អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា នឹងបិទបញ្ចប់កម្មវិធីតំបន់ចំនួន៣ នៅក្នុងស្រុកបរិបូណ៍ ស្រុកជីក្រែង និងស្រុកស្អាង

បន្ទាប់ពីរយៈពេលជាងមួយទសវត្សរ៍នៃការងារអភិវឌ្ឍដើម្បីការផ្លាស់ប្រែ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ បានប្រកាសថានឹងបិទបញ្ចប់កម្មវិធីតំបន់ចំនួន៣របស់ខ្លួន ក្នុងស្រុកបរិបូណ៍ ស្រុកជីក្រែង និងស្រុកស្អាង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ អង្គការបានចូលរួមចំណែកអភិវឌ្ឍសហគមន៍ទាំងផ្នែក សុខភាព និងអនាម័យ ការអប់រំ ព្រមទាំង យុវជន និងភាពជាអ្នកដឹកនាំសហគមន៍។

យោងតាមសេចក្តីជូនដំណឹងពីការបិទបញ្ចប់កម្មវិធីតំបន់ចំនួន៣ នៅក្នុងស្រុកបរិបូណ៍ ស្រុកជីក្រែង និងស្រុកស្អាង បានឱ្យដឹងថា ដោយមានការគាំទ្រពីអង្គការទស្សនៈពិភពលោក ហុងកុង នូវែលហ្សេឡង់ និងកាណាដា កម្មវិធីតំបន់ទាំងបី បានផ្តល់ផលដល់ប្រជាពលរដ្ឋចំនួនជាង ១០ ម៉ឺននាក់ ដោយក្នុងនោះ ជាងមួយភាគបី គឺជាកុមារ និងជាងមួយម៉ឺននាក់ គឺជាកុមារងាយរងគ្រោះបំផុត។   ចំពោះផ្នែក សុខភាព និងអនាម័យ ស្រុកទាំងបី បានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង (ODF) ដោយតាមខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ និងការផ្លាស់ប្រែឥរិយាបទក្នុងការបន្ទោរបង់។ នៅស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង អត្រាបំបៅទឹកដោះម្តាយតែមួយមុខគត់ បានកើនឡើងយ៉ាងខ្លាំងពី ១៣% ដល់ ៩៤% ខណៈដែលអត្រាកុមារក្រិសក្រិន បានថយចុះជាងពាក់កណ្តាល។ នៅស្រុកជីក្រែង ខេត្តសៀមរាប អត្រានៃការសម្រាលកូនដោយបុគ្គលិកជំនាញបានកើនឡើងពី ១៥% ដល់ ១០០% ខណៈនៅស្រុកស្អាង ខេត្តកណ្ដាល សម្រេចបាននូវការកាត់បន្ថយអត្រាកុមារក្រិសក្រិន និងការទទួលបានទឹកស្អាតប្រើប្រាស់ស្ទើរតែទាំងស្រុង។ លោកស្រី តាំ រ៉ានី ប្រធានមណ្ឌលសុខភាពឃុំពេជ្រចង្វារ នៅស្រុកបរិបូណ៍ បានមានប្រសាសន៍ថា៖ «តាមរយៈការសហការជាមួយអង្គការទស្សនៈពិភពលោក យើងបានឃើញការផ្លាស់ប្រែជាច្រើនរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ ស្ត្រីមានផ្ទៃពោះទទួលបានការថែទាំសុខភាពពីបុគ្គលិកមានជំនាញ ចំណែកឯមណ្ឌលសុខភាព ក៏បានកែលម្អ តាមរយៈការពង្រឹងសមត្ថភាពរបស់បុគ្គលិកមណ្ឌលសុខភាព និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ»។

បើតាមប្រភពដដែល លទ្ធផល​នៃ​ការ​អប់រំ​មាន​ការ​កើន​ឡើង​នៅ​ទូទាំង​​ស្រុកទាំងបី ដោយ​សហគមន៍​នីមួយៗ​បានបង្ហាញ​ពី​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់។ នៅស្រុកជីក្រែង សិស្សថ្នាក់ទី៣ អាចអានបានល្អ បានកើនឡើង២ដង ធៀបនឹងកាលពីពីរ​ បី ឆ្នាំកន្លងទៅ។ នៅក្នុងស្រុកស្អាងដែលធ្លាប់ប្រឈមនឹងអត្រាបោះបង់ការសិក្សាខ្ពស់ បានធ្លាក់ចុះគួរឱ្យគួរកត់សម្គាល់ ពី ៦៣% មកត្រឹមទាបជាង ៣% ។ ទន្ទឹមនឹងនេះ នៅស្រុកបរិបូណ៍ ឪពុកម្តាយកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការរៀនសូត្រកម្រិតមូលដ្ឋានរបស់កូនពួកគេ ហើយជិត ៩០% នៃជំរំអំណាននៃកម្មវិធីតំបន់ស្រុកបរិបូណ៍ កំពុងឈានដល់ស្តង់ដាគុណភាពដែលត្រូវបានទទួលស្គាល់។ លោក អ៊ឹង ថារិន អនុប្រធានការិយាល័យអប់រំស្រុកស្អាង បានលើកឡើងថា៖ « សាលាបឋមសិក្សាទាំងអស់ក្នុងឃុំស្វាយប្រទាល និងឃុំស្អាងភ្នំ ​មានហេដ្ឋារចនាសម្ព័នរីកចម្រើនជាខ្លាំង។ ការរីកចម្រើននេះ​គឺដោយសារតែមានការជួយជ្រោមជ្រែងពីអង្គការទស្សនៈពិភពលោក ដោយគ្រប់អគារសិក្សាដែលចាស់ៗ ហើយទ្រុឌទ្រោម ត្រូវបានជួសជុល ហើយបានបំពាក់បន្ថែមដោយបរិក្ខារចាំបាច់នានា»។

បន្ថែមពីនេះ កម្មវិធីទាំងបីបានផ្តោតលើអភិបាលកិច្ចប្រកបដោយបរិយាបន្ន និងការពង្រឹងសិទ្ធិអំណាចយុវជន។ នៅស្រុកជីក្រែង យន្តការការការពារកុមារបានដំណើរការយ៉ាងពេញលេញនៅគ្រប់ភូមិទាំងអស់ ហើយការចូលរួមរបស់យុវជនក្នុងការសម្រេចចិត្តក្នុងមូលដ្ឋាន ក៏បានកើនឡើង រួមចំណែកកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ។ នៅស្រុកស្អាង ក្លឹបយុវជនបានចាប់ផ្តើមគម្រោងដឹកនាំដោយសហគមន៍ចំនួន ១៦ ដើម្បីដោះស្រាយបញ្ហាអំពើហិង្សា ការប្រែប្រួលអាកាសធាតុ និងអនាម័យ។ លោកស្រី កង ម៉ាឡៃ ប្រធានសហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំអន្លង់សំណរ បានមានប្រសាសន៍ថា៖ «សហគមន៍កសិកម្មរបស់យើង មិនត្រឹមតែបានជួយដល់កុមារដែលងាយរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយការងារអភិវឌ្ឍសហគមន៍ផងដែរ។ យើងនឹងនៅតែបន្ដកិច្ចការទាំងនេះទៅមុខទៀត ទោះបីជាអង្គការបានចាកចេញក៏ដោយ»។

អ្នកផ្តល់សេវាដូចជាគ្រូបង្រៀន បុគ្គលិកសុខាភិបាល និងមន្ត្រីឃុំ បានធ្វើឱ្យប្រសើរឡើងនូវរបៀបដែលពួកគេគាំទ្រសហគមន៍ រួមទាំងគ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះដូចជា ជនមានពិការភាព កុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សចាស់។ ទន្ទឹមនឹងនេះ សហគមន៍បានយល់ដឹងកាន់តែច្រើនអំពីសិទ្ធិរបស់ពួកគេចំពោះសេវាមូលដ្ឋាន ដែលនាំឱ្យមានឥរិយាបថដែលធ្វើឱ្យសុខភាពកាន់តែប្រសើរ ការចុះឈ្មោះចូលរៀនកើនឡើង និងតម្រូវការកាន់តែច្រើនសម្រាប់ឯកសារសំខាន់ៗដូចជាសំបុត្រកំណើតជាដើម។ អាជ្ញាមូលដ្ឋាន បានពង្រឹងនូវវឌ្ឍនភាពទាំងនោះ តាមរយៈការបែងចែកកញ្ចប់ថវិកាសម្រាប់សកម្មភាពគណនេយ្យភាពសង្គម នៅក្នុងផែនការវិនិយោគឃុំ ខណៈដែលអ្នកដឹកនាំមូលដ្ឋាន ក្រុមយុវជន និងអ្នកផ្តល់សេវាមានភាពម្ចាស់ការ ដើម្បីធានានិរន្តរភាព និងកសាងនូវសមិទ្ធិផលទាំងនេះ នៅពេលដែលអង្គការទស្សនៈពិភពលោកចាកចេញ។

នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា លោក ជេនេស អ៉ីម៉ានូអ៊ែលហ្គីនទីញ បានសង្កត់ធ្ងន់ថា៖ ​«សមិទ្ធផលទាំងនេះមិនមែនគ្រាន់តែជាសមិទ្ធផលសម្រេចប៉ុណ្ណោះទេ—ប៉ុន្តែជាមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពបន្តបន្ទាប់ទៀត។ កុមារនឹងបន្តរីកចម្រើន ដោយសារតែមានសហគមន៍ជាអ្នកនាំផ្លូវ»។ សមិទ្ធផលទាំងនេះមិនអាចកើតមានឡើងបានទេ ប្រសិនបើគ្មានការសហការយ៉ាងសស្រាក់សស្រាំជាមួយក្រុមជំនុំគ្រិស្តបរិស័ទ សហគមន៍កសិកម្ម សាលារៀន ក្លឹបយុវជន មណ្ឌលសុខភាព ក្រុមសហគមន៍ គណៈកម្មការគ្រប់គ្រងទឹកស្អាត និងអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ទីរ និងការិយាល័យស្រុក។ ការសហការទាំងនេះធានាថា នៅពេលកម្មវិធីបិទបញ្ចប់ សហគមន៍នឹងនៅតែបន្តលើកកម្ពស់សុខុមាលភាពកុមារ និងការអភិវឌ្ឍដោយខ្លួនឯងបាន៕​

Daily Program

Livesteam thumbnail