ហេតុផល ដែលទីក្រុងគៀវ វាយប្រហារលើមជ្ឈមណ្ឌល វាយបឺរី (Wildberries) ដែល គេហៅថា ជាអាម៉ាហ្ស៉ូន របស់រុស្ស៊ី

ចាប់តាំងពី ១សប្តាហ៍មកហើយ មានការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើដែនដីរុស្ស៊ី​ដែល​វាយ​​សំដៅជាអាទិភាពលើមជ្ឈមណ្ឌលនានា​ដែលហាក់ដូចជា​មិនមានទំនាក់ទំនង​ផ្ទាល់ ជាមួយ​សង្រ្គាម ក្នុងនោះ មានមជ្ឈមណ្ឌល វ៉ាយបឺរី (Wildberries) ដែលគេប្រសិទ្ធនាម​ប្រហាក់​ប្រហែល​ថា ជា ក្រុមហ៊ុនអាម៉ាហ្ស៉ូនរបស់រុស្ស៊ី។

តាមការរាប់របស់ម៉េឌូហ្ស៉ា ដែលជាគេហទំព័រព័ត៌មានឯករាជ្យរបស់រុស្ស៊ី បានឲ្យដឹងថា នៅ​ទីក្រុង​​មូស្គូ ទីក្រុងសាំង ពេទែស្បួហ្ស៍ នៅទីក្រុងស៊ីមហ្វឺរ៉ូប៉ូល ដែនដីគ្រីមៀ ក៏ដូចជា នៅ ទីក្រុង​​ក្រាស្នូដា និងវ៉ូរ៉ូណេ ចាប់តាំងពីថ្ងៃទី១៨ ខែកក្កដា មានដ្រូន និងមីស៊ីលនានារបស់​អ៊ុយក្រែន បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ​យក្សនានារបស់រុស្ស៊ីចំនួន ៩ ដែលមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្មតាមអ៊ីនធឺណិត ឬ អ៊ី-ខមមឺស (e-commerce) ផងដែរ។ នៅក្នុងអំឡុង​ពេលជាមួយគ្នានេះ អ៊ុយក្រែន​​​ក៏បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ីចំនួន ៥ ផ្សេងទៀត។

តាមការបញ្ជាក់របស់សារព័ត៌មាន វ៉ល់ ស្រ្តីត ជួនណល់ (Wall Street Journa) ដែលបាន​យោង​លើការប៉ាន់ស្មានរបស់ ដែលតា អ៊ីនសាយ (Data Insight) ដែលជាស្ថាប័នសិក្សាឯករាជ្យ​នៅ​ទីក្រុង​ម៉ូស្គូ បានឲ្យដឹងថា ការវាយប្រហារនៅវ៉ាយបឺរី បានធ្វើឲ្យខូចខាតទឹកប្រាក់នៅចន្លោះពី ៣ពាន់​លាន ទៅ ៤,៤ ពាន់លានដុល្លារ ដែលជាការខូចខាតសម្ភារៈ និងស្តុកឥវ៉ាន់។

យោងតាមអាជ្ញាធររុស្ស៊ី  បានឲ្យដឹងថា ការទម្លាក់គ្រាប់បែករបស់អ៊ុយក្រែន​លើ​ឃ្លាំង​នេះ ក៏​បាន​ធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៩នាក់ បានបាត់បង់ជីវិត។

លោកស្រី ជេននី ម៉ាធើ អ្នកឯកទេសនៃរុស្ស៊ី​នៅសកលវិទ្យាល័យ អាបឺរីស្វីត (Aberystwyth) ប្រទេស​អង់គ្លេស អះអាងថា ៖ “ក៏ដូចជាការវាយប្រហារប្រឆាំងនឹងរោងចក្រចម្រាំងប្រេង ការ​វាយ​ប្រហារលើឃ្លាំងវ៉ាយបឺរី នឹងជះឥទ្ធិពលភ្លាមៗ លើប្រជាជនស៊ីវិល និងរំលឹកឲ្យរុស្ស៊ី​ឲ្យ​ដឹង​ថា សង្គ្រាមបានមកដល់ចំទ្វារផ្ទះរបស់ពួកគេហើយ។”

លោកហ្ស៉េហ្វ ហន អ្នកឯកទេសនៃប្រទេសរុស្ស៊ី នៅសាលាទីក្រុងឡុងដ្រ៍ផ្នែកសេដ្ឋកិច្ច បញ្ជាក់​​ថា ៖ “ដោយហេតុផលម្យ៉ាងទៀត ក្នុងនាមជាមជ្ឈមណ្ឌល​ដែលមានសារៈសំខាន់បំផុត​ខាង​​ពាណិជ្ជកម្ម​តាមអ៊ីនធឺណិតនៅរុស្ស៊ី វ៉ាយបឺរី គឺមានសារៈសំខាន់ចាំបាច់បំផុត​សម្រាប់ជីវិត​ប្រចាំ​ថ្ងៃរបស់ប្រជាជនរុស្ស៊ីរាប់លាននាក់ ទាំងនៅទីក្រុង និងជនបទ ដែលបណ្តាញដឹកជញ្ជូន​របស់​វ៉ាយបឺរី បានជួយបំពេញ ឬជំនួសកន្លែងខ្លះ ដែលគ្មានហាងលក់ទំនិញ។”

យោងតាមតួលេខផ្លូវការនៃក្រុមហ៊ុន បានឲ្យដឹងថា ជាសរុប អ្នកលេងអ៊ីនធឺណិត ជាង ៨០​លាន​​នាក់ បានប្រើប្រាស់វ៉ាយបឺរី ជារៀងរាល់ខែ ឬមាន ម្នាក់ក្នុងចំណោម២នាក់​នៃប្រជាជន​រុស្ស៊ី​​ដែ​លប្រើប្រាស់។

លោកស្តេហ្វ៉េន ហល់ ដែលជាអ្នកឯកទេសនៃរុស្ស៊ីនៅសកលវិទ្យាល័យបាត ប្រទេស​អង់គ្លេស រៀបរាប់ថា ៖ “គេហទំព័រក្រុមហ៊ុនមិនត្រឹមតែមានសារៈសំខាន់​សម្រាប់​អ្នក​ទិញ​ទំនិញ​​​ប៉ុណ្ណោះ​ទេ។ វាក៏ដំណើរការដូចជា អ៊ីបេ (eBay) ឬ ផ្សារអាម៉ាហ្ស៉ូន នៅអាម៉េរិក ដោយ​ផ្តល់ឱកាសដល់បុគ្គលឯកជន ឬសហគ្រាសតូចៗ ក្នុងការលក់ផលិតផលរបស់​ពួក​គេ។”

ក្នុងកិច្ចសម្ភាសន៍មួយ ជាភាសារុស្ស៊ីតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីនធឺណិត លីទុយអានី ដេលហ្វ៊ី (Delfi) លោកមីខៃឡូ ប៉ូដូលីយ៉ាក ដែលជាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា តាម​ពិតសហគ្រាសតូចៗ របស់រុស្ស៊ី មិនមានអ្វីនៅសល់សម្រាប់បាត់បង់ទៀតដែរ ហើយ​ក៏​កំពុង​ស្ថិតនៅជិតការដួលរលំដែរ ពួកគេប្រហែលជានឹងធ្វើការបះបោរឡើង​ប្រឆាំងនឹងក្រុម​អ្នក​​​កាន់​អំណាចរុស្ស៊ី និងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនផង។

 

Daily Program

Livesteam thumbnail