សម្តេចប៉ាបអធិដ្ឋានសុំសន្តិភាព និងដំណោះស្រាយរដ្ឋពីរសម្រាប់ប៉ាឡេស្ទីននិងអ៊ីស្រាអែល
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអធិដ្ឋាន និងទូលអង្វររកសន្តិភាពពិភពលោក ដោយសង្កត់ធ្ងន់លើផលវិបាកដ៏អាក្រក់នៃសង្រ្គាម។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
នៅពេលដែលទ្រង់ជួបជាមួយនឹងគ្រីស្តបរិស័ទនៅក្នុងកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍នៅថ្ងៃពុធ សម្តេចប់ាបបានជំរុញគ្រីស្តបរិស័ទបន្តការអធិដ្ឋានសម្រាប់តំបន់ដែលរងគ្រោះដោយជម្លោះ ដូចជាអ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល និងមីយ៉ាន់ម៉ា។
សម្តេចប៉ាបបានលើកទឹកចិត្តឲ្យពិភបលោកបន្តការតស៊ូមតិសម្រាប់ដំណោះស្រាយដោយសន្តិវិធី និងការផ្សះផ្សា។
ទ្រង់បានរំលឹកថា សង្រ្គាមតែងតែជាការបរាជ័យ ហើយអ្នកដែលចំណេញពីសោកនាដកម្មទាំងនេះ គឺជាក្រុមហ៊ុនផលិតអាវុធ។
សម្តេចប៉ាបមានបន្ទូលថា ៖ «អនុញ្ញាតឱ្យយើងអធិដ្ឋានសម្រាប់សន្តិភាព សម្រាប់ពិភបលោកទាំងមូល»។
សម្តេចប៉ាបក៏បានបញ្ជាក់ផងដែរថា ៖ «យើងត្រូវតែអធិស្ឋានសម្រាប់មជ្ឈិមបូព៌ា និងជាពិសេសសម្រាប់តំបន់ហ្គាហ្សា ទីនោះពលរដ្ឋរងទុក្ខវេទនាខ្លាំងណាស់»។
សម្តេចប៉ាបបានអធិដ្ឋានសុំសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដើម្បីឱ្យពួកគេក្លាយជារដ្ឋពីរ មានសេរីភាព និងមានទំនាក់ទំនងល្អ។
ទ្រង់បានបញ្ចប់ថា សូមឲ្យយើងអធិស្ឋានសុំសេចក្ដីសុខ៕