ហេតុអ្វីអ៊ីរ៉ង់ប្រែក្លាយ ទីតាំងរុងរឿង និងស្ថិរភាព នៃឌូបៃ ទៅជាតំបន់សង្រ្គាម?

ការផ្ទុះដ៏ខ្លាំងក្លា​ត្រូវបានគេឮកាលពីថ្ងៃទី២ ខែមីនា នៅឌូបៃ ទីក្រុងនៃប្រទេសអារ៉ាបរួម អេមីរ៉េត។ អ៊ីរ៉ង់បានបន្តនៅថ្ងៃទី៣ បន្តបន្ទាប់គ្នា នូវការសងសឹករបស់ខ្លួនប្រឆាំងនឹងប្រទេស ជិតខាងនៅ​តំបន់ឈូងសមុទ្រ សម្រាប់សង្រ្គាមដែលខ្លួនបានទទួលរង ដែលជាការឆ្លើយតប​ទៅនឹង​ការវាយប្រហារពីអាម៉េរិកអ៊ីស្រាអែលសំដៅ​លើដែនដីអ៊ីរ៉ង់។  ហើយ​នៅ​ប្រទេស​អារ៉ាបរួម អេមីរ៉េត ឬសហព័ន្ធអេមីរ៉េត យោងតាមក្រសួងការពារជាតិ​របស់​ប្រទេស​នេះ បាន​ឲ្យ​ដឹងថា ការវាយប្រហាររបស់អ៊ីរ៉ង់ បានធ្វើឲ្យមានមនុស្ស ៣នាក់ ស្លាប់ និង ៥៨​នាក់ ទៀតរង​របួស។

ទីក្រុងតេអេរ៉ង់ បានអះអាងអំពីការដាក់គោលដៅវាយប្រហារយោធាអាម៉េរិកនៅក្នុងតំបន់ ហើយ​ចាប់តាំងពីប៉ុន្មានថ្ងៃមកហើយ រូបភាពនានានៃកំសួលផ្សែងដ៏ខ្មួលខ្មាញ់ បានរសាត់​រំលង​អគារខ្ពស់ៗ និងសណ្ឋាគារ​ប្រណិតៗ នៅទីក្រុងឌូបៃ ដែលជាទីក្រុងដ៏ធំ និងមាន​ប្រជាជន​​រស់នៅជិត ៤លាននាក់។ មានការខូចខាតជាច្រើន​នៃព្រលានយន្តហោះ​របស់​ប្រទេស​​អារ៉ាបរួម អេមីរ៉េត ហើយរូបភាពទាំងនេះត្រូវបានចែករំលែកជាបន្តបន្ទាប់នៅ​លើ​បណ្តាញ​​​សង្គម។

យោងតាមលោក ការីម សាឌើ ទីប្រឹក្សាឯកទេសនៃប្រទេសតំបន់ឈូងសមុទ្រ បានប្រាប់ឲ្យ​ដឹង​ថា ប្រទេសអារ៉ាបរួម អេមីរ៉េត គឺជាគោលដៅវាយប្រហារដែលមានសារសំខាន់​ជា​ពិសេស។ កាលពី​ថ្ងៃសៅរ៍ សប្តាហ៍មុន ទីក្រុងនេះ បានទទួលរងមីស៊ីល ១៣៧ គ្រាប់ និងដ្រូន​វាយ​​ប្រហារ ២០៩ គ្រឿង ទោះបីជាទីក្រុងនេះមិនមែនជាជម្រកផ្ទាល់នៃសារប្រយោជន៍​សំខាន់​​​របស់​អាម៉េរិក ក៏ដោយ  ដែលមិនដូចជាប្រទេស អារ៉ាប៊ី សាអ៊ូឌីត និងប្រទេសបារ៉ែន ដែល​​ជា​ទីតាំង​នៃកង​នាវាទី៥របស់អាម៉េរិក និងប្រទេសកាតា ដែលមានមូលដ្ឋានយោធា​អាម៉េរិក អាល់ អ៊ូដេត ស្ថិតនៅ និងជាមូលដ្ឋានយោធាដ៏ធំបំផុតនៅក្នុងតំបន់។

លោកការីម សាឌើ បានរំឭកដែរថា លើសពីជាគោលដៅនៅក្បែរកែងដៃ ដែលអាចងាយ​ស្រួល​​អនុញ្ញាតឲ្យអ៊ីរ៉ង់ បង្ហាញសមត្ថភាពបង្កការរំខានពាក់ព័ន្ធនឹងសេដ្ឋកិច្ចជា​ពិសេស​​នៅ​តំបន់​ឈូង​សមុទ្រ ប្រទេសអារ៉ាបរួម អេមីរ៉េត ក៏ជាហត្ថលេខី​នៃកិច្ចព្រមព្រៀង​អាប្រាហាម ដែល​​កិច្ចព្រមព្រៀងនេះបានធ្វើឲ្យទំនាក់ទំនងមានភាពធម្មតាជាមួយអ៊ីស្រាអែល។ វាធ្វើឲ្យ​ទីក្រុង​​ឌូបៃ ក្លាយជាគោលដៅវាយប្រហារ​ស្របច្បាប់ទាំងស្រុង តាមភ្នែកនៃទីក្រុងតេអេរ៉ង់។ប្រទេស​​អារ៉ាបរួម អេមីរ៉េត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​អាប្រាហាម របស់លោក​ដូណាល់ ត្រាំ កាលពីឆ្នាំ២០២០។ ចាប់ពីពេលនោះ ពួកគេបានធ្វើឲ្យកាន់តែស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ជាមួយរដ្ឋ​ហេប្រ៊ឺ ដោយរឹតចំណងសេដ្ឋកិច្ចដ៏មានសារសំខាន់ និងតាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការ​ដែល​កាន់​តែកើនឡើង​នៅក្នុងវិស័យ​ការពារជាតិ រហូតដល់ចំនុចនៃការ​ធ្វើ​សមយុទ្ធ​យោធារួមគ្នា កាលពី​ឆ្នាំ​២០២៤ នៅតំបន់សមុទ្រក្រហម។

ខណៈពេលដែលប្រទេសសហព័ន្ធអារ៉ាប់រួម បានរក្សាភាពស្ងៀមស្ងាត់យ៉ាងខ្លាំងក្នុងអំឡុង​សង្គ្រាម​ហ្គាហ្ស៉ា ដោយធ្វើជាមិនសូវបង្ហាញខ្លួន និងទោះបីមានការបាត់បង់ជីវិត​របស់​ពលរដ្ឋ​ជាច្រើន​ដែលបានប៉ះពាល់ដល់អារម្មណ៍របស់​ពិភពអារ៉ាប់ និងសហគមន៍អន្តរជាតិ​ផងដែក៏​ដោយ ការដែលអ៊ីរ៉ង់វាយប្រហារយ៉ាងខ្លាំង ដូចជាការបង្ហាញបកឲ្យអាក្រាតឲ្យ​ឃើញ​នូវ​នយោបាយ​របស់ប្រទេសនេះ ដែលបានព្យាយាមបង្ហាញខ្លួនថា ជាអ្នកអព្យាក្រឹតបំផុត។

លោកការីម សាឌើ បន្តថា សង្គ្រាមសព្វថ្ងៃ និងការវាយបករបស់អ៊ីរ៉ង់ បានបង្ខំឲ្យ​មាន​ការផ្លាស់​ប្តូរ​​ទិដ្ឋភាព​យ៉ាងធំ​សម្រាប់ប្រទេសសហព័ន្ធអារ៉ាប់រួម ដែលត្រូវបានចាត់ទុកថា ជានិមិត្តសញ្ញា​នៃ​សកល​ភាវូបនីយកម្ម​សេដ្ឋកិច្ច និងជាមណ្ឌលយុទ្ធសាស្ត្រសំខាន់រវាងអាស៊ី មជ្ឈិមបូព៌ា និង​លោក​​ខាងលិច ព្រមទាំងជាកន្លែងរស់នៅរបស់សហគមន៍ជនបរទេសច្រើនផង។ ដូច្នេះ​សម្រាប់​​ទីក្រុង​ឌូបៃ ជាពិសេស ដែលជាទីតាំងនៃភាពរុងរឿង ស្ថិរភាព និងពោរពេញដោយ​ភោគទ្រព្យផងនោះ ក៏បានក្លាយទៅជាតំបន់សង្រ្គាមដោយសារអ៊ីរ៉ង់តែម្តង។

 

Daily Program

Livesteam thumbnail