ស្វែងរកការគាំទ្រសម្រាប់សង្រ្គាមនៅអ៊ុយក្រែន លោកវ្លាឌីមៀ ពូទីន មកដល់ចិន
ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានមកដល់ចិនសម្រាប់ ដំណើរ ទស្សនកិច្ចលើកទី២ ក្នុងអំឡុងពេលមិនដល់ ៦ខែ។ លោកបានជួបសមភាគីចិន លោកស៊ី ជីនពីងនៅក្នុងសេចក្តីសង្ឃឹមដើម្បីទទួលបានការគាំទ្របន្តទៀតនៅក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។
ប្រធានាធិបតីវ្លាឌីមៀ ពូទីន កាលពីថ្ងៃទី១៥ ឧសភា បានជួបសមភាគីរបស់លោកនៅទីក្រុងប៉េកាំង មិត្តភក្តិដ៏មានតម្លៃ ជាមួយនឹងក្តីសង្ឃឹមបញ្ចុះបញ្ចូលលោកស៊ីនាំមកនូវការគាំទ្រដែលរុស្ស៊ីកាន់តែពឹងពាក់ខ្លាំងឡើងសម្រាប់កិច្ចប្រឹងប្រែងខាងសង្រ្គាមនៅអ៊ុយក្រែន។ ទស្សនកិច្ចរយៈពេល ថ្ងៃនេះ គឺជាការធ្វើដំណើរលើកទី១ ទៅកាន់បរទេសរបស់លោកវ្លាឌីមៀ ពូទីនចាប់តាំងពីការជាប់ឆ្នោតសាជាថ្មីនៅខែមីនា និងជាការធ្វើដំណើរជាលើកទី២ ទៅកាន់ប្រទេសចិន នៅក្នុងអំឡុងរយៈពេល ៦ខែ។
យោងតាមរូបភាពពីទូរទស្សន៍រដ្ឋ CCTV បានបង្ហាញថា លោកស៊ី ជីនពីង បានទទួលជួបរូបលោកពូទីននៅពេលព្រឹកនៅក្នុងអំឡុងពិធីបដិសណ្ឋារកិច្ច ដ៏ធំនៅទីក្រុងប៉េកាំង នៅវិមានដ៏មហិមានៃប្រជាជន ដែលនៅពីមុខគឺទីធ្លា ធានអាមេន។
មហាយក្សអាស៊ីគឺជាដំណោះស្រាយសេដ្ឋកិច្ចដ៏សំខាន់របស់រុស្ស៊ី នៅពេលទទួលរងទណ្ឌកម្មដ៏ធ្ងន់ធ្ងរពីលោកខាងលិចដែលបង្កើតឡើងដើម្បីដាក់ទណ្ឌកម្មប្រទេសនេះដែលបានវាយប្រហារខាងយោធាទៅលើអ៊ុយក្រែន។
ប៉ុន្មានម៉ោង មុនការចេញដំណើរ លោកវ្លាឌីមៀ ពូទីន បានអបអរសាទរវឌ្ឍនភាពនៅក្នុងប្រទេសអ៊ុយក្រែនរបស់យោធារុស្ស៊ី ដែលបានអះអាងអំពីការដណ្តើមបានទីប្រជុំជាច្រើន នៅក្នុងតំបន់ខាកគៀវ ភាគខាងឥសាន។ លោកបានអះអាងថា ៖ “ទាហានរបស់យើងប្រសើរឡើងជាទៀងទាត់ ជារៀងរាល់ថ្ងៃ នូវទីតាំងរបស់ពួកគេនៅក្នុងគ្រប់ទិសដៅ”។
ទើបតែត្រឡប់មកពីប្រទេសបារាំង ស៊ែប៊ី និងហុងគ្រី លោកស៊ី ជីនពីង បានការពារសិទ្ធក្នុងការរក្សាទំនាក់ទំនងសេដ្ឋកិច្ចធម្មតាជាមួយអ្នកជិតខាងរុស្ស៊ីរបស់ខ្លួន។ តួយ៉ាង ចិនទទួលបានសារប្រយោជន៍ពីការនាំចូលថាមពលរុស្ស៊ីដែលមានតម្លៃថោក។ ប្រទេសទាំងពីរ បានប្រារព្ធ ពិធីរំឭកអំពីភាពជាដៃគូទ្វេភាគី ដែលគេពិពណ៌នាថា គ្មានព្រំដែន ចាប់តាំងពីឆ្នាំ២០២២ មុនបន្តិចនឹងប្រតិបត្តិការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។
លោកកុងស្តង់ទីន កាឡាឆេវ អ្នកវិភាគឯករាជ្យរុស្ស៊ី បានថ្លែងថា ៖ “ ”នេះគឺជាការធ្វើដំណើរជាលើកទី១ របស់លោកពូទីន បន្ទាប់ពីការឡើងកាន់តំណែង ហើយដូច្នេះ លោកមានគោលដៅនឹងបង្ហាញថា ទំនាក់ទំនងចិនរុស្ស៊ីកើនឡើងក្នុងកម្រិតថ្មីទៀត ដោយមិនភ្លេចគិតដល់អំពីមិត្តភាពផ្ទាល់ខ្លួនដែលគេមើលឃើញថា ស្មោះត្រង់រវាងមេដឹកនាំទាំងពីរ”។
ប៉ុន្តែទំនាក់ទំនងសិទ្ធស្នាល់ត្រូវបានមើលឃើញជាមួយនឹងការសង្ស័យដែលចេះតែកើនឡើងសម្រាប់លោកខាងលិច។ ដូច្នេះសហរដ្ឋអាម៉េរិក បានគំរាមនឹងដាក់ទណ្ឌកម្មសហគ្រាសបរទេស ជាពិសេសធនាគារ ដែលធ្វើការជាមួយរុស្ស៊ី។
នៅសប្តាហ៍នេះ វិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីទាំងពីរ រំឭកអំពីវិស័យគន្លឹះនៃការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការរុស្ស៊ីចិន និងការផ្លាស់ប្តូរទស្សនរបស់ភាគីទាំងពីរអំពីបញ្ហាអន្តរជាតិ និងតំបន់”។
ប្រទេសចិនជានិច្ចកាលអំពាវនាវឲ្យមានការគោរពបូរណភាពដែនដីរបស់គ្រប់ប្រទេសទាំងអស់ រួមទាំងអ៊ុយក្រែនផង ប៉ុន្តែក៏ជំរុញឲ្យពិចារណអំពីការព្រួយបារម្ភអំពីសន្តិសុខរបស់រុស្ស៊ីដែរ។
ទីក្រុងវ៉ាស៊ីនតុន បានកំណត់ខ្សែបន្ទាត់ក្រហមសម្រាប់ទីក្រុងប៉េកាំង មិនផ្តល់ដោយផ្ទាល់នូវអាវុធសម្រាប់រុស្ស៊ី។ ប៉ុន្តែសហរដ្ឋអាម៉េវិកវាយតម្លៃថា ការគាំទ្រខាងសេដ្ឋកិច្ចរបស់ចិន ក៏អាចធ្វើឲ្យរុស្ស៊ីពង្រឹងផលិតកម្មមីស៊ីល ដ្រូន និងរថក្រោះបានដែរ។