សម្តេចប៉ាប ផ្ញើសាររំលែកទុក្ខ ការរអិលបាក់ដីនៅប៉ាពួញូវហ្គីណេ
សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានថ្លែងនូវទុក្ខសោក និងអធិដ្ឋាន សម្រាប់ជនរងគ្រោះដោយការបាក់ដីកាលពីពេលថ្មីៗនេះ នៅប៉ាពួញូហ្គីណេ ដែលបានកំពុងតែកប់មនុស្សរាប់ពាន់នាក់។
សម្តេចបានសម្តែងការសោកស្ដាយ និងបានផ្ញើការអធិដ្ឋានដល់ជនរងគ្រោះដោយការបាក់ដី ដែលបានកប់ភូមិទាំងមូល នៅប្រទេសនេះ។
លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន បានឲ្យដឹងថា សម្តេចប៉ាបបានសម្តែងការរំលែកទុក្ខដ៏ក្រៀមក្រំ និងបង្ហាញនូវសាមគ្គីភាពជាមួយក្រុមគ្រួសារដែលកំពុងមានទុក្ខ និងអ្នកទាំងអស់ដែលរងផលប៉ះពាល់ដោយសោកនាដកម្មនេះ។
សម្តេចប៉ាបបានអធិដ្ឋានចំពោះមនុស្សគ្រប់គ្នាដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ដោយអធិស្ឋានជាពិសេសសម្រាប់អ្នកស្លាប់ អ្នកដែលកាន់ទុក្ខចំពោះការបាត់បង់របស់ពួកគេ និងសម្រាប់ការជួយសង្គ្រោះមនុស្សជាច្រើនដែលនៅតែបាត់ខ្លួន។
គ្រោះបាក់ដីនេះបានកើតឡើងនៅព្រឹកថ្ងៃសុក្រនៅក្នុងខេត្ត អេនហ្គា ( Enga) ហើយបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធំធេង។
យោងតាមមជ្ឈមណ្ឌលគ្រោះមហន្តរាយជាតិរបស់ប្រទេសនេះបានឲ្យដឹងថា មនុស្សជាង ២ពាន់ នាក់ត្រូវបានគេជឿថា បានត្រូវកប់ទាំងរស់។ នៅពេលនេះដោយសារតែលក្ខខណ្ឌដ៏លំបាកនៃប្រតិបត្តិការជួយសង្គ្រោះ ដែលកំពុងដំណើរការចំពេលមានគំនរបាក់បែកដែលមានជម្រៅដល់ទៅ ១០ ម៉ែត្រនៅកន្លែងខ្លះ និងកង្វះឧបករណ៍ផងនោះ បានធ្វើឲ្យប្រតិតបត្តិការត្រូវជួបឧបសគ្គ។
ឥទ្ធិពលនៃគ្រោះរអិលបាក់ដីបានអូសបន្លាយជិតមួយគីឡូម៉ែត្រ ហើយបានកប់ភូមិទាំងស្រុងខណៈដែលភូមិនេះមានប្រជាជន ប្រហែល ៣ ៨០០ នាក់៕