សិលានៅទីនេះ៖ ខួប ៤០០ ឆ្នាំនៃសាលវិហារសន្តសិលា
វាមានរយៈពេល ៤០០ ឆ្នាំមកហើយ ចាប់តាំងពីការឆ្លងវិសាលវិហារសន្តសិលា (St. Peter’s Basilica) ក្នុងទីក្រុងរ៉ូម។ ដើម្បីអបអរសាទរខួបនេះ វ៉ាទីកង់បានដាក់ចេញនូវគំនិតផ្តួចផ្តើមពិសេសៗជាបន្តបន្ទាប់។ ការកែលម្អផ្សេងៗត្រូវបានធ្វើឡើង ដើម្បីសម្រួលដល់ការចូលទស្សនារបស់ភ្ញៀវទេសចរ។ តំបន់ដែលធ្លាប់តែបិទជិតសម្រាប់សាធារណជន ត្រូវបានបើកឱ្យចូលឡើងវិញ ការធ្វើដំណើរទៅកាន់ដំបូលខ្ពស់ (Terrace) ត្រូវបានពង្រីក ហើយផ្លូវធម្មយាត្រាថ្មីមួយដែលដើរតាមដានជើងរបស់សន្តសិលា និងសន្តប៉ូល ឆ្លងកាត់ទីក្រុងរ៉ូម ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ផងដែរ។ កម្មវិធីរំលឹកខួបនេះបានចាប់ផ្តើមនៅថ្ងៃទី ២០ ខែកុម្ភៈ ហើយនឹងបញ្ចប់នៅថ្ងៃទី ១៨ ខែវិច្ឆិកា ជាមួយនឹងពិធីបុណ្យអភិបូជា ដែលដឹកនាំដោយសម្តេចប៉ាប ឡេអូ ទី ១៤ (Pope Leo XIV)។
ទោះជាយ៉ាងណាក៏ដោយ ក្រៅពីព្រឹត្តិការណ៍ និងការអបអរសាទរទាំងនេះ មានឃ្លាដ៏សាមញ្ញមួយដែលស្ថិតនៅចំកណ្តាលនៃខួបលើកនេះ គឺ៖ «សិលានៅទីនេះ»។
«សិលានៅទីនេះ» — ទីកន្លែងពិត បុរសពិត
នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ១៦២៦ វិសាលវិហារបច្ចុប្បន្នត្រូវបានឆ្លងជាផ្លូវការ ដោយជំនួសវិហារចាស់តាំងពីសតវត្សទី ៤ ដែលសាងសង់ដោយស្តេចកុងស្តង់តាំង (Constantine)។ សំណង់មុននោះបានឈរជើងអស់រយៈពេលជិត ១២០០ ឆ្នាំ នៅលើទីតាំងដែលគ្រីស្តបរិស័ទជឿថា (ផ្នូរ) របស់គ្រីស្តទូតសិលា។
នៅក្រោមអាសនៈវិសាលវិហារ ក្រោមអាសនៈនៃការលើកលែងទោស (Altar of the Confession) និងនៅជិតផ្នូរនោះ មានសិលាចារឹកភាសាក្រិកបុរាណមួយសរសេរថា៖ “Pétros ení” ដែលមានន័យថា «សិលានៅទីនេះ»។ ទាំងនេះមិនមែនជាពាក្យតំណាងជានិមិត្តរូបនោះទេ ប៉ុន្តែវាសំដៅទៅលើផ្នូរពិត និងបុរសពិតម្នាក់។
អស់ជាច្រើនសតវត្សមកហើយ ទីតាំងពិតប្រាកដនៃផ្នូររបស់លោកសិលានៅតែមានភាពមិនច្បាស់លាស់។ លុះត្រាតែដល់សតវត្សទី ២០ តាមរយៈកំណាយយ៉ាងហ្មត់ចត់នៅក្រោមវិសាលវិហារ ទើបភស្តុតាងកាន់តែច្បាស់លាស់បានលេចឡើង។ ក្នុងចំណោមរបកគំហើញទាំងនោះ មានសិលាចារឹកដ៏សាមញ្ញមួយ ដែលទំនងជាត្រូវបានឆ្កូតសរសេរដោយអ្នកធ្វើធម្មយាត្រាគ្រីស្តបរិស័ទជំនាន់ដើម ប្រហែលជាធ្វើឡើងដោយសម្ងាត់ក្នុងអំឡុងពេលមានការធ្វើទុក្ខបុកម្នេញ។
អ្នកបុរាណវិទូ ម៉ាហ្ហេរីតា ហ្គាឌូឈី (Margherita Guarducci) បានសិក្សាទីតាំង និងសិលាចារឹកនោះដោយភាពអត់ធ្មត់ និងហ្មត់ចត់បំផុត។ ដោយមានការគាំទ្រពីសម្តេចប៉ាប ប៉ូល ទី ៦ (Pope Paul VI) ការស្រាវជ្រាវរបស់លោកស្រីបានជួយបញ្ជាក់ថា វិសាលវិហារនេះពិតជាសាងសង់នៅលើផ្នូរ និងធាតុរបស់លោកសិលាមែន។ វាជារឿងដ៏អស្ចារ្យដែលគួរឱ្យគិតថា ចេញពីបំណែកសិលាចារឹកតូចមួយ បានក្លាយជាការបញ្ជាក់យ៉ាងច្បាស់ឡើងវិញ។ ចេញពីស្នាមឆ្កូតដែលលាក់កំបាំងនោះ បានបង្កើតជាទំនុកចិត្តថា វិហារដ៏ធំស្កឹមស្កៃ និងរុងរឿងនេះ សាងសង់ឡើងនៅលើអដ្ឋិធាតុរបស់អ្នកនេសាទម្នាក់មកពីស្រុកកាលីឡេ។
សិលាក៏ដូចជាពួកយើង
ក្នុងសៀវភៅ "Pietro – Un uomo nel vento" (សិលា - បុរសក្នុងចរន្តខ្យល់) លោករ៉ូបឺតូ បេនីនី (Roberto Benigni) ជាតួសម្តែង ជាអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងជនជាតិអ៊ីតាលី បានឆ្លុះបញ្ចាំងពីភាពជាមនុស្សរបស់លោកសិលា។ លោកបានសរសេរថា៖ «លោកសិលាគឺដូចជាពួកយើងដែរ... គាត់ចេះខឹង ធ្វើអ្វីតាមអារម្មណ៍ ធ្វើខុស យល់ច្រឡំ យំ សើច ដេកលក់ ឈឺចាប់ រីករាយ និងចេះរំជួលចិត្ត»។
ទស្សនៈនេះ បានឆក់យកបេះដូងនៃរឿងរ៉ាវរបស់លោកសិលា។ លោកមិនមែនជារូបសំណាក ដែលនៅឆ្ងាយដាច់ស្រយាលនោះទេ។ លោកមានភាពទន់ខ្សោយ និងឆាប់ទទួលប្រតិកម្ម។ លោកចេះភ័យខ្លាច។ លោកបានបដិសេធមិនស្គាល់ព្រះយេស៊ូនៅក្នុងគ្រាដ៏សំខាន់បំផុត។ លោកបានរារែកនៅពេលដែលគេរំពឹងថា លោកនឹងត្រូវឈរឱ្យបានរឹងមាំ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី លោកនៅតែបន្តដំណើរ។
យើងទាំងអស់គ្នា នៅពេលណាមួយ តែងតែរកឃើញភាពទន់ខ្សោយរៀងៗខ្លួន។ យើងបរាជ័យ ជួនកាលក្នុងពេលដែលវាសំខាន់បំផុត។ ដូចពាក្យមួយបានបង្ហាញថា៖ «អ្វីដែលសំខាន់បំផុតក្នុងជីវិត គឺមិនមែនរៀនតាមសាលា ហើយក៏មិនមែនគេបង្រៀននោះដែរ ប៉ុន្តែគឺជាអ្វីដែលយើងបានជួបប្រទះផ្ទាល់»។ ការជួបរបស់លោកសិលាជាមួយព្រះគ្រីស្តដែលបានរស់ឡើងវិញ បានផ្លាស់ប្តូរជីវិតរបស់លោក។
សំណួរសំខាន់ៗ
បន្ទាប់ពីការរស់ឡើងវិញ ព្រះយេស៊ូមិនបានសួរលោកសិលាឱ្យបកស្រាយពីកំហុសរបស់លោកនោះទេ។ ផ្ទុយទៅវិញ ទ្រង់បានសួរនូវសំណួរផ្សេងមួយទៀតថា៖ «តើអ្នកស្រឡាញ់ខ្ញុំឬទេ?»
សំណួរក្នុងព្រះគម្ពីរនោះ បានបន្លឺឡើងពេញមួយប្រវត្តិសាស្ត្រ។ វាមិនមែនជាសំណួរថា «តើអ្នកមិនដែលបរាជ័យមែនទេ?» ប៉ុន្តែគឺ «តើអ្នកស្រឡាញ់ខ្ញុំឬទេ?» នេះជាមូលហេតុដែលរឿងរបស់លោកសិលាមានឥទ្ធិពលយ៉ាងខ្លាំង ជាពិសេសក្នុងអំឡុងរដូវអប់រំពិសេស (Lent)។ រដូវនេះឆ្លុះបញ្ចាំងពីដំណើរជីវិតរបស់លោក៖ លោកបរាជ័យ លោកយំសោក លោករង់ចាំ លោកទទួលបានការអត់ទោស ហើយលោកត្រូវបានបញ្ជូនឱ្យទៅបំពេញបេសកកម្មម្តងទៀត។
អ្នកសារព័ត៌មានជនជាតិអ៊ីតាលី អានដ្រេ មុនដា (Andrea Monda) បានសរសេរថា៖ «យើងត្រូវតែរំលឹកការចងចាំឡើងវិញ ដើម្បីស្វែងរកខ្លួនឯងឃើញម្តងទៀត ដើម្បីស្វែងរកសម្រស់ដ៏ទន់ខ្សោយ ប៉ុន្តែអស្ចារ្យរបស់យើងឡើងវិញ។ វាមានសមត្ថភាពបង្កើតថ្មីដោយអាថ៌កំបាំង ដូចជារឿងរ៉ាវរបស់លោកសិលា។ រឿងរ៉ាវរបស់សិលា គឺជារឿងរ៉ាវរបស់យើងម្នាក់ៗ។ រឿងដែលយើងបានបំភ្លេច បោះចោល និងបដិសេធ។ ប៉ុន្តែនៅទីបញ្ចប់ យើងនឹងរកវាឃើញវិញ»។
នេះគឺជាអត្ថន័យដ៏ជ្រាលជ្រៅនៃខួប ៤០០ ឆ្នាំនេះ។ វាមិនមែនគ្រាន់តែជាការរំលឹកកាលបរិច្ឆេទប្រវត្តិសាស្ត្រប៉ុណ្ណោះទេ។ ដូចដែលលោកកាឌីណាល់ ម៉ូរ៉ូ ហ្គាំបេតទី (Mauro Gambetti) បានពន្យល់ថា វាគឺជាការ «នាំត្រឡប់មកកាន់បេះដូងវិញ» នូវអ្វីដែលផ្តល់ជីវិត និងសេចក្តីសង្ឃឹម។
មានរឿងរ៉ាវប្រពៃណីមួយបាននិទានថា លោកសិលាបានរត់គេចចេញពីទីក្រុងរ៉ូមក្នុងអំឡុងពេលការធ្វើទុក្ខបុកម្នេញ។ នៅតាមផ្លូវអាពៀន (Appian Way) លោកបានជួបបុរសម្នាក់កំពុងលីឈើឆ្កាង។ ដោយស្គាល់ថាជាព្រះយេស៊ូ លោកក៏សួរថា៖ “Domine, quo vadis?” ដែលមានន័យថា «ព្រះអម្ចាស់អើយ តើទ្រង់យាងទៅណា?» ព្រះយេស៊ូមានបន្ទូលតបថា៖ «យើងកំពុងទៅទីក្រុងរ៉ូម ដើម្បីទទួលការឆ្កាងម្តងទៀត»។ សិលាក៏យល់ភ្លាម។ ប្រសិនបើលោកបោះបង់បេសកកម្មរបស់លោក ព្រះគ្រីស្តនឹងត្រូវឈឺចាប់ម្តងទៀតជំនួសលោក។ លោកក៏បានត្រឡប់ក្រោយវិញ។ ខ្យល់ដែលធ្លាប់បាននាំលោកមកពីស្រុកកាលីឡេ ឥឡូវនេះបាននាំលោកទៅកាន់ទីក្រុងរ៉ូម — ឆ្ពោះទៅរកផ្លូវនៃមរណសាក្សី ការលះបង់ជីវិតដើម្បីសាសនា និងសេចក្តីស្រឡាញ់។
សារនៃរដូវអប់រំពិសេសក្នុងឆ្នាំព្រះមហាករុណាទិគុណ
បួនសតវត្សបន្ទាប់ពីការឆ្លងរួចមក វិសាលវិហារសន្តសិលានៅតែបន្តស្វាគមន៍អ្នកធ្វើធម្មយាត្រាមកពីជុំវិញពិភពលោក។ នៅក្រោមថ្មម៉ាប និងមាសដ៏ប្រណីត គឺជាធាតុរបស់បុរសម្នាក់ដែលធ្លាប់តែញាប់ញ័រដោយភាពភ័យខ្លាច ប៉ុន្តែក្រោយមកបានឈរយ៉ាងរឹងមាំក្នុងជំនឿ។
សារនេះមានភាពសាមញ្ញផង និងជ្រាលជ្រៅផង៖ ព្រះជាម្ចាស់មិនបានសាងសង់ព្រះសហគមន៍របស់ទ្រង់នៅលើមនុស្សដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែនៅលើបេះដូងដែលត្រូវបានអត់ទោសឱ្យ។
ក្នុងរដូវអប់រំពិសេសនេះ ពាក្យពេចន៍នៅក្រោមអាសនៈបានបន្លឺឡើងម្តងទៀតថា៖ «សិលានៅទីនេះ»។
- សិលានៅទីនេះ នៅគ្រប់ទីកន្លែងដែលមាននរណាម្នាក់ដួល ហើយក្រោកឈរឡើងវិញ។
- សិលានៅទីនេះ នៅគ្រប់ទីកន្លែងដែលមាននរណាម្នាក់យំសោក ហើយចាប់ផ្តើមជាថ្មី។
- សិលានៅទីនេះ នៅគ្រប់ទីកន្លែងដែលមាននរណាម្នាក់ ទោះបីជាមានភាពទន់ខ្សោយ ក៏នៅតែអាចនិយាយបានថា៖ «ព្រះអម្ចាស់អើយ ទ្រង់ជ្រាបហើយថា ទូលបង្គំស្រឡាញ់ទ្រង់»៕