សម្តេច ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះការបាត់បង់ លោក លី ខឺឈាង អតីតនាយករដ្ឋមន្រ្តីចិន
សម្តេច ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះការបាត់បង់ លោក លី ខឺឈាង អតីតនាយករដ្ឋមន្រ្តីចិន
សម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុម គ្រួសារនៃសពប្រជាជនចិន និងបក្សកុម្មុយនិស្តចិន ចំពោះការបាត់បង់ លោក លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្រ្តីចិន និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ។
នេះបើយោងតាមលិខិតសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើជូនលោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។
សម្តេចបានលើកឡើងថា ៖ «ខ្ញុំមានសេចក្តីក្រៀមក្រំជាទីបំផុត ដោយបានដឹងពីមរណភាពនៅទីក្រុងសៀងហៃ នៅព្រឹកមិញនេះ របស់ ឯកឧត្ដម Li Keqiang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយន គណៈកម្មាធិការកណ្តាលទី១៧, ១៨ និងទី ១៩ នៃបក្សកុម្មុយនិស្តចិន និងជាអតីតនាយករដ្ឋមន្ត្រីនៃ ក្រុមប្រឹក្សារដ្ឋ មរណភាពរបស់ឯកឧត្តម តំណាងឱ្យការបាត់បង់ដ៏ធំមួយសម្រាប់ប្រជាជនចិន និងបក្ស»។
សម្តេចបន្តថា លោក លី គឺជាមិត្តដ៏ល្អរបស់កម្ពុជា ហើយប្រជាជនកម្ពុជានឹងចងចាំជានិច្ចនូវការរួមចំណែកដ៏មាន តម្លៃរបស់ឯកឧត្តមចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ ដែលត្រូវបានគូសបញ្ជាក់ដោយទំនាក់ទំនងនយោបាយដ៏រឹងមាំរវាងគណបក្សទាំងពីរ។
សម្តេចបន្តថា ៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះឯកឧត្តម ក្រុម គ្រួសារនៃសព ប្រជាជនចិន និងបក្សកុម្មុយនិស្តចិន ចំពោះការបាត់បង់រដ្ឋបុរសដ៏អស្ចារ្យម្នាក់។ សូម វិញ្ញាណក្ខន្ធឯកឧត្តម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
សូមបញ្ជាក់ដែរថា លោក លី ខឺឈាង អតីតនាយករដ្ឋមន្ត្រីចិន បានទទួលមរណភាពកាលពីយប់ម៉ោង១ ឈានចូលថ្ងៃទី២៧ ខែតុលានេះ ដោយសារជំងឺគាំងបេះដូងភ្លាមៗ ក្នុងវ័យ៦៨ឆ្នាំ៕