សម្តេចប៉ាប៖ មនុស្សចាស់គឺជាពរជ័យ មិនមែនជាបន្ទុកទេ

មានព្រះបន្ទូលទៅកាន់គ្រីស្តបរិស័ទវ័យចាស់ៗ នៅបុរីវ៉ាទីកង់ដែលបានចូលរួមកម្មវិធីមួយដែលរៀបចំឡើងនៅក្នុងទីក្រុងរ៉ូម ពីថ្ងៃទី២ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា មនុស្សចាស់គឺជាពរជ័យនិងជាកេរ្តិ៍ដំណែលដែលផ្តល់នូវភាពស្វាហាប់របស់ព្រះសហគមន៍។
កម្មវិធីនេះរៀបចំឡើងដោយក្រសួងទទួលបន្ទុកគ្រហស្ថ គ្រួសារនិងជីវិត កាលពីថ្ងៃសុក្រសប្តាហ៍មុន សម្តេចប៉ាបបានមានបន្ទូលថា ក្រុមមនុស្សវ័យក្មេងនិងមនុស្សវ័យចំណាស់មិនអាចអត់គ្នាបានទេ ហើយបានរំលឹកថា អតីតសម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅពេលមានព្រះជន្ម គឺតែងតែចង់ឃើញមនុស្សចាស់និងមនុស្សវ័យក្មេងមានសម្ព័ន្ធភាពល្អជាមួយគ្នា។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ជីវិតគឺជាដំណើរផ្សងព្រេងដ៏អស្ចារ្យមួយ ដូច្នេះមនុស្សក៏ត្រូវការការជួយគ្នាទៅវិញទៅមក មនុស្សចាស់គឺជាកេរ្តិ៍ដំណែល នៃបទពិសោធន៍ដ៏សំបូរបែប ហើយទ្រង់បានសំណូមពរ សូមកុំបោះបង់ចោលនរណាម្នាក់ចោលឡើយ និងកុំគិតថាមនុស្សចាស់គ្មានប្រយោជន៍ ព្រោះគ្រប់គ្នាសុទ្ធតែមានប្រយោជន៍សម្រាប់សង្គម៕
Daily Program
