ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃ​ប្រទេស​ថៃនឹង​មក​បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅ​កម្ពុជា

អគ្គលេខាធិការដ្ឋានរដ្ឋសភា បាន​ប្រកាស​ឱ្យដឹងថា ​តបតាមការអញ្ជើញរបស់លោកស្រី​ ឃួន សុដារី ប្រធានរដ្ឋសភា​, លោក វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា​ថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។

យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់​រដ្ឋសភានៅថ្ងៃទី​១៩ ខែមីនា បាន​ឱ្យដឹងថា ​ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាន់មូហាម៉ាត់ណ មៈថា នឹងចូលជួបសម្តែងការគួរសម ជាមួយលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី, លោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា។

លោក វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ នឹងជួបសវនាការ និង ពិ​ភាក្សាការងារទ្វេភាគីជាមួយលោក ជាម យៀប ប្រធានរដ្ឋសភាស្តីទី​ ដើម្បីពង្រឹងពង្រីកចំណងមិ​ត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ​ នឹង​ចូលរួមក្នុងពិធីពិសារអា​ហារស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជាលើកទី៨ផងដែរ៕ ​

 

Daily Program

Livesteam thumbnail