សម្តេចប៉ាបឡេអូទី១៤ ក៏តាមដានបញ្ហាសន្តិភាពរវាងកម្ពុជានិងថៃ
  សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានចែករំលែកនៅលើបណ្តាញសង្គមថា សម្តេចប៉ាបឡេអូទី១៤ទ្រង់ក៏បានតាមដានដំណើរវិវដ្តនៃជម្លោះព្រំដែនរវាងកម្ពុជានិងប្រទេសថៃ។
សម្តេចព្រះមហាអរិយវង្សបណ្ឌិតបានមានថេរដិការថា ព្រះអង្គបាននិមិត្តជួបនិងសន្ទនាជាមួយនឹងសម្តេចប៉ាបឡេអូប្រមាណជា ២១ វិនាទី ហើយព្រះអង្គ បានអរព្រះគុណចំពោះសម្តេចប៉ាបឡេអូ ដែលបានមានបន្ទូលស្នើឲ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។
សម្តេចព្រះមហាអរិយវង្សបណ្ឌិតបានបន្តថា ជាការឆ្លើយតប សម្ដេចប៉ាបឡេអូ មានបន្ទូលថា ករុណាព្រះអង្គ ! ខ្ញុំព្រះករុណាបានទទួលដំណឹងថា រដ្ឋាភិបាលទាំងពីរបានចេញសេចក្ដីថ្លែងការួមសន្តិភាពកាលពីពីរថ្ងៃកន្លងទៅនេះ។
សម្តេចព្រះមហាអរិយវង្សបណ្ឌិតបានបន្តចែករំលែកថា វត្តមានរបស់ព្រះអង្គនៅបុរីវ៉ាទីកង់ គឺនិមិត្តចូលរួមកម្មវិធីអន្តរសាសនាដោយមានការចូលរួមពីមេដឹកនាំសាសានានានានៅលើពិភពលោក ដែលរំលឹកដល់សេចក្តីថ្លែងការណ៍« Nostra Aetate» ដែលបានចេញកាលពីថ្ងៃទី ២៨ខែតុលា ឆ្នាំ១៩៦៥។ 
សេចក្តីថ្លែងការណ៍« Nostra Aetate» គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ព្រះវិហារកាតូលិក នៅពេលដែលសម្តេចប៉ាប ប៉ូលទី៦ (Pope Paul VI) បានប្រកាសជាផ្លូវការនូវសេចក្តីប្រកាសស្តីពីទំនាក់ទំនងរវាងព្រះសហគមន៍កាតូលិក និងសាសនាដ៏ទៃនៅលើពិភពលោក៕