សហរដ្ឋអាមេរិកស្នើបទឈប់បាញ់ ខណៈជម្លោះតំបន់ហ្គាហ្សាបន្តក្តៅគគុក
សហរដ្ឋអាមេរិកបានស្នើនូវសេចក្តីព្រាងសេចក្តីសម្រេចមួយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យមានបទឈប់បាញ់ជាបណ្តោះអាសន្ននៅតំបន់ ហ្គាហ្សា។កាលពីមុន ទីក្រុងវ៉ាស៊ីនតោនតែងតែជៀសវាងការប្រើពាក្យ «បទឈប់បាញ់» ក្នុងអំឡុងពេលពិភាក្សា ឬក៏ពិគ្រោះយោបលនៅគ្រប់វេទិកានៃ អង្គការសហប្រជាជាតិស្តីពីជម្លោះនៅហ្គាហ្សា។
សំណើនេះជាលើកទីមួយហើយ ដែលសហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានបទឈប់បាញ់បណ្តោះអាសន្ននៅហ្គាហ្សា បន្ទាប់ពីបានប្រើសិទ្ធវេតូនៅរាល់ការសម្រេចចិត្តផ្តល់ដំណោះស្រាយជាច្រើនអំពីជម្លោះនៅហ្គាហ្សា។
របាយការណ៍បង្ហាញថា កិច្ចពិភាក្សានឹងចាប់ផ្តើមលើសេចក្តីព្រាងរបស់សហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ ប៉ុន្តែវាមិនច្បាស់ទេថាតើសំណើនេះនឹងត្រូវបោះឆ្នោតអនុម័តឬអត់។
កាលពីថ្ងៃចន្ទ រដ្ឋសមាជិកចំនួន ២៦ នៅសហភាពអឺរ៉ុបបានអំពាវនាវឱ្យមានការផ្អាកសកម្មភាពមួយចំនួន ដែលនឹងនាំឱ្យមានបទឈប់បាញ់ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ហ្គាហ្សា។
នៅឯការជួបជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ប្រទេសសហភាពអឺរ៉ុបទាំងអស់ លើកលែងតែប្រទេសហុងគ្រី បានព្រមានអ៊ីស្រាអែលប្រឆាំងនឹងការបើកការវាយប្រហារលើទីក្រុងរ៉ាហ្វាស ដែលពួកគេបាននិយាយថានឹងបង្កើនស្ថានភាពជនភៀសខ្លួននៅក្នុងទីក្រុងកាន់តែធ្ងន់ធ្ងរ៕