សម្តេចប៉ាប ទទួលស្គាល់ឥទ្ធិពលនៃអវត្តមានសាមគ្គីភាពនិងភាតរភាព
សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ បានគូសបញ្ជាក់ពីតម្រូវការក្នុងការទទួលស្គាល់ និងដោះស្រាយជាបន្ទាន់នូវផលប៉ះពាល់អវិជ្ជមាននៃអវត្តមាននូវចំណងសាមគ្គីភាពនិងភាតរភាពរបស់មនុស្សជាតិ នៅលើពិភពលោក។
សម្តេចប៉ាបបានមានបន្ទូល ថា៖ «ផលប៉ះពាល់អវិជ្ជមាននៃការបំផ្លិចបំផ្លាញបរិស្ថាន និងការខូចខាតសង្គមនៅតែបន្តបង្កឱ្យមានទុក្ខវេទនាយ៉ាងធំធេងសម្រាប់មនុស្សជាតិជុំវិញពិភពលោក»។
តាមរយៈសារដែលបានចេញនៅថ្ងៃទី៤ ខែកុម្ភៈ ទៅកាន់លោក មូហាមេត អាដេលសាឡាម ( Mohamed Abdelsalam) អគ្គលេខាធិការនៃពានរង្វាន់ Zayed សម្រាប់ភាតរភាពមនុស្ស ខណៈដែលកំពុងប្រារព្ធទិវាភាតរភាពអន្តរជាតិឆ្នាំ ២០២៤ សម្តេចប៉ាបបានមានបន្ទូលថា មនុស្សគ្រប់គ្នាសូម យកចិត្តទុកដាក់លើគោលការណ៍ដែលអាចដឹកនាំមនុស្សជាតិគេចចេញពី ស្រមោលងងឹតនៃភាពអយុត្តិធម៌ ការស្អប់ខ្ពើម និងសង្គ្រាម តាមរយៈការលើកកំពស់សាមគ្គីភាព និងភាតរភាព។
សម្តេចប៉ាបបានបញ្ជាក់ថា ៖ «សកម្មភាពទាំងនោះរួមមានការស្រឡាញ់ ការអត់ឱនចំពោះអ្នកដែលមានភាពខុសគ្នា ការមើលថែយ៉ាងពិតប្រាកដសម្រាប់អ្នកក្រ និងអ្នកមានជំងឺ ជាពិសេសកុមារ និងការជួយស្តារអ្នកទោស ដើម្បីឲ្យពួកគេធ្វើសមាហរណកម្មក្នុងសង្គមឡើងវិញ»៕