តីពីការបង្រួបបង្រួមជាតិ និង ការកសាងសន្តិភាព ដោយសហការជាមួយអង្គការយូណេស្កូ ភ្នំពេញ និង ហ្សាកាតា សម្រាប់ក្រុមគណៈប្រតិភូមកពីប្រទេសទីម័រខាងកើត។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីម័រខាងកើត ក្នុងការផ្សះផ្សាជម្លោះ និង ការកសាងសន្តិភាព តាមរយៈការអប់រំអំពីប្រវត្តិសាស្រ្តប្រកបដោយគុណភាព។
វគ្គបណ្ដុះបណ្ដាលនេះ បានចាប់ផ្ដើមដោយមានការថ្លែងមតិស្វាគមន៍ដោយ ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទី នៃ អ.វ.ត.ក.។ លោកបានស្វាគមន៍គណៈប្រតិភូទីម័រខាងកើត ចំពោះមកកាន់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ហើយលោកបានកោតសរសើរចំពោះការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់គណៈប្រតិភូចំពោះ អ.វ.ត.ក.។
លោក ក្រាញ់ តូនី មានប្រសាសន៍ថា៖ «ប្រទេសទាំងពីររបស់យើង ទីម័រខាងកើត និង កម្ពុជា មានប្រវត្តិសាស្ត្រស្រដៀងគ្នាកាលពីអតីតកាល ហើយបានធ្វើការប្រឹងប្រែងយ៉ាងខ្លាំង លើការកសាងសង្គមឡើងវិញ បន្ទាប់ពីមានជម្លោះ»។
បទពិសោធន៍ដែលបានចែករំលែកទាំងនេះ ផ្តល់នូវការយល់ដឹងនិងមេរៀនដ៏មានតម្លៃ ដែលអាចផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
លោកបានបន្តថា៖ «តាមរយៈការសហការគ្នា, ដូចជា, កម្មវិធីវគ្គបណ្តុះបណ្តាល នៅថ្ងៃនេះ, ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងនឹងរួមគ្នាចែករំលែកបទពិសោធន៍ និង មេរៀនពីអតីតកាល តាមរយៈកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង»។
លោកថា ៖ «ជាងនេះទៅទៀត កិច្ចសហប្រតិបត្តិការរបស់យើង មានសក្តានុពលក្នុងការលើកកម្ពស់គុណភាពនៃការអប់រំនៅក្នុងប្រទេសទាំងពីរ ហើយអាចរួមចំណែកបន្ថែមទៀតដល់ការបង្រួបបង្រួមជាតិ និង ការកសាងសន្តិភាពនៅក្នុងតំបន់របស់យើង»។
លោក Mee Young Chou ប្រធានផ្នែកកម្មវិធីអប់រំនៃអង្គការយូណេស្កូ ហ្សាកាតា បានមានប្រសាសន៍ថា៖ «ការិយាល័យ អង្គការយូណេស្កូ ភ្នំពេញ និងហ្សាកាតា សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ អ.វ.ត.ក. ដែលបានទទួលស្វាគមន៍គណៈប្រតិភូមកពីទីម័រខាងកើតយ៉ាងកក់ក្តៅ។ យើងមានការចាប់អារម្មណ៍ខ្លាំង ចំពោះវគ្គចែករំលែកចំណេះដឹង និង កម្មវិធីទស្សនកិច្ចរបស់ អ.វ.ត.ក. គឺមានការរៀបចំបានយ៉ាងល្អ»។
លោក Hugo Maria Fernandes នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលជាតិ Chega (CNC) មកពីប្រទេសទីម័រខាងកើត បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំង ហើយសង្កេតឃើញថា វគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ មានប្រយោជន៍ខ្លាំងណាស់ ក្នុងអំឡុងពេលទស្សនកិច្ចរបស់យើងមកកាន់ អ.វ.ត.ក.។
លោកថា ៖ «យើងរៀនបានច្រើន ហើយយើងសង្ឃឹមថាការផ្លាស់ប្តូរបទពិសោធន៍បែបនេះ នឹងបន្ថែមលើបទពិសោធន៍របស់យើងដែលមានស្រាប់។ កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលធ្វើឡើងដោយ អ.វ.ត.ក. ពិតជាគួរអោយចាប់អារម្មណ៍ណាស់ ក្នុងការស្វែងយល់អំពីសកម្មភាពផ្សេងៗទៀត។ បទពិសោធន៍ដែលពួកយើងទទួលបាននៅថ្ងៃនេះ អាចត្រូវបានយកទៅកែតម្រូវទៅនឹងអ្វីដែលយើងមាននៅទីម័រខាងកើត»។
វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានបន្តដោយមានការធ្វើបទបង្ហាញរបស់ លោក ថោង សុជាតិ មន្ត្រីគ្រប់គ្រងជាន់ខ្ពស់នៃ អ.វ.ត.ក. អំពី «ដំណើរការគណនេយ្យភាព និង តួនាទីមុខងារសេសសល់របស់ អ.វ.ត.ក.»។
លោក ហង្ស វណ្ណៈ ប្រធានផ្នែកអង្គភាពគាំពារជនរងគ្រោះ (VSS) បានធ្វើបទបង្ហាញស្តីពីប្រធានបទ សំណង ការផ្សះផ្សា និង សន្តិភាព។ សហសេវិកនៃមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ (LDC) ទាក់ទងនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក៏បានសង្ខេបអំពីការងារដែលកំពុងដំណើរការរបស់ខ្លួនផងដែរ។
នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលនេះ គណៈប្រតិភូទីម័រខាងកើត ត្រូវបានអញ្ជើញទស្សនា បណ្ណាល័យ និង និហិដ្ឋានបណ្ណាសារបស់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។ សិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល គឺជាមន្ត្រីរដ្ឋាភិបាល នៃប្រទេសទីម័រខាងកើត មកពីក្រសួងអប់រំ ក្រសួងយុវជន កីឡា សិល្បៈ និងវប្បធម៌ មជ្ឈមណ្ឌលជាតិ Chega និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតរបស់រដ្ឋាភិបាល ព្រមទាំងក្រុមការងារគម្រោងរបស់អង្គការយូណេស្កូ ភ្នំពេញ និង ហ្សាកាតា ដែលមានអ្នកចូលរួមសរុបចំនួន២២នាក់៕